ការវាយ​ប្រហារដោយ​មីស៊ីល​និង​ដ្រូន​រុស្ស៊ី​បង្ក​ការខូចខាត​ក្នុង​តំបន់​ជាច្រើន​របស់​អ៊ុយក្រែន

មនុស្ស​ម្នា​ជ្រក​នៅ​ក្នុង​ស្ថានីយ​រថភ្លើង​ក្រោម​ដី អំឡុង​ពេល​ការ​វាយ​ប្រហារ​យោធា​របស់​រុស្ស៊ី ចំ​ពេល​ដែល​រុស្ស៊ី​បាន​វាយ​ប្រហារ​នៅ​ក្នុង​ក្រុងកៀវ ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី១៥ ខែ​មករា ឆ្នាំ​២០២៥។

មន្ត្រី​នៅ​អ៊ុយក្រែន​ប៉ែក​ខាងលិច​និយាយ​កាលពី​ថ្ងៃពុធ​ថា​ការ​វាយប្រហារដោយ​មីស៊ីល​របស់​រុស្ស៊ី​ត្រូវ​ចំ​ហេដ្ឋា​រចនាសម្ព័ន្ធ​សំខាន់ៗ​ក្នុង​តំបន់ Lviv។ នេះជា​ផ្នែក​មួយ​នៃ​ការវាយប្រហារ​ជា​បន្តបន្ទាប់​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr Zelenskyy ថា​រួមមាន​មីស៊ីល​ជាង​៤០​គ្រាប់​និង​ដ្រូន៧០គ្រឿង។

លោក Zelenskyy ថា​គោលដៅ​របស់​រុស្ស៊ី​រួម​បញ្ចូល«‍ហេដ្ឋារចនា​សម្ព័ន្ធ​ឧស្ម័ន​និង​ថាមពល​ដែល​បម្រើ​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពលរដ្ឋ​យើង» ហើយ​ថា​កងទ័ព​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​បានបាញ់​ទម្លាក់​មីស៊ីល​បាន​៣០​គ្រាប់​ក្នុង​ចំណោមនោះ។

លោក Zelenskyy និយាយ​ថា «‍ដោយសារកម្លាំង​ការពារ​ដែនអាកាស​របស់យើង និង​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់ យើងអាច​រក្សា​ដំណើរការ​នៃ​ប្រព័ន្ធ​ថាមពល​របស់​យើង។ តែ​យើង​ត្រូវ​តែ​បន្តពង្រឹង​សមត្ថភាព​ការពារ​ដែនអាកាស​របស់​អ៊ុយក្រែន។ ការសន្យា​របស់​ដៃគូ​នៅ​កិច្ចប្រជុំ​កំពូល​របស់​អូតង់​នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​និង​ក្នុង​ក្របខណ្ឌ​អាល្លឺម៉ង់ មិនទាន់​បាន​បំពេញ​ឲ្យបានសព្វគ្រប់​នៅឡើយ​ទេ»។

យោធាអ៊ុយក្រែន បាន​ចេញសញ្ញាប្រកាសអាសន្ន​តាម​ផ្លូវ​អាកាស​សម្រាប់​តំបន់​ជាច្រើន​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ពុធ ខណ:​ប្រតិបត្តិករ​បណ្តាញអគ្គិសនី​ជាតិ​អ៊ុយក្រែន​បាន​ផ្តាច់​អគ្គិសនី​ក្នុង​តំបន់​ចំនួន​៦៕