មហាសន្និបាតអង្គការសហប្រជាជាតិនឹងរៀបចំការបោះឆ្នោតមួយនៅថ្ងៃអង្គារនេះសម្រេចថាតើនឹងអនុញ្ញាតឱ្យប្រទេសរុស្ស៊ីចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិវិញ ឬក៏អត់ ក្នុងពេលជិតពីរឆ្នាំក្រោយមកបន្ទាប់ពីខ្លួនបានដកប្រទេសនេះចេញពីក្រុមប្រឹក្សានេះនៅក្រោយពេលដែលរុស្ស៊ីបានឈ្លានពានប្រទេសអ៊ុយក្រែន។
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវនៃប្រទេសស្វីសនេះមានប្រទេសចំនួន ៤៧ ជាសមាជិក ដោយប្រទេសនីមួយៗមកពីក្រុមតំបន់ចំនួន ៥ នៅលើពិភពលោក។ ប្រទេសរុស្ស៊ីដែលស្ថិតក្នុងចំណោមប្រទេសដែលចង់បានអាណត្តិចំនួន ៣ ឆ្នាំនៅក្នុងក្រុមប្រឹក្សាសិទ្ធិមនុស្សនេះ កំពុងប្រជែងជាមួយនឹងប្រទេសអាល់បានីនិងប្រទេសប៊ុលហ្គារីសម្រាប់អាសនៈដែលទុកសម្រាប់តំបន់អឺរ៉ុបខាងកើត។
មហាសន្និបាតអង្គការសហប្រជាជាតិបានបោះឆ្នោតដោយសំឡេង ៩៣ ទល់នឹង ២៤ ដើម្បីដករុស្ស៊ីចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សកាលពីខែមេសា ឆ្នាំ ២០២២ ក្នុងពេលជិត ២ ខែក្រោយមកបន្ទាប់ពីរុស្ស៊ីបានធ្វើសង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
នៅក្នុងសុន្ទរកថាថ្លែងទៅកាន់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃចន្ទឯកអគ្គរដ្ឋទូតអាល់បានីប្រចាំអង្គការសហប្រជាជាតិលោក Ferit Hoxha បានថ្កោលទោសរុស្ស៊ីថា «ជាអ្នកគឃ្លើនឈ្លានពានលើអ្នកជិតខាង ជាអ្នកសម្លាប់ជនស្លូតត្រង់ ជាអ្នកបំផ្លាញដោយចេតនាលើហេដ្ឋារចនាសម្ព័ន្ធស៊ីវិល» និងថាជាអ្នកដែលមានមោទនភាពចំពោះការចាប់បញ្ជូនកុមារពីអ៊ុយក្រែនទៅរុស្ស៊ី។
អនុប្រធានបេសកកម្មការទូតរបស់សហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិលោក Robert Wood បានប្រាប់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិថា ប្រសិនបើបោះឆ្នោតជ្រើសរើសរុស្ស៊ីឡើងវិញឱ្យចូលជាសមាជិកក្រុមប្រឹក្សាសិទ្ធិមនុស្ស នោះវាគឺជា «ស្នាមប្រឡាក់ដ៏អាក្រក់» លើក្រុមប្រឹក្សានោះ នៅពេលដែលរុស្ស៊ីនៅ «បន្តប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមនិងអំពើឃោរឃៅផ្សេងទៀតដោយបើកចំហ»។
ការបោះឆ្នោតនៅថ្ងៃអង្គារនេះធ្វើឡើងក្នុងពេលប៉ុន្មានថ្ងៃក្រោយមកបន្ទាប់ពីមនុស្ស ៥២ នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើភូមិ Hroza នៅភាគឦសានប្រទេសអ៊ុយក្រែន ដែលជាការវាយប្រហារដ៏ប្រល័យបំផុតមួយនៅក្នុងសង្គ្រាមនេះ។ មន្ត្រីអ៊ុយក្រែនបាននិយាយថា ការវាយប្រហារនេះបានកើតឡើងនៅពេលដែលមនុស្សបានប្រមូលផ្ដុំគ្នានៅក្នុងហាងកាហ្វេមួយកន្លែងដើម្បីធ្វើបុណ្យសពទាហានអ៊ុយក្រែនម្នាក់ដែលបានស្លាប់។
ក្នុងចំណោមអ្នកស្លាប់ទាំង ៥២ នាក់នោះក៏មានមេភូមិ ប្ដីប្រពន្ធមួយគូដែលស្លាប់ចោលកូន ៤ នាក់ និងប្រពន្ធនិងកូនប្រុសរបស់ទាហានអ៊ុយក្រែនដែលបានស្លាប់នោះផងដែរ៕
អ្នកយកព័ត៌មានរបស់ VOA ផ្នែកភាសាអ៊ុយក្រែនអ្នកស្រី Mariia Ulianovska បានរួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។ ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AFP ទីភ្នាក់ងារសារព័ត៌មាន Reuters និងទីភ្នាក់ងារសារព័ត៌មាន AP។