កាសែត Washington Post រាយការណ៍ថាលោក Jared Kushner ដែលជាកូនប្រសារប្រុសនិងជាទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីស.រ.អា. Donald Trump បានពិភាក្សាជាមួយឯកអគ្គរដ្ឋទូតរុស្សីប្រចាំរដ្ឋធានី វ៉ាស៊ីនតោនអំពីលទ្ធភាពនៃការបង្កើតបណ្តាញទាក់ទងសម្ងាត់មួយរវាងពួកអន្តរកាលរបស់លោក Trump ជាមួយអាជ្ញាធរវិមានក្រឹមឡាំង។
កាលពីថ្ងៃសុក្រ សារព័ត៌មាន Washington Post បានដកស្រង់ពាក្យសម្តីមន្ត្រីស.រ.អា.ដែលបាននិយាយថាចំណាត់ការនេះមានគោលដៅលាក់បាំងការពិភាក្សារបស់ពួកគេនៅមុនការសម្ពោធតំណែងរបស់ Trump កុំឱ្យគេពិនិត្យពិច័យ។
ប្រភពរបស់កាសែត Washington Post បាននិយាយថាឯកអគ្គរដ្ឋទូត Sergei Kislyak បានរាយការណ៍ប្រាប់ពួកនាយចៅហ្វាយគាត់នៅក្នុងក្រុងម៉ូស្គូថា Kushner បានធ្វើសំណើនេះនៅក្នុងជំនួបមួយកាលពីដើមខែធ្នូនៅឯអាគារ Trump Tower ក្នុងបូរី New York។ ប្រភពទាំងនេះបាននិយាយថាគេបានដឹងព័ត៌មានទាំងនេះតាមរយៈការស្ទាក់ស្តាប់ការនិយាយទាក់ទងគ្នារវាងពួកមន្ត្រីរុស្សីដែលបានត្រូវពិនិត្យផ្ទៀងផ្ទាត់ដោយពួកមន្ត្រីស.រ.អា.។
កាលពីថ្ងៃព្រហស្បតិ៍ បណ្តាញផ្សាយព័ត៌មានស.រ.អា.បានរាយការណ៍ថាការិយាល័យ FBI កំពុងស៊ើបអង្កេត Kushner នៅក្នុងការស៊ើបអង្កេតរបស់ខ្លួនអំពីលទ្ធភាពនៃការឃុបឃិតគ្នារវាងពួកអ្នកឃោសនាបោះឆ្នោតឱ្យ Trump ជាមួយប្រទេសរុស្សី។ កាលពីសប្តាហ៍មុន កាសែត Washington Post បានរាយការណ៍ថាមន្ត្រីជាន់ខ្ពស់ម្នាក់នៃសេតវិមានជិតស្និទ្ធនឹងប្រធានាធិបតីជាការផ្តោតការយកចិត្តទុកដាក់ក្រាស់ក្រែលនៅក្នុងការស៊ើបអង្កេតកម្រិតខ្បស់នេះ ទោះណាជាសារព័ត៌មាននេះមិនបានបញ្ចេញឈ្មោះ Kushner នៅពេលនោះក៏ដោយ៕