លោក Prigozhin មេដឹកនាំ​​​ពួក​ទាហានស៊ីឈ្នួល​រុស្ស៊ី​​បានទៅ​ដល់ប្រទេស​បេឡារុស​ហើយ

លោក Yevgeny Prigozhin មេដឹកនាំ​ក្រុមទាហាន​​ស៊ីឈ្នួល Wagner (Prigozhin Press Service via AP)

មេដឹកនាំប្រទេសបេឡារុស​លោក​ Alexander Lukashenko បាននិយាយ​កាល​ពី​ថ្ងៃអង្គារ​ថា​លោក Yevgeny Prigozhin មេដឹកនាំ​ក្រុមទាហានស៊ីឈ្នួល Wagner នៃប្រទេសរុស្ស៊ីបានទៅ​ដល់​ប្រទេសបេឡារុស​ហើយ​ក្រោយ​បាន​ធ្វើ​ការបះបោរ​រយៈពេល​ខ្លីនិងគ្មាន​ជោគជ័យ​កាលពី​ដំណាច់​សប្តាហ៍​មុន​ប្រឆាំងនឹងការ​ដឹកនាំ​របស់ប្រធានាធិបតីរុស្ស៊ី​លោក​ Vladimir Putin អំពីការប្រយុទ្ធ​ប្រឆាំងនឹង​អ៊ុយក្រែន។

គេមិន​បាន​ដឹង​ជា​ភ្លាមៗ​អំពីថា​តើ​លោក Prigozhin ឋិត​នៅទី​ណាក្នុងប្រទេស​បេឡារុស​ទេ​ ថា​តើ​មានយុទ្ធជនប៉ុន្មាន​នាក់​បានទៅ​ជា​មួយ​លោកឬ​ថា​តើ​លោក​គ្រោង​ឋិតនៅ​ទីនោះ​រយៈពេលប៉ុន្មានទេ។ ​កាល​ពីថ្ងៃ​សៅរ៍​មុន លោក Lukashenko ដែល​ជា​សម្ព័ន្ធមិត្តរបស់លោក Putin ​បានធ្វើការចរចាឱ្យមានការការចាកចេញរបស់​លោក Prigozhin ទៅប្រទេសបេឡារុស​ក្រោយ​ពីលោក Prigozhin បាន​ដឹកនាំយុទ្ធជន​លោក​រាប់ពាន់​នាក់ចេញ​ពីប្រទេសអ៊ុយក្រែន​តាមក្បួនកុងវ័រ​ឡាន​ទាហាន​ទៅ​កាន់ក្រុង​មូស្គូ​នៅ​មុន​លោក​បញ្ឈប់​ការជម្រុល​ទៅ​មុខ​នេះនៅមុន​ពេល​ប្រឈម​នឹងក្រុម​ទាហាន​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ជាយ​រដ្ឋធានី​ប្រទេស​រុស្ស៊ី។

លោក Putin បាន​សន្យាអំពីសុវត្ថិភាព​របស់លោក Prigozhin នៅក្នុងប្រទេស
បេឡារុស ហើយបើ​តាម​បណ្តាញ​ព័ត៌មានរដ្ឋ​បេឡារុស​ថា​ លោក Lukashenko បាន​សុំ​កុំឱ្យលោក Putin សម្លាប់លោក Prigozhin៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​ព័ត៌មាន Reuters។