គណបក្សប្រឆាំងរុស្ស៊ីបានប្រកាសថា នឹងមានការតវ៉ានៅទូទាំងប្រទេសនៅថ្ងៃពុធខាងមុខ បន្ទាប់ពីក្រុមគ្រួសារនិងវេជ្ជបណ្ឌិតរបស់មេដឹកនាំគណបក្សប្រឆាំងលោក Alexey Navalny បានផ្សព្វផ្សាយលទ្ធផលនៃការវិភាគឈាម ដែលបានបញ្ជាក់ថា លោក Navalny មានហានិភ័យខ្ពស់នៃជំងឺបេះដូង ឬជំងឺខ្សោយតម្រងនោម ប្រសិនបើមិនទទួលបានការព្យាបាលបន្ទាន់នោះទេ។
ការតវ៉ាដែលគ្រោងធ្វើឡើងនេះនឹងកើតឡើងចំថ្ងៃដែលលោកប្រធានាធិបតី Vladimir Putin ធ្វើសុន្ទរកថាប្រចាំឆ្នាំអំពីស្ថានភាពប្រទេសជាតិ ដែលអាចបណ្ដាលឲ្យមានការប្រឈមមុខដាក់គ្នាតឹងតែងរវាងក្រុមអ្នកគាំទ្រលោក Navalny និងប៉ូលិសនៅក្នុងរដ្ឋធានីមូស្គូ។
លោក Leonid Volkov ប្រធានយុទ្ធសាស្ត្ររបស់លោក Navalny បានប្រកាសអំពីបាតុកម្មនេះនៅក្នុងវីដេអូបង្ហោះតាម YouTube ដោយលោកបានបញ្ជាក់ថា មិនត្រូវខ្ជះខ្ជាយពេលវេលាទៀតទេ។
លោក Volkov បញ្ជាក់ដូច្នេះថា៖ «ពួកគេកំពុងធ្វើឃាតលោក Alexey Navalny ក្នុងវិធីដ៏ព្រៃផ្សៃមួយនៅពីមុខកែវភ្នែករបស់យើង»។
កាលពីចុងសប្តាហ៍ អ្នកស្រី Anastasia Vasilyeva ដែលជាវេជ្ជបណ្ឌិតរបស់លោក Navalny បាននិយាយថា ការធ្វើតេស្តឈាមបានបង្ហាញថា សារធាតុប៉ូតាស្យូមនៅក្នុងខ្លួនលោក Navalny បានឡើងដល់ «កម្រិតគ្រោះថ្នាក់» មួយ។
អ្នកស្រី Vasilyeva បញ្ជាក់ដូច្នេះថា៖ «ករណីនេះមានន័យថា បញ្ហាតម្រងនោម និងបញ្ហាចង្វាក់បេះដូងធ្ងន់ធ្ងរអាចកើតឡើងគ្រប់ពេលទាំងអស់»។
លោក Alexander Polupan ដែលជាវេជ្ជបណ្ឌិតមួយរូបទៀតរបស់លោក Navalny បាននិយាយថា៖ «ប្រសិនបើពួកគេមិនចាប់ផ្ដើមព្យាបាលលោក Navalny ទេ លោកអាចស្លាប់ក្នុងពេលប៉ុន្មានថ្ងៃខាងមុខ»៕