រូបិយប័ណ្ណ​រុស្ស៊ី​បាន​​ធ្លាក់​ចុះ​ដោយ​សារ​​ការ​​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​សហរដ្ឋ​អាមេរិក

រូបិយប័ណ្ណរុស្ស៊ី​ធ្លាក់ចុះ​បន្ទាប់​ពី​សហរដ្ឋ​អាមេរិក​ដាក់​ទណ្ឌកម្ម​​ថ្មីលើប្រទេស​ននេះ។

ប្រាក់​រូប​របស់​រុស្ស៊ី​បាន​ធ្លាក់​ដល់​កម្រិតទាប​បំផុត​បើ​ធៀប​នឹង​ប្រាក់​ដុល្លារ​ក្នុង​រយៈពេល​ជិត​ពីរ​ឆ្នាំ​មក​នេះ បន្ទាប់​ពី​សហរដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​ថ្មី​ទៅ​លើ​រដ្ឋាភិបាល​ក្រុង​មូស្គូ​កាលពី​ថ្ងៃពុធ​ជុំវិញ​ការ​បំពុល​អតីត​ចារកម្ម​រុស្ស៊ី​ម្នាក់​និង​កូនស្រី​របស់​លោក​នៅ​ចក្រភព​អង់គ្លេស​។​

ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ចំពោះ​តួនាទី​របស់​ខ្លួន​ក្នុង​ដាក់​ថ្នាំបំពុល​ប្រភេទ Novichok ដែល​ជា​កម្រិត​ថ្នាំ​ពុល​កម្រិត​យោធា​ដែល​ត្រូវ​បាន​ហាមឃាត់​ ហើយ​និង​ត្រូវ​បាន​ផលិត​នៅ​លើ​ដី​រុស្ស៊ី។ រដ្ឋាភិបាល​ទីក្រុង​មូស្គូ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ហៅ​វិធានការ​នេះ​ ថា​ខុសច្បាប់​ក្រោម​ច្បាប់​អន្តរជាតិ​ហើយ​ បាន​ប្រកាស​ប្រើប្រាស់​វិធានការ​សងសឹក​អាមេរិក​វិញ។

ប្រទេស​រុស្ស៊ី​បាន​ស្ថិត​នៅ​ក្រោម​ការ​ដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាមេរិក​និង​សហភាព​អឺរ៉ុប​ចាប់តាំង​ពី​ការ​បញ្ចូល​ឧបទ្វីប​គ្រីមា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ជា​របស់​ខ្លួន​នៅ​ឆ្នាំ​២០១៤​មក។ ជា​លទ្ធផល​នៃ​ការ​ដាក់​ទណ្ឌកម្ម​នេះ ប្រទេស​រុស្ស៊ី​បាន​ខាតបង់​សេដ្ឋកិច្ច​យ៉ាង​ខ្លាំង។

លោក Dmitry Zhdannikov បណ្ណាធិការ​សារព័ត៌មានReuters​ ផ្នែក​ទីផ្សារ​បាន​និយាយ​ថា៖

«ជា​ឧទាហរណ៍​មួយ​ ទីផ្សារ​មូលប័ត្រក្រុមហ៊ុន​ដ៏​ធំ​បំផុត​របស់​រុស្ស៊ីគឺ​ក្រុមហ៊ុន​ប្រេង​ Rosneft ​មាន​តម្លៃ​ប្រហែល​ពី ៦០​ទៅ៧០​ពាន់​លាន​ដុល្លារ​អាស្រ័យ​លើ​ស្ថានភាព​ទីផ្សារ។ បើ​ធៀប​ទៅ​នឹង​ទីផ្សារ​អាមេរិក​របស់​ក្រុមហ៊ុន​ Exxon-Mobil​ នោះ​ក្រុមហ៊ុន​ប្រេង​រុស្ស៊ី​មាន​តម្លៃ​រហូត​ដល់​ទៅ​៣៥០​ពាន់​លាន​ដុល្លារ​ ដូច្នេះ​វា​មាន​គម្លាត​ដ៏​ធំ​ដូច​ដែល​អ្នក​បាន​ឃើញ​ហើយ‍»។

អ្នក​នាំ​ពាក្យ​វិមាន​ក្រឹមឡាំង​បាន​ធានា​ដល់​ពលរដ្ឋ​រុស្ស៊ី​ថា ប្រព័ន្ធ​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​នៅ​មាន​ស្ថិរភាព​ដដែល។ ចំណែក​ឯ​ប្រជាពលរដ្ឋ​រុស្ស៊ី​ទូទៅ​ហាក់​ដូចជា​មិន​បារម្ភ​ទេ។

លោកArkadiy Lyubarskikhពលរដ្ឋ​រស់នៅ​ទីក្រុង មូស្គូ បាន​និយាយ​ថា៖

«ប្រទេស​របស់​យើង​មិន​គួរ​អើពើ​ចំពោះ​រាល់​ទណ្ឌកម្ម​ទាំងអស់​នេះ​ទេ។ យើង​រស់​នៅ​ដូច​កាល​ពី​មុន​អីចឹង។​ ខ្ញុំ​គិត​ថា ចំពោះ​ទណ្ឌកម្ម​ដែល​ពួកគេ​បាន​ដាក់​រួច​ហើយ និង​អ្វី​ដែល​ពួកគេ​នឹង​ដាក់​បន្ថែម​ទៀត​នឹង​មិន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​របស់​យើង​ឬ​ជីវភាព​រស់នៅ​របស់​យើង​នោះ​ទេ»។

ការ​ខាតបង់​ផ្នែក​ហិរញ្ញវត្ថុ​មិន​បាន​រារាំង​លោក​ប្រធានាធិបតី​រុស្ស៊ី Vladimir Putinពី​ការ​ធ្វើ​អន្តរាគមន៍​បន្ថែម​ទៀត​នៅ​តំបន់​អ៊ុយក្រែន​ខាងកើត និង​ជ្រៀតជ្រែក​ដំណើរការ​នយោបាយ​នៅ​ក្នុង​ប្រទេស​ដទៃទៀត​នោះ​ទេ។

ក្រសួង​ការបរទេស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​ថា​ជា«ឱសានវាទ»ឥតខ្លឹមសារ។ ក្រុម​អ្នកវិភាគ​មួយ​ចំនួន​និយាយ​ថា ទណ្ឌកម្ម​ទាំង​នេះ​មិន​មាន​លទ្ធផល​ទៅ​តាម​អ្វី​ដែល​អាមេរិកចង់​បាន​កន្លង​មក​នោះ​ទេ​។

លោក Dmitry Zhdannikov​ បណ្ណាធិការ​សារព័ត៌មានReuters ផ្នែក​ទីផ្សារ​បាន​ថ្លែង​ថា​៖

«ប្រទេស​លោក​ខាងលិច​បាន​សង្ឃឹម​ថា ការ​ដាក់​សម្ពាធ​កាន់​តែ​ច្រើន​ទៅ​លើ​លោក​ Putin នោះ​ទណ្ឌកម្ម​កាន់តែ​ធ្ងន់ធ្ងរ ហើយ​ពួក​ឥស្សរជន​នយោបាយនិង​អ្នក​ជំនួញ​រុស្ស៊ី​កាន់​តែ​មិន​សប្បាយ​ចិត្ត​ ដែល​នឹង​បង្ខំ​ឲ្យ​លោក Putin ផ្លាស់ប្ដូរ​ចំណាត់ការ​របស់​លោក។ ក៏​ប៉ុន្តែ​ការណ៍​នេះ​មិន​បាន​កើត​ឡើង​ទេ​ក្នុង​រយៈពេល​បួន​ឆ្នាំ​ចុងក្រោយ​នេះ ​ហើយ​ផ្ទុយ​ទៅ​វិញ អ្វី​ដែល​យើង​បាន​ឃើញ​គឺ​ផ្ទុយ​ពី​នេះ‍»។ ប៉ុន្តែ​សម្រាប់​ឯក​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​ហៅ​ការ​ដាក់​ទណ្ឌកម្ម​ថ្មី​ថា​«ធ្ងន់ធ្ងរ​ខ្លាំង»។

ពលរដ្ឋ​រុស្ស៊ី​ខ្លះ​បារម្ភ​ថា ពលរដ្ឋ​សាមញ្ញ​នឹង​រង​ផល​ប៉ះពាល់​។​ លោក Aleksandr Zimin ពលរដ្ឋ​រស់នៅ​ទីក្រុង មូស្គូ បាន​មាន​ប្រសាសន៍​ថា​៖ «នេះ​គឺ​ជា​ល្បែង​ដ៏​ធំ​មួយ ហើយ​យើង​ជា​ប្រជាពលរដ្ឋ​គឺ​ជា​កូន​អុក​សម្រាប់​តថ្លៃ​។ យើង​មិន​ដឹង​ពី​ហេតុផល​ពិត​ប្រាកដ​ទេ ដូច្នេះ​អ្វី​ដែល​យើង​អាច​ធ្វើ​បាន​គឺ​ការ​ឃ្លាំមើល​ទណ្ឌកម្ម​ទាំងអស់​នេះ ហើយ​តស៊ូ​រស់នៅ​ឬ​ផ្លាស់ប្តូរ​ជីវិត​របស់​យើង​ដើម្បី​កុំ​ឲ្យ​ទណ្ឌកម្ម​ឬឥទ្ធិពល​ខាង​ក្រៅ​អាច​ប៉ះពាល់​ដល់​យើង​បាន​»។

ការ​ដាក់​ទណ្ឌកម្ម​ថ្មី​របស់​អាមេរិក​មក​លើ​ប្រទេស​រុស្ស៊ី​នឹង​ត្រូវ​ចូល​ជា​ធរមាន​នៅ​ថ្ងៃ​ទី ​២២ ខែ សីហា ក្រោម​ច្បាប់​របស់​អាមេរិក​ស្ដី​ពី​ការ​ហាមឃាត់​អាវុធគីមី​និង​អាវុធ​ជីវសាស្ត្រ៕

ប្រែសម្រួល​ដោយ ហេង រស្មី