រដ្ឋាភិបាលក្រុងមូស្គូនឹងវាយតម្លៃលោក Donald Trump លើ«សកម្មភាព»របស់លោក ជាពិសេសទាក់ទងនឹងការកាត់បន្ថយការគាំទ្ររបស់អាមេរិកសម្រាប់អ៊ុយក្រែន។ នេះជាក្តីសង្ឃឹមដែលជនជាតិរុស្ស៊ីមួយចំនួនមានកាលពីថ្ងៃពុធ បន្ទាប់ពីជ័យជម្នះការបោះឆ្នោតរបស់មហាសេដ្ឋីរូបនេះ។
អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានកត់សម្គាល់ថា៖ «យើងបាននិយាយម្តងហើយម្តងទៀតថា សហរដ្ឋអាមេរិកស្ថិតក្នុងជំហរមួយដើម្បីបញ្ចប់ជម្លោះនេះ» ហើយលោក Donald Trump នឹងត្រូវបានវាយតម្លៃ «លើសកម្មភាពជាក់ស្តែង»។
លោក Dmitry Peskov បាននិយាយថា សហរដ្ឋអាមេរិកជាអ្នកដែលកំពុងតែ«បញ្ឆេះជម្លោះនេះ» ដោយសារតែខ្លួនបានផ្គត់ផ្គង់សព្វាវុធ និងលុយកាក់ដល់អ៊ុយក្រែន ចាប់តាំងពីរុស្ស៊ីបានបើកការវាយប្រហារលើប្រទេសជិតខាងនេះ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។
ប្រធានាធិបតីជិតផុតអាណត្តិលោក Joe Biden គឺជាអ្នកគាំទ្រដ៏សំខាន់របស់អ៊ុយក្រែន ជាពិសេសតាមរយៈការផ្តល់អាវុធដ៏ច្រើនសន្ធឹកសន្ធាប់ ដែលអនុញ្ញាតឱ្យអ៊ុយក្រែយមានសមត្ថភាពទប់ទល់នឹងកងទ័ពរុស្ស៊ីដ៏មានឥទ្ធិពលជាងខ្លួន។
ក្នុងអំឡុងពេលនៃយុទ្ធនាការបោះឆ្នោត លោក Donald Trump បានបរិហារឥតឈប់ឈរនូវការចំណាយដ៏ច្រើនដែលទីក្រុងវ៉ាស៊ីនតោនបានបញ្ចេញ ហើយលោកបានសន្យាថានឹងដាក់ឱ្យមានសន្តិភាព«ក្នុងរយៈពេល២៤ម៉ោង» ដើម្បីបញ្ចប់ការប្រយុទ្ធគ្នា ដែលចាប់ផ្តើមដោយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ។
អធិការបតីអឺរ៉ុប និងប្រទេសអ៊ុយក្រែនបារម្ភថា លោក Donald Trump នឹងបង្ខំរដ្ឋាភិបាលក្រុងកៀវ ឱ្យចរចាជាមួយរុស្ស៊ី លើលក្ខខណ្ឌអំណោយផលសម្រាប់រដ្ឋាភិបាលក្រុងមូស្គូ៕