ប្រទេសរុស្ស៊ីបានព្រមានលោកខាងលិចនិងអ៊ុយក្រែនកាលពីថ្ងៃសុក្រអំពី«ភយន្តរាយ»បើអ៊ុយក្រែនវាយប្រហារបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់រុស្ស៊ី។ នេះបើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters។ រុស្ស៊ីថា ខ្លួននឹងធ្វើអន្តរាគមន៍ដើម្បីការពារប្រទេសមួយដែលខ្លួនបានដាក់ពង្រាយអាវុធនុយក្លេអ៊ែរកលយុទ្ធ។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី អ្នកស្រី Maria Zakharova បានថ្លែងប្រាប់ក្រុមអ្នករាយការណ៍ព័ត៌មានថា រុស្ស៊ីបារម្ភចំពោះអ្វីដែលអ្នកស្រីហៅថាជាសកម្មភាព«អុជអាល»កាន់តែខ្លាំងនៅតាមព្រំដែនជាមួយបេឡេរុស។ អ្នកស្រីថាអ្នកស្រីមិនបដិសេធថាអាចមានការប៉ុនប៉ងបង្កើនភាពតានតឹងនៅក្នុងតំបន់នោះទេ។
ប៉ុន្មានថ្ងៃក្រោយពីការរុលចូលដ៏គួរឲ្យភ្ញាក់ផ្អើលរបស់អ៊ុយក្រែនទៅក្នុងតំបន់ Kursk របស់រុស្ស៊ីនៅថ្ងៃទី៦ខែសីហា មេដឹកនាំប្រទេសបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តដ៏ស្មោះត្រង់ម្នាក់របស់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានលើកឡើងដោយមិនបង្ហាញភស្តុតាងថាអ៊ុយក្រែនអាចមានគំនិតវាយប្រហារបេឡារុស។
បេឡារុស ដែលបានចោទអ៊ុយក្រែនថា បានបង្ហោះដ្រូនរំលោភចូលដែនអាកាសរបស់ខ្លួន ក្រោយមកក៏បានប្រកាសថាខ្លួនបានបញ្ជូនទ័ពបន្ថែមទៀតទៅកាន់ព្រំដែនជាប់អ៊ុយក្រែន ទោះបីជាអ៊ុយក្រែនថាខ្លួនមិនឃើញមានការផ្លាស់ប្តូរធំដំនៅតាមតំបន់ព្រំដែននោះក៏ដោយ។
ក្រសួងការបរទេសអ៊ុយក្រែននិយាយកាលពីខែមុនថាអ៊ុយក្រែន«មិនដែលហើយនឹងមិនចាត់វិធានការអមិត្រណាមួយប្រឆាំងប្រជាជនបេឡារុសទេ»។
ដោយនិយាយយ៉ាងច្បាស់សំដៅដល់ការរុលចូលរបស់អ៊ុយក្រែនទៅក្នុងតំបន់ Kursk អ្នកស្រី Zakharova ថាប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានបង្ហាញថា លោកមានសមត្ថភាពចំពោះអ្វីដែលអ្នកស្រីហៅថាជា«ជំហានធ្វេសប្រហែស» ដោយចោទលោកថាបានសម្របសម្រួលសកម្មភាពរបស់លោកជាមួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោននៅមុនការបោះឆ្នោតប្រធានាធិបតីអាមេរិកក្នុងខែវិច្ឆិកា។
អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីដដែលថារុស្ស៊ីនិងបេឡេរុស គឺជា«រដ្ឋសម្ព័ន្ធ» ហើយរួមគ្នាការពារព្រំដែនរួមរបស់ប្រទេសទាំងពីរ ដោយបង្ហាញថាក្រុមយោធាតំបន់រួមគ្នា ត្រូវបានដាក់ពង្រាយក្នុងប្រទេសបេឡេរុសរួមជាមួយអាវុធនុយក្លេអ៊ែរកលយុទ្ធផង៕