ក្រសួងការពារជាតិចក្រភពអង់គ្លេសបាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនរំពឹងថា រុស្ស៊ីនឹងប្រើយុទ្ធសាស្ត្រដូចគ្នាដែលខ្លួនប្រើដើម្បីដណ្តើមយកស្ទើរតែទាំងអស់នៃខេត្ត Luhansk ភាគខាងកើតអ៊ុយក្រែន ខណៈរុស្ស៊ីជំរុញការកាន់កាប់ខេត្ត Donetsk និងឈានដល់គោលដៅដើម្បីកាន់កាប់តំបន់ Donbas ទាំងមូល។
ក្រសួងនេះបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា «សង្គ្រាមនៅតំបន់ Donbas ត្រូវបានកំណត់ថា មានអត្រារុលចូលយឺតៗ និងការបាញ់របស់កងកាំភ្លើងធំរុស្ស៊ីដ៏ច្រើនដែលកំពុងបំផ្លាញទីក្រុងនានា។ ការប្រយុទ្ធគ្នានៅតំបន់ Donetsk Oblast នឹងបន្តតាមរបៀបនេះ»។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin កាលពីថ្ងៃចន្ទបានប្រកាសជ័យជម្នះនៅក្នុងខេត្ត Luhansk ខណៈកងទ័ពអ៊ុយក្រែនបានដកថយពីបន្ទាយចុងក្រោយគេនៅក្នុងទីក្រុង Lysychansk ។ អ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីឥឡូវនេះកំពុងព្យាយាមរុលទៅកាន់ទីក្រុង Siversk ក្រុង Fedorivka និងក្រុង Bakhmut ក្នុងខេត្ត Donetsk ដែលប្រហែលពាក់កណ្តាលត្រូវបានគ្រប់គ្រងដោយរុស្ស៊ី។
រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu បានរាយការណ៍ប្រាប់លោក Putin នៅក្នុងកិច្ចប្រជុំតាមទូរទស្សន៍មួយកាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីបានកាន់កាប់ខេត្ត Luhansk។ ជាការឆ្លើយតបលោក Putin បាននិយាយថា អង្គភាពយោធា«ដែលបានចូលរួមក្នុងសកម្មប្រយុទ្ធនិងទទួលបានជ័យជំនះ» នៅក្នុងខេត្ត Luhansk «គួរតែសម្រាក បង្កើនសមត្ថភាពប្រយុទ្ធរបស់ពួកគេ»។
អភិបាលខេត្ត Luhansk របស់អ៊ុយក្រែន លោក Serhiy Haidai បានប្រាប់បណ្តាញព័ត៌មាន The Associated Press កាលពីថ្ងៃចន្ទថា កងកម្លាំងអ៊ុយក្រែនបានដកថយពីទីក្រុង Lysychansk ដើម្បីចៀសវាងការឡោមព័ទ្ធ។ លោក Haidai បាននិយាយថា៖ «មានហានិភ័យនៃការឡោមព័ទ្ធ ជំរុញទីក្រុង Lysychansk»។ លោកពន្យល់ថា ទាហានអ៊ុយក្រែនអាចនៅយូរជាងនេះ ប៉ុន្តែអាចប្រឈមគ្រោះថ្នាក់ស្លាប់ និងរបួសជាច្រើននាក់។
លោក Haidai បាននិយាយថា៖ «យើងបានចាត់ចែងការដកនិងជម្លៀសអ្នករបួសទាំងអស់។ យើងបានយកឧបករណ៍ទាំងអស់មកវិញ ដូច្នេះចាប់ពីចំណុចនេះ ការដកថយត្រូវបានរៀបចំយ៉ាងល្អ»។ លោក Haidai បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Reuters ថា បាត់បង់ Lysychansk មិនអ្វីសំខាន់ទេ ហើយថា អ៊ុយក្រែនត្រូវការឈ្នះសង្រ្គាមទាំងមូល មិនមែនការប្រយុទ្ធដើម្បីទីក្រុងនេះទេ។ លោកបាននិយាយកាលពីថ្ងៃចន្ទថា «វាឈឺចាប់ណាស់ ប៉ុន្តែវាមិនមែនជាការចាញ់សង្គ្រាមទេ»។
អគ្គសេនាធិការអ៊ុយក្រែនបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីក្រៅពីការរុញច្រានឆ្ពោះទៅកាន់ទីក្រុង Siversk ក្រុង Fedorivka និងក្រុង Bakhmut ក៏កំពុងបាញ់ផ្តក់លើទីតាំងរឹងមាំសំខាន់ៗរបស់អ៊ុយក្រែននៅ Sloviansk និង Kramatorsk ដែលកាន់តែជ្រៅនៅក្នុងខេត្ត Donetsk។
អាជ្ញាធរអ៊ុយក្រែនបាននិយាយថា កាលពីថ្ងៃអាទិត្យ មនុស្ស៦នាក់ រួមទាំងក្មេងស្រីអាយុ៩ ឆ្នាំម្នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Sloviansk ហើយមនុស្ស១៩នាក់ផ្សេងទៀតបានរងរបួស។ ទីក្រុង Kramatorsk ក៏ត្រូវបានបាញ់ផ្លោងកាលពីថ្ងៃអាទិត្យផងដែរ។
លោក Volodymyr Zelenskyy ប្រធានាធិបតីអ៊ុយក្រែនបាននិយាយនៅក្នុងសុន្ទរកថាតាមវីដេអូពេលយប់កាលពីថ្ងៃចន្ទថា ប្រទេសរបស់លោកត្រូវការជំនួយសេដ្ឋកិច្ចដើម្បីចាប់ផ្តើមកសាងឡើងវិញ ទោះបីជាការប្រយុទ្ធនៅតែបន្តក៏ដោយ៕
(ព័ត៌មានខ្លះក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន The Associated Press ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន Agence France-Presse។)