របាយការណ៍​ថ្មី៖ កុមារ​រាប់​រយ​នាក់​ធ្វើ​ការ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នៅ​កម្ពុជា

កុមារ​រៀប​ឥដ្ឋ​ដើម្បី​ហាល​ក្រោម​កម្តៅ​ថ្ងស នៅ​រោងចក្រ​ផលិត​ឥដ្ឋ​មួយ​នៅ​ក្នុង​ភូមិ​ឈើទាល ខេត្ត​កណ្តាល កាលពី​ថ្ងៃទី២​ ខែឧសភា ឆ្នាំ២០១១។

លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​បដិសេធ​លើ​ការ​រកឃើញ​នេះ​ដោយ​អន្លើ។ លោក​និយាយ​ថា ការ​រកឃើញ​នេះ​ផ្អែក​ទៅ​លើ​ស្រាវជ្រាវ​របស់ «ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ»។

កុមារ​រាប់​រយ​នាក់​ធ្វើ​ការ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​ក្នុង​ប្រទេស​កម្ពុជា នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​មួយ​ទៅ​លើ​សិប្បកម្ម​ផលិតឥដ្ឋ​ទាំង​អស់​នៅ​កម្ពុជា​របស់​មជ្ឈមណ្ឌល​សាមគ្គីភាព​(Solidarity Center)។ ការ​ស្ទង់​មតិ​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​ចេញ​ផ្សាយ​នៅ​ពេល​ឆាប់ៗ​នេះ បើ​ទោះ​បី​ជា​អ្នក​នាំ​ពាក្យ​រាជរដ្ឋាភិបាល​បដិសេធការ​រក​ឃើញ​នៃ​របាយការណ៍​នេះ​ក្តី។​

កាលពី​ឆ្នាំ​មុន​ ក្រសួង​ការងារ​បាន​ធ្វើ​យុទ្ធនាការ​មួយ​ដើម្បី​បញ្ចប់​ពលកម្ម​កុមារ​នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ និង​បាន​ប្រកាស​ថា ក្រសួង​នឹង​បង្ក្រាប​លើ​ម្ចាស់​ឡ​ឥដ្ឋ​ណា​ដែល​នៅ​តែ​យក​កុមារ​មក​ធ្វើ​ការ។

ការ​ស្ទង់មតិ​នោះ​ត្រូវ​បាន​ធ្វើ​ឡើង​ភាគច្រើន​នៅ​ក្នុង​ខែ​កក្កដា ដោយ​មជ្ឈមណ្ឌល​សាមគ្គីភាព (Solidarity Center) ដែល​ជា​អង្គការ​សិទ្ធិ​ការងារ​មួយ​មាន​មូលដ្ឋាន​នៅ​សហរដ្ឋអាមេរិក និង​បាន​សហការ​ជាមួយ​នឹង​អង្គការ AFL-CIO ដែល​ជា​សហព័ន្ធ​ពលកម្ម​អាមេរិកាំង និង​សហព័ន្ធ​សហជីព​កម្មករ​សំណង់​និង​ព្រៃឈើ​កម្ពុជា ហៅ​កាត់​ថា BWTUC។ ការ​ស្ទង់​មតិ​នោះ​បាន​រកឃើញ​ថា អនីតិជន​ជិត​៤ពាន់​នាក់​រស់នៅ​ក្នុង​បរិវេណ​សិប្បកម្ម​ផលិត​ឥដ្ឋ​ដែល​កំពុង​មាន​ប្រតិបត្តិការ​ចំនួន​៤៦៤​នៅ​ទូទាំង​ប្រទេស ហើយ​កុមារ​ចំនួន​៦៣៨នាក់​ត្រូវ​បាន​គេ​ជួល​ឱ្យ​ធ្វើ​ការ​នៅ​តាម​ឡ​ឥដ្ឋ​ទាំង​នោះ។

លោក ឃុន ថារូ ដែល​ជា​អ្នក​សម្របសម្រួល​កម្មវិធី​របស់​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ក្នុង​រាជធានី​ភ្នំពេញ​ហៅ​កាត់​ថា សង់ត្រាល់ បាន​និយាយ​ថា ការ​អង្កេត​នេះ​បង្ហាញ​ថា យុទ្ធនាការ​របស់​រដ្ឋាភិបាល​មិន​មាន​ប្រសិទ្ធភាព​នោះ​ទេ​មក​ដល់​ពេល​នេះ និង​ថា​យុទ្ធនាការ​នោះ​មិន​បាន​កែប្រែ​ស្ថានភាព​ច្រើន​នោះ​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្តី ច្បាប់​ចម្លង​នៃ​របាយការណ៍​នោះ​ដែល​ VOA ទទួល​បាន​សរសេរ​ថា ចំនួន​កុមារ​ពិតប្រាកដ​ដែល​កំពុង​ធ្វើ​ការ​នៅតាម​ឡ​ឥដ្ឋ​អាច​នឹង​មាន​ច្រើន​ជាង​នេះ ដោយសារ​តែ​គេ​មិន​អាច​បែងចែក​រវាង​ចំនួន​កុមារ​រស់នៅ​ក្នុង​បរិវេណ​ឡ​ឥដ្ឋ និង​កុមារ​ដែល​ធ្វើ​ការ​នៅ​ទីនោះ។

លោក Laurie Parsons ដែល​ជា​សហនិពន្ធ​នៃ​របាយការណ៍​ខាង​លើ​បាន​និយាយ​នៅ​ក្នុង​បទសម្ភាសន៍​មួយ​ថា៖ «ខ្ញុំ​គិត​ថា មិន​មាន​ការ​បែងចែក​ច្បាស់​លាស់​រវាង​កុមារ​ចំនួន​៦០០នាក់ ឬ​លើស​ពី​នេះ និង​កុមារ​ជាង​៣ពាន់​នាក់​ផ្សេង​ទៀត ដែល​រស់នៅ​ទីនោះ​ទេ។ ក្នុង​ករណី​ភាគច្រើន កុមារ​ទាំង​នោះ​យ៉ាង​ហោច​ណាស់​ក៏​ធ្វើ​ការ​តិចតួច​ដែរ។ ខ្ញុំ​គិត​ថា មាន​កុមារ​តិច​ណាស់ ដែល​មិនបាន​ធ្វើ​ការ​ផលិត​ឥដ្ឋ​ទាល់​តែ​សោះ។ វា​ច្បាស់​ជា​មាន​ពេល​ដែល​គ្រួសារ​របស់​ពួកគេ​រវល់ ហើយ​មាន​ការ​បញ្ជា​ទិញ​ច្រើន ឬ​នៅ​ពេល​ដែល​ម្ចាស់​ឡ​ឥដ្ឋ​ដាក់​សម្ពាធ​ ឬ​គ្រួសារ​ទទួល​បាន​ប្រាក់​ឈ្នួល​ទៅ​តាម​ចំនួន​ឥដ្ឋ ឬ​ពួកគេ​ត្រូវ​ការ​ប្រាក់​បន្ថែម​ទៀត។ ពួកគេ​ទទួល​បាន​ប្រាក់​កាន់​តែ​ច្រើន​ នៅ​ពេល​ពួកគេ​អាច​ផលិត​ឥដ្ឋ​បាន​កាន់​តែ​ច្រើន ដូច្នេះ​ពួកគេ​នឹង​ឱ្យ​កូនៗ​របស់​ពួកគេ​ជួយ»។

លោក​និយាយ​ថា ជា​ឧទាហរណ៍ ការងារ​ភាគច្រើន​សម្រាប់​កុមារ​នៅ​សិប្បកម្ម​ផលិត​ឥដ្ឋ​គឺ​ជញ្ជូន​ឥដ្ឋ​ពី​ឡ​ឥដ្ឋ​ទៅ​ដាក់​នៅ​លើ​រថយន្ត​ដឹក​ឥដ្ឋ ឬក៏​អាច​ដាក់​ដីឥដ្ឋ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន​ដី​ឥដ្ឋ​ផង​ដែរ។ លោក​បន្ថែម​ថា៖ «ច្បាស់​ណាស់ នេះ​គឺ​ជា​ការងារ​ដ៏​គ្រោះថ្នាក់​»។

កាល​ពី​ខែ​មីនា ​ឆ្នាំ​មុន កុមារី​អាយុ១០ឆ្នាំ​ម្នាក់​បាន​បាត់បង់​ដៃ​របស់​នាង​ នៅ​ពេល​ដាក់​ដីឥដ្ឋ​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​កិន​ដី​ឥដ្ឋ។ លោក ហេង សួរ​ អ្នក​នាំពាក្យ​ក្រសួង​ការងារ​បាន​បដិសេធ​លើ​ការ​រកឃើញ​នេះ​ដោយ​អន្លើ។ លោក​និយាយ​ថា ការ​រកឃើញ​នេះ​ផ្អែក​ទៅ​លើ​ស្រាវជ្រាវ​របស់ «ក្រុម​អ្នក​ស្រាវជ្រាវ​ដែល​មិន​មាន​វិជ្ជាជីវៈ​ត្រឹមត្រូវ»។

លោក ហេង សួរ​ ​បាន​និយាយ​ថា៖ «មិន​មាន​ពលកម្ម​កុមារ​នៅ​ក្នុង​សិប្បកម្ម​ផលិត​ឥដ្ឋ​នោះ​ទេ»។

លោក ហេង សួរ បាន​និយាយ​ថា ក្រុម​មន្ត្រី​អធិការកិច្ច​របស់​ក្រសួង​បាន​ចុះ​ពិនិត្យ​គ្រប់​សិប្បកម្ម​ផលិត​ឥដ្ឋ​ទាំង​អស់​នៅ​ទូទាំង​ប្រទេស ប៉ុន្តែ​មិន​បាន​រក​ឃើញ​ថា មាន​ពលកម្ម​កុមារ​នោះ​ទេ។ លោក​បាន​និយាយ​ថា ក្នុង​ពេល​ចុះ​ត្រួតពិនិត្យ ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ អ្នក​គ្រប់គ្រង និង​ឪពុកម្តាយ​បាន​ចុះ​ហត្ថលេខា​លើ​លិខិត​យល់ព្រម​ ដោយ​អះអាង​ថា ពួកគេ​នឹង​មាន​ទោស​ព្រហ្មទណ្ឌ​ ប្រសិន​បើ​គេ​រកឃើញ​ថា មាន​កុមារ​ចូល​ទៅ​ក្នុង​កន្លែង​ផលិត​ឥដ្ឋ។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក Parsons បាន​និយាយ​ថា សូម្បី​តែ​កុមារ​ដែល​មិន​ធ្វើ​ការ​នៅ​ឡ​ឥដ្ឋ​ក៏​ប្រឈម​នឹង​ហានិភ័យ​ជាច្រើន​ដែរ។

លោក Parsons ​បាន​និយាយ​ថា គ្រោះថ្នាក់​ដែល​អាចកើត​មាន ​រួម​មាន​ដូចជា​ការរលាក​ភ្លើង​កម្តៅ​រាប់រយ​អង់ស្សាសេ​ដែល​គេ​ប្រើ​ដើម្បី​ដុត​ឥដ្ឋ ផ្សែង​ពុល​ចេញ​ពី​ភ្លើង​ដុត​ឥដ្ឋ និង​ឧស្ម័ន​ពុល​ផ្សេងៗ​ទៀត។ នេះ​មាន​ន័យ​ថា កុមារ​ដែល​រស់នៅ​តាម​សិប្បកម្ម​ផលិត​ឥដ្ឋ​ជារឿយៗ​ខ្វះ​ជាតិ​ទឹក​ធ្ងន់ធ្ងរ។ លោក Parsons បាន​លើក​ឡើង​ថា៖ «​ទោះ​ជា​អ្នក​មិន​ធ្វើ​ការ​នៅ​ទី​នោះ​ក៏​ដោយ ក៏​វា​ជា​បរិស្ថាន​មិន​ល្អ​ខ្លាំង​សម្រាប់​សុខភាព។ នេះ​ជា​មូលហេតុ​ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ឈឺ»។​

លោក ហេង សួរ បាន​ទទួល​ស្គាល់​ថា ពិត​ជា​មាន​កុមារ​រស់នៅ​ក្នុង​បរិវេណ​សិប្បកម្ម​ផលិត​ឥដ្ឋ​មែន ប៉ុន្តែ​លោក​នៅ​តែ​អះអាង​ថា ពួកគេ​មិន​បាន​ធ្វើ​ការ​នោះ​ទេ។ ក៏​ប៉ុន្តែ​ លោក ឃុន ថារូ​ បាន​និយាយ​ថា តាម​រយៈ​ការ​សង្កេត​ផ្ទាល់​ខ្លួន​របស់​លោក កុមារ​ជាច្រើន​បាន​ជួយ​ឪពុកម្តាយ​របស់​ពួកគេ​នៅ​ក្នុង​សិប្បកម្ម​ទាំង​នោះ។

លោក​ ឃុន ថារូ​ បាន​និយាយ​ថា «ពលកម្ម​កុមារ​នៅ​តែ​បន្ត​កើត​មាន ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់»។

លោក ឃុន ថារូ បាន​បន្ថែម​ទៀត​ថា ត្រូវ​មាន​វិធីសាស្ត្រ​រួម​មួយ​ដើម្បី​ដោះស្រាយ​នូវ​វិបត្តិ​បំណុល ដែល​ឪពុកម្តាយ​ពួកគេ​យក​ប្រាក់​កម្ចី​ពី​ម្ចាស់​សិប្បកម្ម​ផលិត​ឥដ្ឋ​ដើម្បី​ផ្តាច់​បំណុល​ចាស់ ហើយ​ត្រូវ​ផ្ទេរ​បំណុល​ទាំង​នោះ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។

លោក ឃុន ថារូ ក៏​បានលើក​ឡើង​ពី​តម្រូវការ​ក្នុង​ការ​ធានា​ឱ្យ​បាន​ថា កុមារ​នៅ​តាមសិប្បកម្ម​ផលិត​ឥដ្ឋ​ទាំងអស់​បាន​ទៅ​សាលារៀន ត្រូវ​អនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ជាង​មុន និង​ធានា​ថា សិប្បកម្ម​ផលិត​ឥដ្ឋ​គោរព​តាម​ស្តង់ដារ​សុវត្ថិភាព​និង​សុខភាព និង​ត្រូវ​ផ្តល់​ធានារ៉ាប់រង​សុខភាព​ដល់​កម្មករ​ផង​ដែរ៕​