រុស្ស៊ី​​វាយ​ប្រហារ​តាម​អាកាស​​លើ​តំបន់ Odesa

បំណែក​មួយ​នៃ​មីស៊ីល Kalibr របស់​រុស្ស៊ី​ត្រូវ​គេ​ឃើញ​ក្នុង​អគារ​ដែល​ខូចខាត​មួយ​កន្លែង​ដោយ​សារ​ការ​វាយប្រហារ​តាម​អាកាស​ពី​រុស្ស៊ី នៅ​ក្នុង​ទី​ក្រុង Odesa របស់​អ៊ុយក្រែន កាល​ពី​ថ្ងៃ​ទី​១៨ ខែ​កក្កដា ឆ្នាំ​២០២៣។

យោធា​អ៊ុយក្រែន​បាន​បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ​ប្រទេស​រុស្ស៊ី​បាន​ប្រើ​មីស៊ីល​ស្វ័យ​នាំ​ផ្លូវ​និង​ដ្រូន Shahed​ ផលិត​នៅ​អ៊ីរ៉ង់​ដើម្បី​វាយ​ប្រហារ​លើ​តំបន់ Odesa កាលពី​យប់​ថ្ងៃ​អង្គារ ដោយ​បណ្ដាល​ឱ្យខូចខាតអគារ​កំពង់​ផែ​និង​ផ្ទះ​សម្បែង​នានា។

យោធា​អ៊ុយក្រែន​បាន​បន្ថែម​ថា ប្រព័ន្ធ​ការពារ​ដែន​អាកាស​របស់​ខ្លួន​បាន​បាញ់​ទម្លាក់​មីស៊ីល Kalibr ៦ គ្រឿង​និង​ដ្រូន ២១ គ្រឿង​ដែល​បាញ់​ពី​លើ​តំបន់ Odesa ប៉ុន្តែ​ថា ​កម្ទេចកំទី​បាក់បែក​និង​រលក​នៃ​ការ​ផ្ទុះ​របស់​មីស៊ីល​និង​ដ្រូន​ទាំង​នេះ​បាន​បណ្ដាល​ឱ្យ​អគារ​ខ្លះ​នៅ​លើ​ដី​រង​ការ​ខូចខាត។

អ៊ុយក្រែន​បាន​លើកឡើង​ថា ខ្លួន​ក៏​បាន​បាញ់​ទម្លាក់​ដ្រូន​ដែល​ហោះ​កាត់​ពី​លើ​តំបន់ Mykolaiv នៅ​ភាគ​ខាង​ត្បូង​ប្រទេស ផងដែរ និង​ថា​យោធា​បាន​បាញ់​ទម្លាក់​ដ្រូន ៣១ គ្រឿង​ក្នុង​ចំណោម ៣៦ គ្រឿង​នៅ​ទូទាំង​ប្រទេស។

តំបន់ Odesa គឺ​ជា​ទីតាំង​របស់​កំពង់ផែ​ជា​ច្រើន​ដែល​ជា​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម​គ្រាប់​ធញ្ញជាតិ​សមុទ្រ​ខ្មៅ (Black Sea Grain Initiative) ដែល​សម្របសម្រួល​ដោយ​អង្គការ​សហប្រជាជាតិ​និង​ប្រទេស​តួកគី​នៅ​ក្នុង​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​របស់​អ៊ុយក្រែន​ទៅ​កាន់​ទីផ្សារ​ពិភពលោក។

បេសកជន​សន្តិភាព​របស់​សម្ដេច​ប៉ាប Francis នឹង​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden នៅ​រដ្ឋធានី​វ៉ាស៊ីនតោន ​សហរដ្ឋ​អាមេរិក​ក្នុង​សប្ដាហ៍​នេះ​នៅ​ក្នុង​ផ្នែក​មួយ​នៃ​គម្រោង​ផ្ដួចផ្ដើម​សន្តិភាព​របស់​រដ្ឋាភិបាល​របស់​សម្ដេច​ប៉ាប​សម្រាប់​ប្រទេស​អ៊ុយក្រែន។ សេតវិមាន​និង​បូរីវ៉ាទីកង់​បាន​ប្រកាស​ដូច​នេះ​កាលពី​ថ្ងៃ​ចន្ទ។

ព័ត៌មាន​ទាក់ទង៖ មន្ត្រី​រុស្ស៊ី​ថា ស្ពាន​សំខាន់​ភ្ជាប់​រុស្ស៊ី​ទៅ​តំបន់ Crimea បាន​រង​ការ​ខូចខាត

ដំណើរ​ទស្សនកិច្ច​ការងាររបស់​កាឌីណាល់ Matteo Zuppi នៅ​ថ្ងៃ​អង្គារ​នេះ​នឹង​បន្ត​រហូត​ដល់​ថ្ងៃ​ពុធ និង​ធ្វើ​ឡើង​បន្ទាប់ពី​ព្រះអង្គបាន​បំពេញ​បេសកកម្ម​កាលពី​ពេល​ថ្មីៗ​នេះ​ទៅ​កាន់​រដ្ឋធានី​មូស្គូ​នៃ​ប្រទេស​រុស្ស៊ី និង​ទស្សនកិច្ច​នៅ​មុន​នេះ​នៅ​ក្នុង​រដ្ឋធានី​កៀវ​នៃ​ប្រទេស​អ៊ុយក្រែន ដែល​នៅ​ទីនោះ​ព្រះអង្គបាន​ជួប​ជាមួយ​នឹង​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy។

អ្នក​នាំពាក្យ​សេតវិមាន​អ្នកស្រី Karine Jean-Pierre បាន​បញ្ជាក់​ថា លោក Biden នឹង​ជួប​ជាមួយ​នឹង​កាឌីណាល់​ Zuppi នៅ​ថ្ងៃ​ពុធ​ដើម្បី «ពិភាក្សា​អំពី​ការ​ឈឺចាប់​ជា​ទូទៅ​ដែល​បណ្ដាល​មកពី​សង្គ្រាម​ដ៏​ឃោរឃៅ​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន»។ លោក​Biden និង​កាឌីណាល់ Zuppi ​ក៏​នឹង «ពិភាក្សា​ផង​ដែរ​អំពី​កិច្ច​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​និង​បូរី​វ៉ាទីកង់​ដើម្បី​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់ និង​អំពី​ការ​ផ្ដោត​របស់​បូរីវ៉ាទីកង់​ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​កុមារ​អ៊ុយក្រែន​ដែល​មន្ត្រី​រុស្ស៊ី​បាន​នាំ​ចេញ​ពី​អ៊ុយក្រែន​ដោយ​បង្ខំ»៕

ប្រធាន​ការិយាល័យ​អឺរ៉ុប​ខាង​កើត​របស់ VOA អ្នកស្រី Myroslava Gongadze និង​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​របស់ VOA ប្រចាំ​អង្គការ​សហប្រជាជាតិ​អ្នកស្រី Margaret Besheer រួម​ចំណែក​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដី​រាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP ទីភ្នាក់ងារសារ​ព័ត៌មាន AFP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។