អតីតប្រធានាធិបតីរុស្ស៊ីលោក Dmitry Medvedev បានធ្វើដំណើរទស្សនកិច្ចដ៏ភ្ញាក់ផ្អើលមួយទៅកាន់ទីក្រុងប៉េកាំងនៃប្រទេសចិន និងបានពិភាក្សាជាមួយនឹងប្រធានាធិបតីចិនលោក Xi Jinping នៅថ្ងៃពុធនេះ ដែលនៅក្នុងការពិភាក្សានោះលោកបាននិយាយថា លោកនិងលោក Xi បានពិភាក្សាគ្នាអំពីសង្គ្រាមនៅអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Medvedev ដែលនៅពេលបច្ចុប្បន្ននេះមានតួនាទីជាអនុប្រធានក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសរុស្ស៊ី បានបង្ហោះវីដេអូមួយនៅលើ Telegram របស់លោកដែលបង្ហាញអំពីលោកជួបជាមួយនឹងលោក Xi និងអំពីជំនួបរវាងមន្ត្រីចិននិងមន្ត្រីរុស្ស៊ី។
លោក Medvedev បាននិយាយថា លោកនិងលោក Xi បានពិភាក្សាគ្នាអំពីភាពជាដៃគូយុទ្ធសាស្ត្រ «គ្មានដែនកំណត់» របស់ប្រទេសទាំងពីរ និងអំពីសង្គ្រាមនៅអ៊ុយក្រែន។ លោកមិនបានផ្ដល់ព័ត៌មានលម្អិតណាមួយទៀតទេ។
លោក Medvedev បញ្ជាក់ដូច្នេះថា៖ «យើងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការរវាងគណបក្សកាន់អំណាចទាំងពីររបស់ប្រទេសចិននិងប្រទេសរុស្ស៊ី...និងអំពីកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងរង្វង់ភាពជាដៃគូយុទ្ធសាស្ត្ររបស់យើង ដែលរួមមានទាំងលើផ្នែកសេដ្ឋកិច្ចនិងផលិតកម្មឧស្សាហកម្មផងដែរ។ យើងក៏បានពិភាក្សាគ្នាអំពីបញ្ហាអន្តរជាតិនានា ដែលក្នុងនោះជាការពិតគឺរួមមានទាំងបញ្ហាសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ»។
លោកបានបន្ថែមថា៖ «ការពិភាក្សាទាំងនោះគឺទទួលបានផ្លែផ្កា»។
ប្រទេសរុស្ស៊ីបានបង្កើនការងាករបស់ខ្លួនទៅរកប្រទេសចិន បន្ទាប់ពីខ្លួនបានរងនូវទណ្ឌកម្មជាច្រើនពីក្រុមបស្ចិមប្រទេស ដែលដាក់ទណ្ឌកម្មលើខ្លួនដោយសារតែខ្លួនបានឈ្លានពានប្រទេសអ៊ុយក្រែនតាំងពីខែកុម្ភៈមក។ រដ្ឋាភិបាលរុស្ស៊ីបានហៅការឈ្លានពានរបស់ខ្លួននេះថាជា «ប្រតិបត្តិការយោធាពិសេស»។
រុស្ស៊ីកំពុងស្វះស្វែងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច នយោបាយ និងសន្តិសុខឱ្យកាន់តែជិតស្និទ្ធជាងមុនទៀតជាមួយនឹងចិន ដើម្បីទូទាត់នូវការបាត់បង់របស់ខ្លួននូវទំនាក់ទំនងជាមួយនឹងក្រុមបស្ចិមប្រទេសដែលមានលក្ខណៈប្រហាក់ប្រហែលគ្នា។ ជាងនេះទៀត រុស្ស៊ីចាត់ទុកលោក Xi ថាជាអាចក្លាយជាសម្ព័ន្ធមិត្តមួយរូបនៅក្នុងសម្ព័ន្ធភាពប្រឆាំងនឹងក្រុមបស្ចិមប្រទេស៕