ដ្រូន​រុស្ស៊ី​វាយ​ប្រហារ​ផែ ​Izmail ​របស់​អ៊ុយក្រែន​ពីរ​ថ្ងៃ​ជាប់ៗ​គ្នា

ផ្នែកខាងក្នុងនៃអគារដែលរងការខូចខាតបន្ទាប់ពីការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីនៅតំបន់ Izmail ប្រទេសអ៊ុយក្រែន។ (សេវាសង្គ្រោះបន្ទាន់របស់រដ្ឋអ៊ុយក្រែន / Reuters)

មន្ត្រី​នៅក្នុង​តំបន់ Odesa ​របស់​ប្រទេស​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​បាន​វាយ​ប្រហារ​ទីក្រុង​កំពង់ផែ​ Izmail​ ភាគ​ខាងត្បូង​រយៈពេល​ពីរ​យប់​ជាប់ៗ​គ្នា ​ដោយ​បាន​បំផ្លាញ​អគារ​រដ្ឋបាល​មួយ ​និង​ធ្វើឱ្យ​មនុស្ស​ពីរ​នាក់​រងរបួស​នៅក្នុង​ផ្ទះ​មួយ។

កងទ័ព​អាកាស​អ៊ុយក្រែន​បាន​និយាយ​ថា​ ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​គឺជា​ផ្នែក​មួយ​នៃ​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​ចំនួន​៣៨​គ្រឿង​ ដែល​រុស្ស៊ី​បាន​បាញ់ពេញ​មួយ​យប់។

យោធា​អ៊ុយក្រែន​បាន​និយាយ​ថា​ យន្តហោះ​គ្មាន​មនុស្ស​បើក​បី​គ្រឿង​បាន​ឆ្លង​ចូល​ទៅក្នុង​ប្រទេស​រ៉ូម៉ានី​ ដែល​នៅ​ជិតខាង។

បន្ទាប់ពី​ការវាយ​ប្រហារ​ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​រុស្ស៊ី​លើ​កំពង់ផែ​ Izmail​ កាលពី​យប់​មុន។ ក្រសួង​ការពារ​ជាតិ​រ៉ូម៉ានី​បាន​និយាយ​កាលពី​ថ្ងៃពុធ​ថា​ ខ្លួន​បាន​បង្កើន​វិធានការ​ឃ្លាំមើល​ដែនអាកាស​របស់​ខ្លួន ​រួមទាំង​ប្រើប្រាស់​យន្តហោះ​ចម្បាំង​F-16​ ចំនួន​ពីរ​គ្រឿង​ដើម្បី​តាមដាន​ស្ថានការណ៍។

យោធា​អ៊ុយក្រែន​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា កង​ការពារ​ដែន​អាកាស​របស់​ប្រទេស​នេះ​បាន​បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​រុស្ស៊ី​ចំនួន​២៥​ គ្រឿង​ក្នុង​ចំណោម​៣៨ គ្រឿង។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​កាលពី​ថ្ងៃព្រហស្បតិ៍​ថា​ ខ្លួន​បាន​កម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អ៊ុយក្រែន​ចំនួន១១ ​គ្រឿង​នៅលើ​តំបន់​ Kursk, Belgorod ​និង ​Crimea ដែល​កាន់កាប់​ដោយ​រុស្ស៊ី។ ក្រសួង​បាន​និយាយ​ថា ​ក្រសួង​ការពារ​ជាតិ​រុស្សី​ក៏បាន​បំផ្លាញ​ទូក​ដែល​មិនមាន​អ្នកបើក​ ដែល​កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅកាន់​តំបន់​Crimea​ផងដែរ៕

(ព័ត៌មាន​មួយ​ចំនួន​សម្រាប់​របាយការណ៍​នេះ​ត្រូវ​បាន​ផ្តល់​ដោយ​ទីភ្នាក់ងារ​សារព័ត៌មានAFP និងReuters)