ក្រសួងការបរទេសចិននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin នឹងធ្វើដំណើរទស្សនកិច្ចផ្លូវការមកកាន់ប្រទេសចិនក្នុងសប្តាហ៍នេះ។
ក្រសួងការបរទេសចិននិយាយទៀតថា លោក Putin នឹងមកដល់រដ្ឋធានីប៉េកាំង ប្រទេសចិន នៅថ្ងៃព្រហស្បតិ៍ខាងមុខនេះ ក្នុងដំណើរទស្សនកិច្ចមួយដែលមានរយៈពេល២ថ្ងៃ តបតាមការអញ្ជើញរបស់ប្រធានាធិបតីចិនលោក Xi Jinping។
នេះជាដំណើរទស្សនកិច្ចទៅក្រៅប្រទេសលើកទី ១ របស់លោក Putin ចាប់តាំងពីលោកត្រូវបានជាប់ឆ្នោតជាថ្មីកាលពីខែមីនាកន្លងទៅនេះ សម្រាប់អាណត្តិទី ៥ របស់លោក ហើយនេះក៏ជាដំណើរទស្សនកិច្ចលើកទី ២ របស់លោកផងដែរ មកកាន់ប្រទេសចិនក្នុងរយៈពេល ៦ ខែចុងក្រោយនេះ។
លោកបានធ្វើដំណើរទៅកាន់រដ្ឋធានីប៉េកាំងកាលពីខែតុលាឆ្នាំមុន ដើម្បីចូលរួមនៅក្នុងវេទិកាគំនិតផ្តួចផ្តើមក្រវ៉ាត់ផ្លូវពាណិជ្ជកម្មរបស់លោកប្រធានាធិបតី Xi ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៣ ដើម្បីជំរុញពាណិជ្ជកម្មនិងការវិនិយោគ តាមរយៈការលើកកម្ពស់បណ្តាញដឹកជញ្ជូនរបស់ចិនជាមួយប្រទេសនានាក្នុងពិភពលោក។
ប៉ុន្មានសប្តាហ៍មុនពេលដែលកងយោធារុស្ស៊ីចូលឈ្លានពានអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ លោក Xi និងលោក Putin បានចុះហេត្ថលេខាលើកិច្ចសន្យាមួយ ដោយប្រកាសពីចំណងមិត្តភាពទេ្វភាគី«គ្មានដែនកំណត់»រវាងប្រទេសទាំងពីរ។ ចាប់តាំងពីពេលនោះមក រដ្ឋាភិបាលក្រុងប៉េកាំង បានក្លាយជាដៃគូការទូតនិងសេដ្ឋកិច្ចដែលគួរឱ្យទុកចិត្តបំផុតរបស់រុស្ស៊ី ខណៈដែលប្រទេសលោកខាងលិច បានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដ៏តឹងរ៉ឹងដល់រុស្ស៊ី ដែលបានចូលឈ្លានពានទៅលើប្រទេសអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP និងទីភ្នាក់ងារសារព័ត៌មាន AFP។