ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​រុស្ស៊ី​នៅ​ទីក្រុង​ Odesa​ សម្លាប់​មនុស្ស​១៧​នាក់​

នៅ​ក្នុង​រូបថត​ផ្តល់​ឱ្យ​ដោយ​ទីភ្នាក់ងារ​សង្គ្រោះបន្ទាន់​អ៊ុយក្រែន ក្រុម​អ្នក​ជួយ​សង្គ្រោះ​​ព្យាយាម​ពន្លត់​អគ្គិភ័យ​នៅ​អគារ​មួយ​ដែល​ត្រូវ​ខ្ទេចខ្ទាំ​នៅ​ទីក្រុង Odesa ប្រទេស​អ៊ុយក្រែន​ កាល​ពី​ថ្ងៃ​ទី​១ ខែ​កក្កដា ឆ្នាំ​២០២២ ក្រោយ​ពី​ការ​វាយប្រហារ​រ៉ុក្កែត​ដោយ​រុស្ស៊ី។

ការ​វាយ​ប្រហារ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​តំបន់​ Odesa​ របស់​អ៊ុយក្រែន​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​សុក្រ​នេះ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​១៧​នាក់។​ មនុស្ស​រាប់​សិបនាក់​បាន​រង​របួស​នៅ​ក្នុង​ការ​វាយ​ប្រហារ​នេះ។​ យ៉ាងហោច​ណាស់​គោលដៅ​មួយ​គឺ​ជាអគារ​លំនៅដ្ឋាន។ ​

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ​ខ្លួន​បាន​ដកថយ​ពី​កោះពស់​របស់​អ៊ុយក្រែន​ ដែល​បាន​ក្លាយ​ជា​និមិត្តរូប​នៃ​ការ​តស៊ូ​របស់​អ៊ុយក្រែន​ចាប់តាំង​ពី​ការ​ឈ្លានពាន​របស់​រដ្ឋាភិបាល​ក្រុង​ម៉ូស្គូ​កាលពី​បួន​ខែ​មុន។​

រុស្សី​បាន​ប្រើប្រាស់​កោះ​នៅ​សមុទ្រ​ខ្មៅ​ (Black Sea) ​នៅ​ជិត​ទីក្រុង​កំពង់ផែ ​Odesa​ ជា​ទីតាំង​ចាប់​ផ្តើម​បន្ទាប់ពី​បាន​ដណ្តើម​កាន់កាប់​នៅ​ដំណាក់កាល​ដំបូង​នៃ​សង្រ្គាម ​ដោយ​បើក​ការ​វាយ​ប្រហារ​លើ​អ៊ុយក្រែន​ពី​ទី​នោះ ​និង​ត្រួត​ពិនិត្យ​ការ​ដឹក​ជញ្ជូន​ពី​កំពង់ផែ​អ៊ុយក្រែន។ ​ប៉ុន្តែ​អ៊ុយក្រែន​បាន​បញ្ជាក់​ថា ​កងកម្លាំង​រុស្ស៊ី​បាន​ដកខ្លួន​ចេញ ​ ហើយ​បាន​និយាយ​ថា​ ការ​ដក​នោះ​បាន​កើត​ឡើង​បន្ទាប់ពី​កង​កម្លាំង​អ៊ុយក្រែន​បាន​វាយ​ប្រហារ​លើ​កោះ​នោះ​ដោយ​មីស៊ីល ​និង​កាំភ្លើង​ធំ​ពេញ​មួយ​យប់​ ធ្វើ​ឱ្យកង​កម្លាំង​រុស្ស៊ី​ដែល​នៅ​សេស​សល់​រត់គេច​ខ្លួន​តាម​ទូក​លឿន​ចំនួន​ពីរ​គ្រឿង។​

លោក​ Andriy Yermak ​ប្រធាន​ការិយាល័យ​លោក​ Volodymyr Zelenskyy ​ប្រធានាធិបតី​អ៊ុយក្រែន​ បាន​បញ្ជាក់​ពី​ការ​ដក​កងកម្លាំង​រុស្ស៊ី​ចេញ​ពី​កោះនេះ។​ លោក​ Yermak ​បាន​និយាយ​តាម​ Twitter ថា​«គ្មាន​កងទ័ព​រុស្ស៊ី​នៅ​លើ​កោះពស់​ទៀត​ទេ។ កង​កម្លាំង​ប្រដាប់​អាវុធ​របស់​យើង​បាន​ធ្វើ​ការងារ​ដ៏​អស្ចារ្យ»។​

វគ្គ​ដំបូង​នៃ​ការ​តស៊ូ​របស់​អ៊ុយក្រែន​ចំពោះ​ការ​លុកលុយ​របស់​រុស្ស៊ី​បាន​ចាប់​ផ្តើម​លើ​កោះពស់​ នៅ​ពេល​ដែល​នាវា​ចម្បាំង​រុស្ស៊ី ឈ្មោះ​ Moskva ​ចូល​មក​ជិត​ ហើយ​បាន​ឱ្យ​កងទ័ព​អ៊ុយក្រែន​ចុះចាញ់។ ​ការឆ្លើយ​តប​របស់​អ៊ុយក្រែន​គឺ​«ជេរ​ប្រមាថ​នាវា​ចម្បាំង​រុស្ស៊ី»​ដែល​បាន​នាំឱ្យ​មាន​ការ​វាយ​ប្រហារ​ដោយ​កាំភ្លើង​ធំ​ពី​កប៉ាល់​នោះ​ ហើយ​កងទ័ព​អ៊ុយក្រែន​ត្រូវ​បាន​បង្ខំ​ឱ្យ​ចុះចាញ់​នៅ​កោះនេះ។​ ក្រោយមក​អ៊ុយក្រែន​បាន​បាញ់​ពន្លិច​កប៉ាល់​ Moskva ​ដោយ​កាំជ្រួច ​ហើយ​រដ្ឋាភិបាល​ទីក្រុង​កៀវ​ បាន​ប្រើប្រាស់​នាវា​ចម្បាំង​នោះ​ និង​ពាក្យស្លោក​អំពី​កោះពស់​ ជា​គំនូរ​សម្រាប់​ត្រា​ដែល​ប្រើ​នៅ​ពេល​មាន​សង្រ្គាម។​ ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​អះអាង​ថា ​ខ្លួន​បាន​ចាកចេញ​ពី​កោះតូច​នេះ​«ជា​និមិត្ត​រូប​នៃ​សុច្ឆន្ទៈ»​ បន្ទាប់ពី​បាន​បញ្ចប់​បេសក​កម្ម​របស់​ខ្លួន​នៅ​ទីនោះ៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយ​ការណ៍​នេះ​ដក​ស្រង់​ពី​ទីភ្នាក់ងារ​សារ​ព័ត៌មានThe Associated Press, Reuters និង Agence France Presse