នាវាចម្បាំង​រុស្ស៊ី​បាន​ទៅ​ដល់​ដែនទឹក​ប្រទេស​គុយបា​ដើម្បី​ត្រៀម​ខ្លួន​​​ចូលរួម​សមយុទ្ធយោធា​ក្នុង​​សមុទ្រ​ការ៉ាអ៊ីព

នៅក្នុងរូបភាពថតចេញពីវីដេអូដែលចេញផ្សាយដោយសេវាសារព័ត៌មានក្រសួងការពារជាតិរុស្ស៊ីកាលពីថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤នេះ នាវាចម្បាំង Admiral Gorshkov របស់កងទ័ពជើងទឹករុស្ស៊ីត្រូវបានគេឃើញកំពុងធ្វើដំណើរទៅកាន់ប្រទេសគុយបា។ (ក្រសួងការពារជាតិរុស្ស៊ី / AP)

កង​នាវា​ចម្បាំង​រុស្ស៊ីមួយ​ចំនួន​បាន​ទៅដល់ដែន​ទឹក​ប្រទេស​គុយបា​ហើយ​កាល​ពី​ថ្ងៃ​ពុធ​ នៅ​មុន​ការ​ធ្វើ​សមយុទ្ធ​យោធា​រួម​គ្នា​មួយដែល​បានគ្រោង​ទុក​ នៅ​ក្នុងតំបន់​សមុទ្រ​ការ៉ាអ៊ីព​ ​ក្នុង​អ្វី​ដែលមនុស្ស​មួយ​ចំនួន​មើល​ឃើញ​ថា​ជា​ការបង្ហាញ​ពីកម្លាំង​មួយ​ ខណៈ​ភាព​តានតឹងកំពុង​ឡើងកម្តៅ​ ជុំវិញ​ការ​គាំទ្រ​របស់​បស្ចិម​ប្រទេសដល់​ប្រទេស​អ៊ុយក្រែន​។ នេះ​បើតាម​ការ​ចេញ​ផ្សាយ​របស់​ទី​ភ្នាក់ងារ​សារព័ត៌មាន​AP។

នាវា​ចម្បាំង​រុស្ស៊ី​៣​គ្រឿង​បាន​ឆ្លងកាត់មាត់​ជ្រោយ​សមុទ្រ Havana ​ក្នុង​ប្រទេស​គុយបា​ដោយល្បឿន​យឺតៗ​ ដែល​មានការ​អម​ដោយ​ទូកតូចៗ​មួយ​ចំនួន​ផង​ដែរ​ ដែល​បាន​នាំ​ផ្លូវនាវា​ទាំង​នេះ​នៅ​តាម​ព្រែកជីក​ដែល​តូច​ចង្អៀត។​ នាវា​ដែល​មាន​ដោតទង់ជាតិ​រុស្ស៊ី​និង​គុយបា​ទាំង​នេះ​ទទួលបានការ​ស្វាគមន៍​ដោយ​ការបាញ់កាំភ្លើង 21កាណុងជាគោរព​ផង​ដែរ។ ​ ​ក្រុម​កងនាហ្វឹក​ដែលស្លៀកពាក់ឯក​សណ្ឋាន​របស់​ខ្លួន​នោះបាន​ឈរ​តម្រង់​ជួរ​ជា​លក្ខណៈ​យោធា​ ​នៅ​ពេល​ដែល​នាវា​រំកិល​ខ្លួន​ខិត​កាន់​តែ​ជិតដល់​ប្រទេស​ដែនកោះ​មួយ​នេះ។ ​

នាវា​មុជទឹក​ប្រើ​ថាមពល​នុយក្លេអ៊ែរ​មួយ​គ្រឿង​របស់​រុស្ស៊ី​ ត្រូវ​រំពឹង​ថា​នឹង​មក​ដល់​តាមក្រោយ​នាវា​ចម្បាំង​ទាំង​នោះ។ ​

យោធា​សហរដ្ឋអាមេរិករំពឹង​ថា​ ការ​ធ្វើ​សមយុទ្ធយោធានេះ​មាន​ការ​ចូលរួមពី​នាវា​ចម្បាំង​និង​នាវា​គាំទ្រ​របស់រុស្ស៊ី​មួយ​ចំនួន ដែលអាច​នឹងត្រូវ​ឈប់​សំចតនៅ​ក្នុង​ប្រទេសវេណេហ្ស៊ុយអេឡា​ផង​ដែរ។ ​

រុស្ស៊ី​ជា​សម្ព័ន្ធ​មិត្តដ៏​យូរអង្វែង​របស់ប្រទេស​វ៉េណេហ្ស៊ុយអេឡា​និងគុយបា​ ​ហើយនាវា​ចម្បាំងនិង​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ធ្វើ​បេសកកម្ម​ម្តងម្កាល​ក្នុង​តំបន់​សមុទ្រ​ការ៉ាអ៊ីព។​ ប៉ុន្តែ​បេសកកម្ម​លើក​នេះ​ ​កើត​មាន​ឡើងតិចជាង​២​សប្តាហ៍​ប៉ុណ្ណោះ​ ក្រោយ​ពី​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អនុញ្ញាត​ឱ្យអ៊ុយក្រែន​អាច​ប្រើប្រាស់​អាវុធ​ ដែលផ្តល់​ដោយ​អាមេរិក​ អាច​ធ្វើការ​វាយប្រហារ​ទៅ​លើ​គោលដៅ​មួយ​ចំនួន​នៅក្នុង​ទឹកដី​របស់​រុស្ស៊ី​ ដើម្បី​ការពារ​ទីក្រុង​ Kharkiv ដែល​ជា​ទីក្រុង​ដ៏ធំ​បំផុត​ទី​២​របស់​អ៊ុយក្រែន​ ដោយ​ធ្វើ​ឱ្យប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin​លើក​ឡើង​ថា​ កងយោធារបស់​លោកអាច​ធ្វើ​ការ​ឆ្លើយតប​វិញ នៅ​ក្នុង​«វិធានការ​ផ្សេងៗ» ​នៅ​ទីកន្លែង​ដទៃទៀត​នៅ​លើ​ពិភពលោក៕