ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនជារបៀបវារៈលើគេនៅពេលរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ជួបជាមួយរដ្ឋមន្ត្រីការបរទេសផ្សេងទៀតនៃប្រទេសមានសេដ្ឋកិច្ចជឿនលឿនទាំង២០ ឬ G-20 នៅចុងសប្តាហ៍នេះនៅកោះបាលីប្រទេសឥណ្ឌូណេស៊ី។
លោក Blinken ចាកចេញនៅថ្ងៃពុធនេះទៅចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីដែលលោកក៏នឹងចូលរួមក្នុងកិច្ចប្រជុំទ្វេភាគីជាមួយរដ្ឋមន្ត្រីការបរទេសចិនលោក Wang Yi ផងដែរ។ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel Kritenbrink បាននិយាយថា នៅក្នុងរបៀបវារៈនៃកិច្ចប្រជុំរវាងអ្នកការទូតកំពូលរបស់សហរដ្ឋអាមេរិក និងចិន រួមមានលទ្ធភាពនៃកិច្ចសហប្រតិបត្តិការស្តីពីការប្រែប្រួលអាកាសធាតុ សុខាភិបាលពិភពលោក ការប្រឆាំងគ្រឿងញៀន និងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
លោកបានប្រាប់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទតាមទូរស័ព្ទកាលពីថ្ងៃអង្គារថា សហរដ្ឋអាមេរិកចង់ចាត់ចែងដោយការទទួលខុសត្រូវក្នុង«ការប្រកួតប្រជែងដ៏ខ្លាំងក្លា» ហើយចាំបាច់ត្រូវបង្កើត«របាំងការពារ»ដើម្បីចៀសវាងជម្លោះដោយអចេតនា។ ប្រភពការទូតបានឱ្យដឹងថា លោកBlinken នឹងធ្វើកិច្ចប្រជុំរយៈយូរចំនួនពីរជាមួយលោក Wang ដោយកិច្ចប្រជុំទីមួយទំនងជាផ្តោតលើទំនាក់ទំនងទ្វេភាគី និងកិច្ចប្រជុំទីពីរផ្តោតលើបញ្ហាក្នុងតំបន់ និងអន្តរជាតិ។
បន្ទាប់ពីកិច្ចប្រជុំរដ្ឋមន្ត្រី G-20 លោក Blinken នឹងធ្វើដំណើរទៅកាន់ទីក្រុងបាងកកដែលលោកត្រូវគេរំពឹងថា នឹងពិភាក្សាអំពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ឬភូមា។
លោក Kritenbrink បាននិយាយថា «ប្រធានបទអំពីប្រទេសភូមានឹងបង្ហាញឱ្យឃើញយ៉ាងច្បាស់»ទាំងក្នុងកិច្ចប្រជុំទាំងនេះនិងកិច្ចប្រជុំ G-20 ព្រមទាំងជំនួបនៅទីក្រុងបាងកក។ លោកបន្ថែមថា សហរដ្ឋអាមេរិកនឹងបន្ត«ថ្កោលទោស ដោយប្រើពាក្យធ្ងន់ៗបំផុតដែលអាចធ្វើទៅបានប្រឆាំងសកម្មភាពឃោរឃៅរបស់របបយោធាភូមាចាប់តាំងពីរដ្ឋប្រហារមកដែលបានសម្លាប់មនុស្សជិត ២ពាន់នាក់ និងធ្វើឱ្យមនុស្សជាង៧០ម៉ឺននាក់ផ្សេងទៀតរត់ចោលផ្ទះសម្បែង»។
កាលពីចុងសប្តាហ៍ លោក Wang បានទៅទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅប្រទេសនេះ ចាប់តាំងពីយោធាបានដណ្តើមអំណាចកាលពីឆ្នាំមុន៕