អ្នក​វិភាគ​ថា​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​របស់​រុស្ស៊ី​បង្កើត​ឱ្យ​មាន​បរិយាកាស​វឹកវរ

រូបឯកសារ៖ មនុស្ស​ម្នា​ដើរ​នៅ​ទីលាន​ក្រហម ក្បែរ​សារមន្ទីរ​ប្រវត្តិសាស្ត្រ​រដ្ឋ និង​វិមាន​ក្រឹមឡាំង នៅ​កណ្តាល​ក្រុង​ម៉ូស្គូ ថ្ងៃទី១០ ខែ​កញ្ញា ឆ្នាំ ២០២៤។

សម្រាប់​អ្នកស្ដាប់​វិទ្យុ Polskie ដែល​ជា​បណ្ដាញ​ផ្សព្វផ្សាយ​សាធារណៈ​របស់​ប្រទេស​ប៉ូឡូញ ចំណងជើង​ព័ត៌មាន​នៅ​លើ​វេបសាយ​របស់​វិទ្យុ​នេះ​ហាក់​ដូចជា​ចម្លែក ដែល​សរសេរ​ថា «សច្ចភាព​ដែល​មិន​អាច​ទទួល​យក​បាន៖ សហភាព​អឺរ៉ុប​នឹង​ដើរ​ទៅ​មុខ​ដោយ​គ្មាន​ប៉ូឡូញ» និង​ចំណងជើង​មួយ​ទៀត​ដែល​សរសេរ​ថា «អ៊ុយក្រែន​នឹង​មិន​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប​ទេ»។

ការ​អត្ថាធិប្បាយ​អំពី​ការ​គាំទ្រ​រុស្ស៊ី​និង​ការ​ប្រឆាំង​នឹង​ការ​ចូលរួម​ក្នុង​សហភាព​អឺរ៉ុប​នេះ​មិន​មាន​ភាព​ស៊ីគ្នា​ជាមួយ​នឹង​សេចក្ដី​រាយការណ៍​ជា​ធម្មតា​ទូទៅ​របស់​បណ្ដាញ​ផ្សព្វផ្សាយ​នេះ​ទេ។ ប៉ុន្តែ បើ​គេ​ក្រឡេក​មើល​មួយ​ភ្លែត វេបសាយ​នេះ​ហាក់​ដូចជា​ត្រឹមត្រូវ​ពិត​ប្រាកដ។

ប៉ុន្តែ បើ​មើល​ឱ្យ​ដិតដល់​បន្តិច គេ​នឹង​ឃើញ​ការពិត។ វេបសាយ​នេះ​មាន​អាសយដ្ឋាន polskieradio.icu។ ចំណែក​ឯ​អាសយដ្ឋាន​ពិត​ប្រាកដ​របស់​វិទ្យុ Polskie គឺ polskieradio.pl។ការ​អត្ថាធិប្បាយ​នានា​ដែល​គាំទ្រ​រុស្ស៊ី​ត្រូវបាន​បង្ហោះ​នៅ​លើ​វេបសាយ​របស់​រុស្ស៊ី​ដែល​បន្លំ​ឱ្យ​ដូច​វេបសាយ​ពិត​ប្រាកដ​នេះ ដែល​វេបសាយ​នេះ​ត្រូវបាន​រចនា​ឡើង​ជាពិសេស​ដើម្បី​ធ្វើឱ្យ​អ្នក​អាន​យល់​ច្រឡំ។

រឿងរ៉ាវ​ដែល​បាន​កើតឡើង​កាលពី​ខែ​មេសា​នេះ​គឺជា​ផ្នែក​មួយ​នៃ​ទិន្នាការ​វេបសាយ​ក្លែងក្លាយ​ដែល​ត្រូវបាន​ប្រើ​នៅក្នុង​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន «ជាបន្ត​បន្ទាប់» អស់​រយៈពេល ២ ឆ្នាំ​មក​ហើយ។ នេះ​បើ​យោង​តាម​អត្ថបទ​ផ្សព្វផ្សាយ​មួយ​របស់​វិទ្យាស្ថាន​សារព័ត៌មាន​អន្តរជាតិ (IPI) ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​អូស្ត្រាលី និង​អង្គការ​សេរីភាព​សារព័ត៌មាន​ចំនួន ៣ ទៀត​នៅ​ទ្វីប​អឺរ៉ុប។

ក្រុម​អង្គការ​ឃ្លាំមើល​ទាំងនេះ​បាន​បញ្ជាក់​ថា ភ្នាក់ងារ​រុស្ស៊ី​កំពុង​បង្កើត​វេបសាយ​ព័ត៌មាន​ក្លែងក្លាយ​ដោយ​ធ្វើ​ត្រាប់​តាម​វេបសាយ​ព័ត៌មាន​ដែល​មាន​កេរ្តិ៍ឈ្មោះ​ល្អ ហើយ​បង្ហោះ​រឿងរ៉ាវ​មិន​ពិត​នៅ​លើ​វេបសាយ​ក្លែងក្លាយ​ទាំងនោះ។

អ្នកស្រី Camille Magnissalis ដែល​ជា​អ្នក​ឃ្លាំមើល​ការ​រំលោភ​បំពាន​សេរីភាព​សារព័ត៌មាន​នៃ​សហព័ន្ធ​អ្នកកាសែត​អឺរ៉ុប (EFJ) បាន​ថ្លែង​ថា៖ «វា​ពិបាក​នឹង​ដឹង​ណាស់​ថា​វា​ជា​វេបសាយ​ក្លែងក្លាយ ដូច្នេះ​យុទ្ធនាការ​របស់​ពួកគេ​ពិតជា​ដំណើរការ​ទៅមុខ។ ប្រសិនបើ​អ្នក​មិន​ដឹង អ្នក​អាច​នឹង​យល់​ខុស»។

ក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ខែ​កញ្ញា​ថា វេបសាយ​បែប​នេះ​គឺជា​ផ្នែក​មួយ​នៃ «យុទ្ធនាការ​ដឹកនាំ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​ដើម្បី​ជះ​ឥទ្ធិពល​ដ៏​ទុច្ចរិត​ទៅ​បរទេស» ដែល​គេ​ស្គាល់​ក្រៅ​ផ្លូវការ​ថា «Doppelganger» ដែល​មាន​ន័យ​សំដៅ​លើ​បុគ្គល​ដែល​មាន​ភិនភាគ​ស្ទើរតែ​ដូច​បុគ្គល​ម្នាក់​ទៀត​ទាំងស្រុង។

នៅ​ពេល​នោះ ក្រសួង​យុត្តិធម៌​អាមេរិក​បាន​ប្រកាស​អំពី «ការ​រឹបអូស​ជា​បន្ត» នូវ​ដែន​អាសយដ្ឋាន​អ៊ីនធឺណិត​ចំនួន ៣២ ដែល​ត្រូវ​បាន​ប្រើ​ប្រាស់​នៅ​ក្នុង​យុទ្ធនាការ Doppelganger នេះ។

វេបសាយ​ទាំង​នោះ​មើល​ទៅ​ដូច​ទៅ​នឹង​វេបសាយ​ព័ត៌មាន​នៅ​សហភាព​អឺរ៉ុប​ដែល​គួរឱ្យ​ទុកចិត្ត ប៉ុន្តែ​តាមពិត វា​បាន​ធ្វើ​ឱ្យ​អ្នក​អាន​យល់​ខុស​តាម​រយៈ​ការ​ចុះ​ផ្សាយ​រឿងរ៉ាវ​ដែល​មាន​បំណង​ព្យាបាទ​និង​ការ​ឃោសនា​ជាច្រើន។ ខ្លឹមសារ​ទាំងនោះ​តែង​ត្រូវ​បាន​ចែក​រំលែក​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ​តាម​រយៈ​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ឬ​តាម​រយៈ​ទំព័រ​បណ្ដាញ​សង្គម​អនឡាញ​ស្វ័យប្រវត្តិ​នានា។

អ្នកស្រី Magnissalis បាន​ប្រាប់ VOA ថា៖ «ជារឿយៗ រឿងរ៉ាវ​ទាំងនេះ​ពាក់ព័ន្ធ​ទៅនឹង​រឿង​នយោបាយ ពីព្រោះ​ពួកគេ​ចង់​ជះ​ឥទ្ធិពល​លើ​មនុស្ស។ នៅ​ទីបញ្ចប់ រឿងរ៉ាវ​ទាំង​នេះ​ត្រូវបាន​គេ​បញ្ចូល​ទៅ​ក្នុង​ទិដ្ឋភាព​នៃ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងមូល​ហើយ​វា​នឹង​មាន​ឥទ្ធិពល»។

ក្រុម​មួយ​ដែល​មាន​ឈ្មោះ​ថា​ក្រុម​ឆ្លើយតប​រហ័ស​ផ្នែក​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ (MFRR) បាន​រៀបរាប់​អំពី​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​របស់​រុស្ស៊ី​នៅ​ក្នុង​របាយការណ៍​ពាក់​កណ្ដាល​ឆ្នាំ ២០២៤ របស់​ខ្លួន​ស្ដីពី​ការ​ឃ្លាំមើល​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ក្រុម​ឆ្លើយតប​រហ័ស​នេះ​រួម​មាន​សមាជិក​មក​ពី​អង្គការ​ឃ្លាំ​មើល​សេរីភាព​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​សហភាព​អឺរ៉ុប ដែល​រួម​មាន​ទាំង​អង្គការ EFJ និង​អង្គការ IPI ផងដែរ។

កាលពី​ឆ្នាំ ២០២៣ អត្ថបទ​ព័ត៌មាន​មិនពិត​ជាច្រើន​បាន​លេចឡើង​នៅ​លើ​វេបសាយ​ក្លែងក្លាយ​នេះ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​ក្រុម​ឆ្លើយតប​រហ័ស​ដដែល​នេះ។ នៅ​ក្នុង​ឆ្នាំ ២០២៤ នេះ ការ​វាយ​ប្រហារ​ភាគច្រើន​បាន​ប្រើប្រាស់​បច្ចេកវិទ្យា AI ដើម្បី​បន្លំ​ធ្វើ​ជា​អ្នក​កាសែត​ល្បីឈ្មោះ​ទាំង​មុខមាត់ រូបរាង និង​សំឡេង។

ព័ត៌មាន​បែប​នេះ​បាន​ធ្វើ​ឱ្យ​អ្នក​ទទួល​បាន​ព័ត៌មាន​បាត់បង់​ទំនុកចិត្ត​ជា​ទូទៅ​លើ​ព័ត៌មាន និង​បង្កើត​នូវ «បរិយាកាស​វឹកវរ» ក្នុង​ចំណោម​អ្នក​អាន​ព័ត៌មាន​នៅ​ទ្វីប​អឺរ៉ុប។ នេះ​បើ​យោង​តាម​របាយការណ៍​ដដែល​នេះ។

ដែន​អាសយដ្ឋាន​វេបសាយ​ព័ត៌មាន​ប្រឌិត​ទាំងនេះ​ត្រូវបាន​ទិញ​តាម​រយៈ​ការ​ផ្ទេរប្រាក់​តាម​ប្រព័ន្ធ​រូបិយបណ្ណ​ឌីជីថល cryptocurrency ដែល​អាច​លាក់​បាំង​អត្តសញ្ញាណ​អ្នក​ទិញ ហើយ​កន្លែង​ផ្ទុក​ទិន្នន័យ crypto ដែល​ត្រូវបាន​ប្រើប្រាស់​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ប្រទេស​រុស្ស៊ី។ នេះ​បើ​យោង​តាម​អត្ថបទ​របស់​អង្គការ IPI។

ប្រតិបត្តិការ​របស់​រុស្ស៊ី​នេះ​បាន​ដៅ​គោលដៅ​លើ​ប្រទេស​អ៊ុយក្រែន ប៉ូឡូញ និង​អាល្លឺម៉ង់។ យុទ្ធនាការ​នេះ​ក៏​បាន​ផ្ដោត​គោលដៅ​លើ​ប្រទេស​បារាំង​ផងដែរ​នៅ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​កាលពី​រដូវ​ក្ដៅ​ឆ្នាំ​មុន​តាម​រយៈ​ការ​បន្លំ​ធ្វើ​ជា​វេបសាយ​សារព័ត៌មាន Le Monde។

ស្ថានទូត​រុស្ស៊ី​ប្រចាំ​រដ្ឋធានី​វ៉ាស៊ីនតោន​នៃ​សហរដ្ឋ​អាមេរិក​មិន​បាន​ឆ្លើយតប​ភ្លាមៗ​ចំពោះ​សំណើ​របស់ VOA ក្នុង​ការ​សុំ​បញ្ចេញ​មតិ​នោះទេ។

លោក Karol Luczka មន្ត្រី​ផ្នែក​តាមដាន​និង​តស៊ូមតិ​នៅ​អឺរ៉ុប​ខាងកើត​នៃ​អង្គការ IPI បាន​និយាយ​ថា ខណៈពេល​ដែល​យុទ្ធនាការ​បំភ្លៃ​ព័ត៌មាន​នេះ​កំពុង​រាលដាល​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​នៅ​ពេល​បច្ចុប្បន្ន​នេះ វេបសាយ​បន្លំ​បែប​នេះ​បាន​ចាប់ផ្ដើម​លេច​ឡើង​ដំបូង​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន ដោយ​បាន​ព្យាយាម​កេង​ចំណេញ​ទៅ​លើ​មតិ​សាធារណៈ​អំពី​សង្គ្រាម​រវាង​រុស្ស៊ី​និង​អ៊ុយក្រែន។

បើ​យោង​តាម​លោក Luczka រឿងរ៉ាវ​ក្លែងក្លាយ​នៅ​លើ​វេបសាយ​ទាំងនោះ​ជំរុញ​នូវ​គំនិត​ធំៗ​ចំនួន ៣ គឺ អ៊ុយក្រែន​នឹង​ចាញ់​សង្គ្រាម អ៊ុយក្រែន​នឹង​អស់​ធនធាន និង​រដ្ឋាភិបាល​អ៊ុយក្រែន​ពុករលួយ។

លោក Luczka បាន​បន្ថែម​ថា នៅ​មុន​ឆ្នាំ ២០២២ រុស្ស៊ី​បាន​ចេញផ្សាយ​ព័ត៌មាន​ប្រឌិត​ជា​ភាសា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ប៉ុន្តែ យុទ្ធនាការ​ក្លែង​បន្លំ​សម័យ​ទំនើប​នេះ​បាន​ប្រើប្រាស់​ភាសា​របស់​ប្រទេស​ដែល​ពួកគេ​ដៅ​គោលដៅ​លើ។ ភាពខុស​គ្នា​នេះ​បាន​ធ្វើឱ្យ​អ្នក​ទទួល​ព័ត៌មាន​ងាយ​នឹង​ជឿ​លើ​អ្វី​ដែល​ពួកគេ​កំពុង​អាន៕