ទឹកប្រៃ​ជ្រៀត​ចូល​ស្រែ​បន្ត​បំផ្លាញ​ស្រូវ​កសិករ​នៅ​តំបន់​ជាប់​មាត់​សមុទ្រ​កម្ពុជា

អ្នកស្រី ទន់ ឡាង ជា​កសិករក្នុងខេត្តកំពត ដែលរងគ្រោះដោយសារទឹកប្រៃហូរចូលស្រែ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

លោក ប្រាក់ ញ៉ន រស់នៅ​ក្នុង​ស្រុក​កំពង់ត្រាច ខេត្តកំពត បាន​រៀបរាប់​ប្រាប់​វីអូអេ​ថា​ លោក​អស់ក្តីសង្ឃឹម ​ដោយសារ​ស្រែ​របស់​លោក​បន្ត​ខូច​នៅ​ឆ្នាំនេះ ដូច​ឆ្នាំមុន​ដែរ​ ក្រោយ​លោក​ស្ទូង​បាន​រយៈពេល​ប្រមាណ​ ១០ថ្ងៃ។ លោក​អះអាង​ថា ដីស្រែ​របស់​លោកមាន​ជាតិ​ប្រៃ ដោយសារ​ទឹកសមុទ្រ​ហូរ​ចូល​ជា​រៀង​រាល់ឆ្នាំ។

លោក​ថ្លែង​ថា៖ «មើល​នៅ​ក្នុង​ទឹក​ ឃើញសាប​ទេ ប៉ុន្តែ​យក​សំណាប​មក​ស្ទូង វា​ងាប់ ឡើង​ក្រហម ជាតិ​ប្រៃ​នៅ​ក្នុង​ដី ហើយ​អ៊ីចឹង​សំណាប វា​អត់​លាស់ វា​ងាប់​ទៅ​វិញ មិន​នឹកស្មាន​ថា ​វា​មាន​ជាតិ​ប្រៃ​នៅ​ក្នុង​ដី ព្រោះ​យើង​លិឍ​ទឹក​ទៅ វា​សាប​ ដល់​យក​មក​ស្ទូង វា​ប្រៃ វា​ងាប់​សំណាប​អស់»។

លោក ប្រាក់​ ញ៉ន ជា​កសិករម្នាក់​ក្នុង​ចំណោម​កសិករ​ជាច្រើន​ផ្សេង​ទៀត ដែល​រស់នៅ​ក្បែរ​ព្រែក​ក្នុង​ខេត្តជាប់មាត់សមុទ្រ​នៃ​ប្រទេស​កម្ពុជា ដែល​ងាយ​រងគ្រោះ​នឹង​ទឹកប្រៃ​ជ្រៀត​ចូលស្រែ នៅ​ពេល​ទឹក​សមុទ្រឡើង។ កសិករ​រូប​នោះ​មាន​ដីស្រែប្រមាណ​ ៣០ អា ក្នុង​ឃុំ​ស្វាយទង​ខាង​ត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត។ កសិករ​អាយុ​ ៥៥ ឆ្នាំរូបនេះ​ថ្លែង​ថា ​ទឹកសមុទ្រ​បាន​ហូរ​ចូលស្រែ​របស់​លោក​ជារៀងរាល់ឆ្នាំ ហើយពីរឆ្នាំ​ជាប់គ្នា​នេះ លោក​មិន​អាច​ធ្វើស្រែ​ទទួលបាន​ផល​ឡើយ ហើយ​លោក​បាន​ខាត​បង់ប្រាក់​នៅ​ឆ្នាំនេះ ប្រមាណ​១ លាន​រៀល។

លោក ប្រាក់ ញ៉ន ជាកសិករក្នុងខេត្តកំពត ដែលរងគ្រោះដោយសារទឹកប្រៃហូរចូលស្រែ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

«ខ្ញុំ​មាន​អារម្មណ៍​ថា​សោកស្តាយ​ដែរ​សំណាប ព្រោះ​យើង​ជួលគេ​អស់ច្រើន​ដែរ​ ប៉ុន្តែ​វា​អត់​បាន​ទទួល​ផល​ វា​ខូច​ខាត​អ៊ីចឹង​អស់​ទៅ សោកស្តាយ​ដែរ ប៉ុន្តែ​មិន​ដឹង​ធ្វើ​ម៉េច វា​ខូច​ទៅ​ហើយ»។

លោក ប្រាក់​ ញ៉ន រៀបរាប់​ទៀតថា៖ «ចិត្ត​ខ្ញុំ​ ទៅថ្ងៃ​មុខទៅ បារម្ភដែរ​ ពីព្រោះ​វា​មួយឆ្នាំ​ទៅ​មួយឆ្នាំ ចេះ​តែ​ព្យុះ ហើយ​ទឹកជំនន់ ហើយ​ទឹក​ប្រៃ​ វា​ចេះ​តែ​បារ​ឡើង ជោរ​ទឹក លិច​សំណាប លិចស្រូវ ប្រជាពលរដ្ឋ​ទាំង​របស់​ខ្ញុំ​របស់​អី លិច​គ្រប់តែគ្នា​អ៊ីចឹង​ទៅ»។

មិនឆ្ងាយ​ប៉ុន្មាន​ពីលោក ប្រាក់ ញ៉ន អ្នកស្រី សួស សុវណ្ណ រស់នៅ​ក្នុង​ឃុំ​អង្កោល ស្រុក​ដំណាក់​ចង្អើរ ខេត្តកែប ក៏​រង​គ្រោះ​ពី​ទឹកសមុទ្រ​ជ្រៀត​ចូល​ស្រែ​របស់​អ្នកស្រី​ផង​ដែរ។ អ្នកស្រី​បានថ្លែងថា​ អ្នកស្រី​មិន​អាច​ព្រោះ​ស្រូវ​បាន​ផល​ឡើយ ​រយៈពេល​ពីរឆ្នាំ​ជាប់​គ្នា ដោយសារ​ដី​ស្រែរងគ្រោះពី​ទឹកសមុទ្រ​ហូរ​ចូល​ជា​រៀងរាល់​ឆ្នាំ។

អ្នកស្រី សួស សុវណ្ណ អាយុ​ ៥៦ឆ្នាំ បាន​ថ្លែង​ថា​៖ «ពីមុន​មក​អត់អី វា​មាន​ជីវជាតិ​ល្អ ហើយ​ដល់​ឥឡូវ​ទើប​ពីរឆ្នាំ​ហ្នឹង យើង​ធ្វើ​អត់​បាន មិន​ដឹង​ម៉េចដែរ។ យើង​ទើប​ធ្វើ​អត់​បាន​ឥឡូវហ្នឹង ពី​មុន​មក យើង​ធ្វើ​បាន​ហូប»។

ដោយសារ​មិនអាច​ធ្វើស្រែ​បាន អ្នកស្រី​ត្រូវចំណាយប្រាក់​ជាង​ ៣០០ ដុល្លារ​ ដើម្បី​ទិញ​អង្ករ​ហូប​ក្នុង​រយៈពេល​មួយឆ្នាំ​កន្លង​ទៅ ហើយ​ប្រាក់​ទាំង​នោះ​ជា​ការ​ផ្គត់ផ្គង់​របស់​កូនៗ។

អ្នកស្រី សួស សុវណ្ណ ជាកសិករក្នុងខេត្តកែប ដែលរងគ្រោះដោយសារទឹកប្រៃហូរចូលស្រែ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

អ្នកស្រី​ថ្លែង​ថា៖ «យើង​ធ្វើស្រែ​អត់បាន​ យើង​លំបាក​ហើយ យើង​អត់មាន​មុខ​របរអី ដូចថា​រក​ចំណូល​បាន​ច្រើន​ អាច​ទិញស្រូវ ទិញអង្ករ​អី​ហូប​បាន​គ្រប់គ្រាន់»។

កសិករ​ដែល​រស់នៅ​ក្បែរ​ព្រែក​តែងតែ​រងគ្រោះ ដោយសារ​ទឹក​សមុទ្រ​ហូរ​ចូលស្រែ​របស់​ពួកគេ​ ចាប់ពី​ខែ​តុលា ដល់​ខែធ្នូ ជា​រៀងរាល់​ឆ្នាំ។ បើទោះ​ទឹកសាប​ហូរ​ចូលស្រែ​លាង​ទឹកប្រៃ ក៏ដី​របស់​កសិករ​មួយ​ចំនួន​មិនមាន​ជីវជាតិ​ ដោយសារ​នៅ​សល់​សារធាតុ​ប្រៃ។

កសិករ​នៅក្នុង​ស្រុក​កំពង់ត្រាច ខេត្ត​កំពត​ផ្សេងទៀត​ដែល​វីអូអេ​បាន​សម្ភាសន៍ ក៏​បាន​រអ៊ូរទាំ​ទាក់ទង​នឹង​ទឹកប្រៃ​ហូរ​ចូល​ស្រែ​របស់​ពួកគេ​ផង​ដែរ។

កសិករ​ម្នាក់ លោក ហួន រៀន បាន​ថ្លែងថា៖ «ក្តីបារម្ភ​ហ្នឹង​ដូច​ថា​ទឹកប្រៃ តែ​ខែ ១០ ខែ ១១ ខែ​ ១២ ហ្នឹង វា​ចូល​មក យើង​បារម្ភ​ណាស់។ ត្រូវយើង​បាន​ផល ដល់​ទីបញ្ចប់​ អត់​បាន​ផល​ទេ»។

លោក ហួន រៀន ជា​កសិករក្នុងខេត្តកំពត ដែលរងគ្រោះដោយសារទឹកប្រៃហូរចូលស្រែ ថ្ងៃទី ៩ ខែសីហា ឆ្នាំ២០២២។ (ស៊ុន ណារិន/វីអូអេ)

ចំណែក​អ្នកស្រី ទន់ ឡាង កសិករ​ម្នាក់​ទៀត ថ្លែងថា ប្រជាពលរដ្ឋ​តែងតែ​ត្រៀម​ខ្លួន​ទប់​ទឹក​សមុទ្រ ពេល​ទឹក​ឡើង​ខ្ពស់។

អ្នកស្រី​ប្រាប់​វីអូអេ​ថា៖ «រាល់តែ​ថ្ងៃ រាល់តែ​ខែ ចាំ​មើលតែ​ទឹកហ្នឹង»។

កម្ពុជា​ជា​ប្រទេស​ងាយ​រង​គ្រោះ​បំផុត​ដោយសារ​ការ​ប្រែប្រួល​អាកាសធាតុ។​ កម្រិត​ទឹក​សមុទ្រ​ក៏​ត្រូវ​បាន​ព្យាករ​កើន​ឡើង ដោយសារ​ការ​ឡើង​កម្តៅ​ផែនដី ដែល​ជា​ក្តី​បារម្ភ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ក្បែរ​ដៃ​សមុទ្រ ហើយ​ជីវភាព​របស់​ពួកគេពឹង​ផ្អែក​លើ​ការ​ធ្វើ​ស្រែ និង​នេសាទ។

ទោះជា​យ៉ាងណា​ក្តី អ្នកស្រី សួស សុវណ្ណ ដែល​ជា​កសិករ​ក្នុង​ខេត្ត​កែប​ បាន​បញ្ជាក់​ថា​ អ្នកស្រី​ប្រហែល​ជា​សាកល្បង​ធ្វើស្រែនៅ​លើ​ដី​ក្រោយ​ផ្ទះ​របស់​អ្នកស្រី នៅ​ឆ្នាំ​ក្រោយ​ទៀត បើទោះ​មិន​ដឹង​ច្បាស់​ថា​ តើ​វា​នឹង​ទទួល​បាន​ផល​ ឬ​យ៉ាងណា​ក៏​ដោយ។

អ្នកស្រី​បាន​ថ្លែងថា៖ «ឆ្នាំក្រោយ​ទៀត ចាំមើល យើង​ធ្វើ​ទៀត​មើល វា​បាន​ឬ​ក៏អត់​ទៀត។ យើង​អាច​ធ្វើទៀត បើ​យើង​មាន​ស្រែ​ប៉ុណ្ណឹង​ បើ​យើង​មិនធ្វើ បាន​អី​ហូប»៕