រុស្ស៊ី​ខិតខំ​ពន្លត់​អគ្គិភ័យ​នៅ​ដេប៉ូ​សាំង​ដែល​ដ្រូន​អ៊ុយក្រែន​កម្ទេច

រូបឯកសារ៖ ហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់រុស្ស៊ីត្រូវបានតម្រង់គោលដៅជាទៀងទាត់ដោយការវាយប្រហារតាមដ្រូនរបស់អ៊ុយក្រែន។

មន្ត្រី​នៅក្នុង​តំបន់ Kursk ​របស់​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា ​ក្រុមអគ្គិភ័យ​បាន​ពន្លត់ភ្លើង​ឆេះ​នៅ​ឃ្លាំងប្រេង​ដែល​ត្រូវបាន​វាយប្រហារ​ដោយ​យន្តហោះ​គ្មានមនុស្ស​បើក​របស់​អ៊ុយក្រែន​កាលពី​ពីរ​ថ្ងៃ​មុន។

អភិបាល​តំបន់​ Kursk ​លោក Alexei Smirnov ​បាន​និយាយ​នៅ​លើ ​Telegram ​ថា​ ការវាយ​ប្រហារ​បាន​ឆេះ​ឃ្លាំង​សាំង​ជាច្រើន ​ហើយ​គ្មាន​នរណា​ម្នាក់​រងរបួស​នោះ​ទេ។

នៅក្នុង​ការវាយ​ប្រហារ​កាលពី​ថ្ងៃអង្គារ ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​បាន​វាយ​ចំ​គោលដៅ​ជាច្រើន​នៅក្នុង​តំបន់ Belgorod ​នៃ​ប្រទេស​រុស្ស៊ី​ ដែល​មាន​ទីតាំង​នៅ​តាម​បណ្តោយ​ព្រំដែន​ជាមួយ​អ៊ុយក្រែន។

យោង​តាម​ការបង្ហោះ​នៅលើ​ Telegram ​ពី​អភិបាល​តំបន់​ Belgorod ​លោក Vyacheslav Gladkov បាន​ឱ្យ​ដឹង​ថា ​យន្តហោះ​គ្មាន​មនុស្ស​បើក​បាន​វាយ​ប្រហារ​ភូមិ​ចំនួន​ពីរ ​ធ្វើឱ្យ​ខូចខាត​ផ្ទះ​ជាច្រើន​ខ្នង​ និង​អាជីវកម្ម​កសិកម្ម។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃអង្គារ​ថា​ កងការពារ​ដែន​អាកាស​របស់ខ្លួន​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ឈ្លបយកការណ៍​រុស្ស៊ី​ចំនួន​ប្រាំពីរ​ក្នុង​អំឡុងពេល​ថ្ងៃ​កន្លង​មក។

មន្ត្រី​ក្នុង​តំបន់​បាន​និយាយ​ថា ​នៅ​តំបន់​ Kharkov ​ភាគ​ឦសាន​នៃ​ប្រទេស​អ៊ុយក្រែន​ ការបាញ់ផ្លោង​របស់​រុស្ស៊ី​បាន​ធ្វើឱ្យ​មនុស្ស​ម្នាក់​រងរបួស​កាលពី​ព្រឹក​ថ្ងៃអង្គារ។

យោង​តាម​អភិបាល​តំបន់​បាន​ឱ្យ​ដឹង​ថា ​ការបាញ់ផ្លោង​របស់​រុស្ស៊ី​ក៏បាន​ធ្វើឱ្យ​មនុស្ស​ម្នាក់​រងរបួស​ និង​បំផ្លាញ​ផ្ទះ​ជាច្រើន​ខ្នង​នៅក្នុង​តំបន់​Kherson ​ភាគ​ខាងត្បូង​អ៊ុយក្រែន៕

(ព័ត៌មាន​មួយ​ចំនួន​សម្រាប់​រឿង​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AFP​ និង​ Reuters)