នាវាមុជទឹក​​នុយក្លេអ៊ែរ​​រុស្ស៊ី​មិន​បាន​ចូលរួម​ក្នុង​ទិវាបុណ្យ​កងទ័ព​ជើងទឹក​ អាច​មក​ពី​​ត្រូវ​ជួសជុល 

រូបឯកសារ៖ រូបភាព​ពី​វីដេអូ​របស់ក្រសួង​ការពារជាតិ​រុស្ស៊ី​កាលពីថ្ងៃទី​២៦ តុលា ឆ្នាំ២០២២។

ក្រសួង​ការពារ​ជាតិចក្រភព​អង់គ្លេសនិយាយនៅ​ក្នុង​របាយការណ៍ប្រចាំថ្ងៃ​របស់​ខ្លួន​នៅ​ថ្ងៃ​សុក្រ​នេះ ស្តី​ពី​ប្រទេស​អ៊ុយក្រែន​ថា​ ការ​ប្រកាស​នាពេល​ថ្មីៗ​នេះ​របស់រុស្ស៊ី​ ដែល​ថា​ នាវា​មុជទឹក​ដើរ​ដោយ​ថាម​ពលនុយក្លេអ៊ែរ​នៃ​កងនាវា​ជើងទឹកប្រចាំ​តំបន់​ខាង​ជើង​របស់​រុស្ស៊ី​ នឹង​មិន​ចូល​រួមនៅ​ក្នុង​ទិវា​កងនាវា​ជើង​ទឹក​ ក្នុង​ទីក្រុង​ St. Petersburg​ នៅ​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ខាង​មុខ​នេះ​ ទំនងជាបណ្តាល​មក​ពី​បញ្ហា​សំខាន់​ គឺ​ការ​ជួសជុល​ ដែល​មិនអាចមាន​នាវា​ទៅ​ចូលរួម​ក្នុង​ពិធី​នោះ​បាន។​

ទោះ​បីជា​យ៉ាង​នេះ​ក្តី​ ក៏​ក្រសួង​ការពារជាតិ​ចក្រភព​អង់គ្លេសថា​ វា​អាច​មាន​លទ្ធភាព​ជាក់​ស្តែង​មួយ​ផង​ដែរ​ ដែល​ថា​បញ្ហា​បារម្ភ​ពី​សន្តិសុខ​ផ្ទៃក្នុង ​អាច​ជា​ជម្រើស​មួយ​ដែរ​នៅ​ក្នុង​រឿង​នេះ​ ចាប់​តាំង​ពីកង​កម្លាំង​ស៊ីឈ្នួល​រុស្ស៊ី ក្រុម​Wagner ​បាន​ប៉ុនប៉ងបះបោរ​កាល​ពី​ពេល​ថ្មីៗ​នេះ។​

ទន្ទឹម​នឹង​នេះ​ ខុទ្ទកាល័យ​ប្រធានាធិបតី​អ៊ុយក្រែន​រាយការណ៍នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​វាយប្រហារ​ដោយ​កងកម្លាំង​រុស្ស៊ីនៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ បាន​សម្លាប់​ជនស៊ីវិល​អ៊ុយក្រែន​យ៉ាងហោច​ណាស់​ក៏​៣​នាក់​ដែរ​ និង​ធ្វើ​ឱ្យ​របួសមនុស្ស៣៨​នាក់​ផ្សេង​ទៀត។​ ​

​រដ្ឋាភិបាល​ក្រុង​កៀវ​និយាយ​ថា​ កងកម្លាំងរុស្ស៊ី​ បានធ្វើ​ការ​វាយប្រហារសំដៅ​លើ​ទីក្រុង និង​ភូមិ​អ៊ុយក្រែន​ចំនួន​១៣​ ​ដោយ​ការ​វាយប្រហារ​តាម​អាកាស​ គ្រាប់មីស៊ីល​ និង​កាំភ្លើង​ធំ​ នៅក្នុង​តំបន់ Donetsk ភាគ​ខាង​កើត​ដែល​គ្រប់គ្រង​មួយ​ផ្នែក​ដោយរុស្ស៊ី​។

នៅ​ក្នុង​តំបន់ Zaporizhzhia ដែល​គ្រប់គ្រង​មួយ​ផ្នែក​ដោយកងកម្លាំង​រុស្ស៊ី​ដែរនោះ​ ​អ៊ុយក្រែន​និយាយ​ថា​ មនុស្ស​ចំនួន​២១​នាក់​បាន​ត្រូវ​របួស​ ដោយ​សារ​បំណែក​យន្តហោះដ្រូនដែល​ធ្លាក់​ពី​លើ​អាកាស​កាល​ពី​ថ្ងៃ​ពុធ​ និង​អគ្គិភ័យ​ដែល​បាន​ឆេះ​ក្នុង​ទីក្រុង​ Kherson ដោយ​ការ​បាញ់​ផ្លោង​ដាក់​របស់រុស្ស៊ី។​ ​

ជា​មួយ​គ្នា​នេះ​ផង​ដែរ​ មន្ត្រី​អ៊ុយក្រែន​និយាយ​ថា​ ប្រព័ន្ធការពារ​ដែន​អាកាស​របស់​ខ្លួន​ បាន​បាញ់​ទម្លាក់យន្តហោះដ្រូន​រុស្ស៊ី​ ដែល​ផលិត​នៅ​អ៊ីរ៉ង់​ចំនួន​២០​គ្រឿង​ ​ដែល​បានធ្វើ​ការ​វាយ​ប្រហារ​លើ​តំបន់​ក្រុង​កៀវ។ ក្រុម​មន្ត្រី​ទាំង​នេះ​ក៏​បាន​ឱ្យ​ដឹង​ដែរ​ថា​ កម្ទេច​បាក់​បែក​របស់​យន្តហោះដ្រូន​ បាន​ធ្លាក់​លើ​សង្កាត់​ចំនួន​៤​នៅ​ក្នុង​ទីក្រុង​កៀវ​កាល​ពី​ព្រលឹម​ថ្ងៃ​ព្រហស្បតិ៍​ ដោយ​មនុស្ស២​នាក់​រងរបួស​ ចូល​សម្រាក​ក្នុង​មន្ទីរពេទ្យ​ដោយត្រូវ​អម្បែង​គ្រាប់​ និង​ការ​បំផ្លាញ​ផ្ទះ​សម្បែង​ជា​ច្រើន​ផង​ដែរ៕​

(ព័ត៌មាន​មួយ​ចំនួន​ក្នុង​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន​ The Associated Press, Agence France-Presse និង Reuters )។