ក្រុម​អ្នក​រឹតត្បិត​ព័ត៌មាន​រុស្ស៊ី​រក​ជំនួយ​ពី​ចិន​ដើម្បី​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​ឲ្យ​បាន​ខ្លាំង​ជាង​មុន

  • Daniel Schearf

ហ្វេសប៊ុក

ក្រុម​អាជ្ញាធរ​រុស្ស៊ី​កំពុង​ស្វែង​រក​ការ​គ្រប់គ្រង​ខ្លាំង​ជាង​មុន​​​លើ​ព័ត៌មាន​តាម​អ៊ីនធឺណិត​​ ដោយ​មាន​អ្នក​ខ្លះ​​ចង់​ឲ្យ​មាន​ការ​រឹតត្បិត​កាន់​តែ​ខ្លាំង​នោះ​ បាន​ងាក​ទៅ​រក​ចិន​ដើម្បី​សុំ​ជំនួយ។

ក្រុម​មួយមាន​ឈ្មោះ​ថា «ក្រុម​សុវត្ថិភាព​អ៊ីនធឺណិត‍» (Safe Internet League) ​របស់​រុស្ស៊ី​ដែល​ជា​ក្រុម​បញ្ចុះ​បញ្ចូល​ដ៏​មាន​ឥទ្ធិពលមួយ​ បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​វេទិកា​លើក​ដំបូង​បំផុត​មួយ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​មេសា កន្លង​ទៅ នៅ​ទី​ក្រុង​មូស្គូ​ ដោយ​មាន​ទាំង​ក្រុម​រឹតត្បិត​ព័ត៌មាន​បណ្តាញ​អ៊ីន​ធឺណិត​កំពូលៗ​មក​ពី​ប្រទេស​ចិន​ រួម​មាន​លោក​ Fang Binxing ដែល​គេ​ស្គាល់​ថា​ជា​ «បិតា​នៃ​មហាកំពែង​អ៊ីនធឺណិត​របស់​ចិន» (the Great Firewall of China) ដែល​សំដៅ​ទៅ​លើ​ប្រព័ន្ធ​ការពារ​បណ្តាញ​អ៊ីនធឺណិត​របស់​ប្រទេស​ចិន។​

មតិ​យោបល់​វាគ្មិន​នៅ​ក្នុង​ព្រឹត្តិការណ៍​នោះ​ បាន​គូស​បញ្ជាក់​អំពី​បំណង​ប្រាថ្នា​របស់​អាជ្ញាធរ​ក្នុង​ការ​ដាក់​កម្រិត​បន្ថែម​ទៀត​ និង​ការគ្រប់​គ្រង​ព័ត៌មាន​តាម​អនឡាញ (តាម​ប្រព័ន្ធ​អ៊ីន​ធឺណិត)។

លោក​ Fang​ បាន​បង្រៀន​ពី​ «អធិបតេយ្យភាព​តាម​ប្រព័ន្ធ​អ៊ីនធឺណិត»​ (cyber sovereignty) ដោយ​បាន​អះអាង​ថា ព្រំដែនជាក់ស្តែង​របស់​ប្រទេស​នានា​ក៏​ត្រូវមាននៅ​លើ​ពិភព​បណ្តាញ​អ៊ីនធឺណិត​ផង​ដែរ​ ហើយ​«ការ​ជ្រៀត​ជ្រែក​ពី​បរទេស»​មិន​គួរ​ត្រូវ​លើកលែង​ឲ្យទេ។​

លោក Lu Wei ប្រធាន​ផ្នែក​សន្តិសុខ​តាម​បណ្តាញ​អ៊ីនធឺណិត​និង​គោល​នយោបាយ​អំពី​អ៊ីនធឺណិត​របស់​ប្រទេស​ចិន និយាយ​ថា​ សេរីភាព​តាម​បណ្តាញ​អ៊ីនធឺណិត​មិន​មែន​ជា​សិទ្ធិ​ទេ​ ប៉ុន្តែ​ជា​ការ​ទទួល​ខុស​ត្រូវ​ដែល​ត្រូវ​គេពិនិត្យ​តាមដាន​ក្នុង​គោល​បំណង​ការពារ​សកម្មភាព​ដែល​ឈាន​ដល់​អំពើ​ភេរវកម្ម។ នេះ​បើ​យោង​តាម​ការ​បង្ហោះ​មួយ​តាម​បណ្តាញ​បណ្តាញ Twitter របស់​អ្នក​យក​ព័ត៌មាន​កាសែត​ Financial Times។ លោក​ Lu​ បាន​បន្ទរ​តាម​ពាក្យ​ឃោសនា​របស់​វិមាន​ក្រឹមឡាំង (Kremlin) (រុស្ស៊ី) ​ដែល​បាន​និយាយ​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិច​ កំពុង​បើក​ការ​ប្រយុទ្ធ​ «សង្គ្រាម​ព័ត៌មាន»​ ប្រឆាំង​នឹង​ប្រទេស​របស់​ពួក​គេ។

ទាំង​វាគ្មិនចិន​និង​រុស្ស៊ី​ បាន​ត្អួញត្អែរ​ពីឥទ្ធិពល​គ្រប់គ្រង​របស់​ក្រុមហ៊ុន​អាមេរិក​ជា​ច្រើន​ទៅ​លើ​ប្រព័ន្ធ​អ៊ីនធឺណិត។ លោក​ Konstantin Malofeev គឺ​ជា​ប្រធាន​នៃ​«ក្រុម​សុវត្ថិភាព​អ៊ីនធឺណិត‍»​ និង​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​វិមាន​ក្រឹមឡាំង​ និងក្រុម​ឧទ្ទាម​គាំទ្រ​ដោយ​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន។ លោក​និយាយ​ថា ប្រទេស​រុស្ស៊ី​គួរ​តែ​រៀន​ពី​ការ​អនុវត្ត​ជាក់​ស្តែង​អំពី​ការ​រឹត​បន្តឹង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន​ និង​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​អំពី​អធិបតេយ្យភាព​លើ​បណ្ដាញ​អ៊ីន​ធឺណិត​របស់​ខ្លួន។

រូបភាព​ឯកសារ៖ អ្នក​ប្រើប្រាស់​ម្នាក់​នៃ​គេហទំព័រ​បណ្តាញ​សង្គម​ដែល​ពេញ​និយម​ជាង​គេ​នៅ​ប្រទេស​រុស្ស៊ីដែល​មាន​ឈ្មោះ​ថា Vkontakte កាន់​ទូរស័ព្ទ​ iPhone បង្ហាញ​ទំព័រ​គណនី​របស់​លោក Pavel Durov ដែល​ជា​អតីត​នាយក​ប្រតិបត្តិ​ និង​ស្ថាបនិក​បណ្តាញ​សង្គម​មួយ​នេះ​នៅ​ Red Square ក្រុងមូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃ​ពុធ ទី​២៣ ខែ​មេសា ឆ្នាំ​២០១៤។ (AP Photo/Pavel Golovkin)

អ្នក​ជំនាញ​ផ្នែក​អ៊ីនធឺណិត​របស់​រុស្ស៊ី​និយាយ​ថា​ ពេលវេលា​នៃ​វេទិកា​នេះ​ និង​ភ្ញៀវ​ល្បីៗ​ជា​ច្រើន​បាន​បញ្ជាក់​ពី​ភាព​បន្ទាន់​នៃ​កិច្ចប្រឹងប្រែង​របស់​វិមាន​ក្រឹមឡាំង​ក្នុង​ការ​ព្យាយាម​គ្រប់គ្រង​ព័ត៌មាន​នៅ​មុន​ពេល​មាន​ការ​បោះ​ឆ្នោត​សភាជាតិ​ដែល​នឹង​មក​ដល់​នៅ​ចុង​ឆ្នាំ​នេះ និង​ការ​បោះឆ្នោត​ប្រធានាធិបតី​នៅ​ឆ្នាំ​២០១៨។

លោក​ Andrei Soldatov ​សហ​និពន្ធ​នៃ​សៀវភៅ​ វិបសាយ​ក្រហម៖ ការ​តស៊ូ​រវាង​ជន​ផ្តាច់ការ​ផ្នែក​ឌីជីថល​របស់​រុស្ស៊ី​ និង​ជន​បដិវត្តន៍​ថ្មី​តាម​អ៊ីនធឺណិត​ បាន​និយាយ​តាម​ប្រព័ន្ធ​ Skype​ ជាមួយ​ VOA ថា៖

«ខ្ញុំ​យល់​ថា​ នេះ​ឆ្លុះ​បញ្ចាំង​ពី​កម្រិត​នៃ​ភាព​អន្ទះអន្ទែង​នៅ​ក្នុង​វិមាន​ក្រឹមឡាំង។ ពួក​គេ​នឹង​មាន​ការ​បោះ​ឆ្នោត​ដែល​នឹង​មក​ដល់។ ហើយ​វា​ហាក់​ដូច​ជា​ថា​ ពួក​គេ​ត្រូវ​ការ​រក​ដំណោះ​ស្រាច​ជា​ចាំ​បាច់​ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា​ ពួក​គេ​អាច​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​នៅ​មុន​ការ​បោះ​ឆ្នោត»។

អាជ្ញាធរ​រុស្ស៊ី​បាន​បង្កើន​ការ​ឆែក​ឆេរ​តាម​បណ្ដាញ​សង្គម​តាម​អ៊ីនធឺណិត​ បន្ទាប់​ពី​បណ្តាញ​សង្គម​បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​រៀបចំ​ប្រមូល​ផ្តុំគ្នា​ដើម្បី​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រឹមឡាំងពី​ឆ្នាំ​២០១១​ដល់​ឆ្នាំ​២០១២។

វិធី​មួយ​ដែល​រុស្ស៊ី​កំពុង​ព្យាយាម​ធ្វើ​ត្រាប់​តាម​ការ​គ្រប់គ្រង​ប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន​គឺ​ការ​បង្ខំ​ឲ្យ​ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត​បរទេស​ទាំង​អស់ ប្រព័ន្ធ​កុំព្យូទ័រ​មេ server របស់​ខ្លួន​ដែល​មានទិន្នន័យ​ពី​ប្រទេស​រុស្ស៊ី​ ឲ្យ​មាន​មូលដ្ឋាន​នៅ​ក្នុង​ប្រទេស​រុស្ស៊ី។

លោក Soldatov​ និយាយ​ថា៖

«និយាយ​ឲ្យ​ស្រួល​យល់​ទៅ​ គំនិត​របស់​ភ្នាក់ងារ​ស៊ើបការណ៍របស់​រុស្ស៊ី​ គឺ​ការ​មាន​លទ្ធភាព​ចូល​ទៅ​ក្នុង​បណ្តាញ​ព័ត៌មាន​ដោយ​ផ្ទាល់​ នៅ​ក្នុងម៉ាស៊ីន​ servers របស់​ក្រុមហ៊ុន​ផ្គត់​ផ្គង់​អ៊ីនធឺណិត​ និង​ស្ថាប័ន​ដែល​សរសេរ​ខ្លឹម​សារ​ព័ត៌មាន​ទាំង​អស់​នៅ​លើ​ទឹក​ដី​រុស្ស៊ី»។

លោក​ពន្យល់បន្ត​ថា៖

«នេះ​មាន​ន័យ​ថា នៅ​ខណៈ​ដែល​ក្រុមហ៊ុន​ ហ្គូហ្គល (Google) ឬ​ ហ្វេសប៊ុក (Facebook)​ ឬ​ទ្វីតធឺ (Twitter)​ មាន​សាខា​នៅ​ក្នុង​ប្រទេស​រុស្ស៊ី រាល់​ទិន្នន័យ​ទាំង​អស់​របស់​ពួក​គេ​ ដែល​បូក​រួម​ទាំង​បច្ចេកវិទ្យា​ផង​ ខ្ញុំ​ចង់​និយាយ​ថា​ បច្ចេកវិទ្យា​សម្រាប់​បំប្លែង​លេខ​កូដ​សម្ងាត់​ផង នឹង​ត្រូវ​បាន​ចូលមើល​ដោយអង្គភាព​សន្តិសុខរបស់​រុស្ស៊ី​ភ្លាមៗ»។​

ស្រប​ពេល​ដែលរហូត​មក​ដល់​ពេល​នេះ ​ក្រុមហ៊ុន​មក​ពី​បស្ចិម​ប្រទេស​បដិសេធ​មិន​ដាក់​បណ្តាញ​ servers របស់​ពួក​គេ​នៅ​ប្រទេស​រុស្ស៊ី ក្រុម​ហ៊ុន​ចិន​ត្រូវ​បាន​គេ​កោត​សរសើរ​នៅ​ក្នុង​វេទិកា​កាល​ពី​ថ្ងៃទី ​២៦ មេសា​កន្លង​ទៅ​នេះ ​ ចំពោះ​ការ​ដែល​ពួក​គេ​ចាប់​ផ្តើម​អនុវត្ត​តាម​ការ​ទាមទារ​នេះ៕

ប្រែ​សម្រួល​ដោយ​ នៀម ឆេង