ប្រទេសរុស្ស៊ីនៅថ្ងៃសុក្រនេះបាននិយាយជាលើកទីដំបូងថា ក្រុមរដ្ឋអ៊ិស្លាមជាអ្នករៀបចំការវាយប្រហារលើសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ ប្រទេសរុស្ស៊ី ដែលជាការវាយប្រហារភេរវកម្មដ៏ប្រល័យបំផុតមួយក្នុងរយៈពេល ២ ទសវត្សរ៍ នៅក្នុងប្រទេសនេះ។ នេះបើតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមរដ្ឋអ៊ិស្លាម IS បានប្រកាសទទួលខុសត្រូវជាច្រើនដង លើការវាយប្រហារកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ ក្នុងទីក្រុងមូស្គូ ដែលបានសម្លាប់មនុស្សអស់ជាង ១៤០ នាក់ ប៉ុន្តែរដ្ឋាភិបាលក្រុងមូស្គូបានព្យាយាមភ្ចាប់ការវាយប្រហារនោះជាច្រើនលើកច្រើនសាទៅនឹងប្រទេសអ៊ុយក្រែន និងក្រុមប្រទេសលោកខាងលិច។
ប្រធានទីភ្នាក់ងារសន្តិសុខរុស្ស៊ី FSB លោក Alexander Bortnikov ត្រូវបានស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីថា៖ «ការត្រៀមរៀបចំ ការផ្តល់ហិរញ្ញវត្ថុ ការវាយប្រហារ និងការដកថយរបស់ក្រុមភេរវករត្រូវបានសហការតាមរយៈបណ្តាញអ៊ីនធឺណិតដោយក្រុមសមាជិក Khorasan Province IS-K ដែលជាសាខាមួយរបស់ក្រុមរដ្ឋអ៊ិស្លាម IS ដែលកំពុងធ្វើសកម្មភាពក្នុងប្រទេសអាហ្វហ្គានីស្ថាននិងប្រទេសប៉ាគីស្ថាន។
លោក Bortnikov មិនបានបដិសេធពីការពាក់ព័ន្ធរបស់អ៊ុយក្រែន នៅក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃសុក្រនេះ ដោយនិយាយថា៖ «ក្រោយបញ្ចប់ការវាយប្រហារហើយ ក្រុមភេរវករបានទទួលការណែនាំយ៉ាងច្បាស់ ឱ្យចាកចេញទៅទិសព្រំដែននៅជាប់អ៊ុយក្រែន ដែលនៅទីនោះ គេបានប្រុងប្រៀប «ច្រកចេញមួយ» សម្រាប់ក្រុមវាយប្រហារនេះ។
លោកបន្តទៀតថា៖ «ការស៊ើបអង្កេតកំពុងបន្តធ្វើទៅមុខទៀត ប៉ុន្តែគេអាចនិយាយដោយប្រាកដថា ទីភ្នាក់ងារចារកម្មយោធាអ៊ុយក្រែន មានការពាក់ព័ន្ធដោយផ្ទាល់នៅក្នុងការវាយប្រហារនោះ»។
អ៊ុយក្រែនបានបដិសេធនូវការពាក់ព័ន្ធរបស់ខ្លួនជាច្រើនលើកច្រើនសា។
មានជនសង្ស័យជាច្រើននាក់ត្រូវបានចាប់ខ្លួន ដែលក្នុងនោះរួមមានជនវាយប្រហារចំនួន ៤នាក់ ដែលមកពីប្រទេសអាស៊ីកណ្តាលតាហ្ស៊ីគីស្ថាន ដែលជាប្រទេសដ៏ក្រីក្រមួយ និងធ្លាប់ជាអតីតរដ្ឋមួយរបស់សហភាពសូវៀត ដែលស្ថិតនៅជាប់ព្រំប្រទល់ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។
សហរដ្ឋអាមេរិកបាននិយាយថា ខ្លួនធ្លាប់បានព្រមានជាសាធារណៈ និងជាសម្ងាត់ដល់រុស្ស៊ីកាលពីដើមខែមីនាថា ក្រុមជ្រុលនិយមមួយចំនួន កំពុងរៀបចំធ្វើការវាយប្រហារមួយលើសាលប្រគំតន្ត្រីក្នុងទីក្រុងមូស្គូ៕