មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីបានធ្វើឱ្យមនុស្ស ១៤ នាក់រងរបួសនៅថ្ងៃព្រហស្បតិ៍នេះនៅឯអគារប្រៃសណីយ៍ក្នុងទីក្រុង Odesa នៅភាគខាងត្បូងប្រទេសអ៊ុយក្រែន។
ការវាយប្រហារនេះគឺជាការវាយប្រហារលើកទី ៣ ដែលប៉ះចំទីក្រុងនេះនៅក្នុងសប្ដាហ៍នេះ ដែលក្នុងនោះរួមមានទាំងការវាយប្រហារដែលបានសម្លាប់មនុស្សសរុប ៨ នាក់ផងដែរ។
អភិបាលតំបន់ Odesa លោក Oleh Kiper បាននិយាយថា ការវាយប្រហារលើកនេះគឺជាឧក្រិដ្ឋកម្មមួយទៀតដែលរុស្ស៊ីបានប្រព្រឹត្តលើជនស៊ីវិលអ៊ុយក្រែន។
ប្រទេសរុស្ស៊ីបានបដិសេធការចោទប្រកាន់ដែលថាខ្លួនបានវាយប្រហារសំដៅលើជនស៊ីវិលក្នុងអំឡុងការលុកលុយរបស់ខ្លួនលើអ៊ុយក្រែន ប៉ុន្តែកន្លងមកប្រទេសនេះបានវាយប្រហារជាបន្តបន្ទាប់លើទីក្រុងនានារបស់អ៊ុយក្រែនដោយប្រើដ្រូននិងមីស៊ីលក្នុងអំឡុងការវាយប្រហារជាង ២ ឆ្នាំកន្លងមក។
មន្ត្រីរុស្ស៊ីបានរាយការណ៍ថា ការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែននៅថ្ងៃព្រហស្បតិ៍នេះបានសំដៅលើតំបន់ជាច្រើន។
នៅថ្ងៃព្រហស្បតិ៍នេះដែរ រុស្ស៊ីបានច្រានចោលការចោទប្រកាន់របស់សហរដ្ឋអាមេរិកដែលថាខ្លួនបានប្រើសារធាតុគីមីដែលគេហាមឃាត់នៅក្នុងប្រទេសអ៊ុយក្រែន ដោយអ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានហៅការចោទប្រកាន់នេះថា «គ្មានមូលដ្ឋាន»។
សហរដ្ឋអាមេរិកបានចោទប្រកាន់រុស្ស៊ីកាលពីថ្ងៃពុធថាបានរំលោភលើបម្រាមហាមឃាត់សារធាតុគីមីសាកលតាមរយៈការប្រើសារធាតុគីមី chloropicrin លើទាហានអ៊ុយក្រែន៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP, Reuters និង AFP។