ប្រទេសរុស្ស៊ីបានប្រាប់ឲ្យដឹងកាលពីថ្ងៃសៅរ៍ម្សិលមិញថា ខ្លួននឹងធ្វើជាម្ចាស់ផ្ទះរៀបចំការចរចាស្តីពីប្រទេសអាហ្វហ្គានីស្ថាននៅថ្ងៃទី៩ ខែវិច្ឆិកា ជាមួយពួកអ្នកតំណាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមតាលីបាន នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរុស្ស៊ីនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
រដ្ឋាភិបាលក្រុងមូស្គូបានប្រាប់ឲ្យដឹងថា ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani និងក្រុមតាលីបានបានយល់ព្រមបញ្ជូនគណៈប្រតិភូទៅកាន់សន្និសីទនេះ។
សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសរុស្ស៊ីបានប្រាប់ឲ្យដឹងថា «នេះជាលើកទី១ហើយដែលគណៈប្រតិភូរបស់ការិយាល័យនយោបាយចលនាតាលីបាននៅក្នុងទីក្រុងដូហា នឹងចូលរួមការចរចាអន្តរជាតិក្នុងកម្រិតបែបនេះ»។
ទោះជាយ៉ាងណាក៏ដោយ ក្រសួងការបរទេសអាហ្វហ្គានីស្ថានមិនបានបញ្ជាក់ថា រដ្ឋាភិបាលក្រុងកាប៊ុល នឹងចូលរួមការចរចានេះដែរឬទេ។
លោក Sebghatullah Ahmadi អ្នកនាំពាក្យក្រសួងការបរទេសអាហ្វហ្គានីស្ថាន បានប្រាប់ទីភ្នាក់ងារព័ត៌មាន AFP ថា «យើងនៅកំពុងចរចានិងពិភាក្សាជាមួយពួកមន្រ្តីរុស្ស៊ីនៅឡើយអំពីសន្និសីទនេះ។ យើងមិនបានឈោងដល់កិច្ចព្រមព្រៀងណាមួយនៅឡើយទេ»។
រដ្ឋាភិបាលក្រុងមូស្គូបាននិយាយថា ខ្លួនក៏បានអញ្ជើញពួកអ្នកតំណាងមកពីសហរដ្ឋអាមេរិកនិងឥណ្ឌា អ៊ីរ៉ង់ ចិន ប៉ាគីស្ថាននិងអតីតសាធារណរដ្ឋរបស់សហភាពសូវៀត៥ទៀតនៅតំបន់អាស៊ីកណ្តាលឲ្យចូលរួមសន្និសីទនេះដែរ៕