រុស្ស៊ីនិងអ៊ុយក្រែនបាញ់ទម្លាក់ដ្រូនក្នុងការវាយប្រហារពេលយប់

ក្រុមអ្នក​ជួយសង្គ្រោះ​កំពុង​ប្រតិបត្តិការ​អគារ​មួយ​ដែល​រងការ​វាយប្រហារ​នៅ​ក្រុង Kupiansk នៃតំបន់ Kharkiv ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤។ (Handout / UKRAINIAN EMERGENCY SERVICE / AFP)

រុស្ស៊ី ​និង​អ៊ុយក្រែន​បាន​និយាយ​រៀងៗ​ខ្លួន​ថា​ ពួកគេ​បាន​រារាំង​ការ​វាយ​ប្រហារ​ដោយ​ដ្រូន​ទៅ​វិញ​ទៅ​មក​នៅថ្ងៃ​ព្រហស្បតិ៍នេះ។​

យោធា​អ៊ុយក្រែន​បាន​រាយការណ៍​ថា​ បាន​បាញ់​ទម្លាក់​ដ្រូន​ចំនួន​ ២២ ​គ្រឿង​នៃ​ដ្រូន​ចំនួន​៣៣​គ្រឿង ​ដែល​រុស្ស៊ី​បាន​បង្ហោះ​វាយ​ប្រហារ​ពេញ​មួយ​យប់​ និង​បាន​អះអាង​បន្ថែម​ថា​ ដ្រូន​ជាច្រើន​ផ្សេងទៀត​ដែល​បាន​ឆ្លង​ផុត​ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​អ៊ុយក្រែន​ មិន​បាន​ទៅ​ដល់​គោលដៅ​ទេ។​

ដ្រូន​ភាគច្រើន​ត្រូវ​បញ្ជា​តម្រង់​ទៅ​ភាគខាង​ជើង​ និង​ខាងត្បូង​អ៊ុយក្រែន​ រួម​មាន​តំបន់ ​Sumy, Kherson ​និង​ Dnipropetrovsk។​

ក្រសួង​ការពារជាតិ​រុស្ស៊ី​បាន​និយាយ​ថា ​ប្រព័ន្ធការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បំផ្លាញ​ ដ្រូន​របស់​អ៊ុយក្រែន​មួយ​គ្រឿង​នៅតំបន់​មូស្គូ​ រីឯ​ដ្រូន​មួយ​ទៀត​ត្រូវ​បាន​ស្ទាក់​នៅ​ជិតក្រុង St. Petersburg ​ដែល​ជា​ទីក្រុង​ធំទីពីរ​របស់​រុស្ស៊ី។​

អភិបាល​ក្រុងមូស្គូ ​លោក ​Sergei Sobyanin ​បាន​និយាយ​តាម ​Telegram ​ថា ​មិន​មាន​មនុស្ស​ស្លាប់​និង​របួស​ទេ​ ហើយក៏​មិនមាន​ការ​ខូចខាត​បណ្តាល​មកពីកម្ទេច​កំទីរបស់​ដ្រូន​ធ្លាក់​នោះ​ដែរ៕​

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ Reuters។