រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​​លុបចោល​​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​ស៊ែប៊ី

រូបឯកសារ៖ រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ីលោក Sergey Lavrov ស្ថិត​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីក្រុង​មូស្គូ ប្រទេស​រុស្ស៊ី ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២២។

រដ្ឋមន្ត្រី​ការបរទេស​រុស្ស៊ី​លោកSergei Lavrovត្រូវ​បង្ខំចិត្ត​លុប​ចោល​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទៅ​កាន់​ប្រទេស​ស៊ែប៊ីនៅ​ថ្ងៃ​ចន្ទ​នេះ បន្ទាប់ពីប្រទេស​ជិត​ខាង​របស់រុស្ស៊ីជាច្រើន​បានបិទ​ដែន​អាកាស​របស់​គេ​មិន​ឱ្យ​យន្តហោះ​រុស្ស៊ី​ឆ្លងកាត់។ នេះ​បើតាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​មួយ​ចំនួន​ហើយ​ដែល​ត្រូវ​បានរាយការណ៍​ដោយ​ទី​ភ្នាក់ងារ​ព័ត៌មាន AFP។

លោក Lavrov មាន​គម្រោង​ជួប​ពិភាក្សា​ជាមួយ​មន្ត្រី​ជាន់​ខ្ពស់​នៅ​រដ្ឋធានី​ប៊ែលក្រាដ​នៃ​ប្រ ទេស​ស៊ែប៊ី​ដែល​ជាសម្ពន្ធ​មិត្តមួយ​របស់រុស្ស៊ី​ក្នុងចំណោម​សម្ព័ន្ធមិត្តមួយ​ចំនួន​តួច​ដែល​នៅ​សេស​សល់​ក្នុងទ្វីបអឺរ៉ុប ចាប់តាំង​ពី​កងទ័ព​រុស្ស៊ីចាប់ផ្តើម​ការវាយ​ប្រហារ​ខាង​យោធា​លើប្រទេស​អ៊ុយក្រែន​កាល​ពីចុងខែ​កុម្ភៈ​មក។

ប្រទេស​មួយ​ចំនួន​ដែល​នៅ​ជិត​ស៊ែប៊ី​បាន​បិទការទាក់ទង​របស់​ខ្លួនដោយ​បដិសេធ​មិន​ឱ្យយន្តហោះរុស្ស៊ី​ដែល​ដឹក​លោក Sergei Lavrov ហោះ​កាត់​ប្រទេស​របស់​គេ​ទៅ​កាន់​ប្រទេស​ស៊ែប៊ី។

ប្រសិន​បើ​គ្មាន​ការបិទ​ព្រំដែនអាកាស​របស់សហភាព​អឺរ៉ុប​និងប្រទេស​ជា​សមាជិក​របស់អង្គការ​អូតង់​នោះ គណៈប្រតិភូរុស្ស៊ី​ប្រហែលជា​ត្រូវមក​ដល់​ទីក្រុង​ប៊ែលក្រាដរបស់​ស៊ែប៊ី​ហើយ​នៅ​ពេល​នេះ។ នេះ​បើតាម​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី​មួយ​ចំនួន​ដែល​បានដកស្រង់​សម្តី​អ្នកនាំ​ពាក្យក្រសួង​ការបរទេស​រុស្ស៊ី​លោក​ស្រី Maria Zakharova។

ទន្ទឹម​នឹង​នេះ​ដែរ កាសែត Vecernje Novosti ដែល​ជា​កាសែតប្រចាំថ្ងៃ​របស់​ស៊ែប៊ី​បាន​រាយ ការណ៍​ថា ប្រទេស​ប៊ុលហ្ការី ម៉ាសេដ្វាន​និង​ប្រទេស​ម៉ុងតេណេហ្គ្រោ​បានបដិសេធមិន​ផ្តល់​ដែន​អាកាស​ហោះ​ហើរ​របស់​ខ្លួន​ចំពោះយន្តហោះ​រុស្ស៊ី​ដែល​ដឹករដ្ឋមន្ត្រី​ការ​បរទេស​រុស្ស៊ី​រូប​នេះ។

ប្រភពការ​ទូត​រុស្ស៊ី​មួយ​បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​រុស្ស៊ី Interfax ថា រុស្ស៊ី​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅពី​ត្រូវ​លុបចោល​ដំណើរ​ទស្សនកិច្ច​នោះ​ឡើយ។

ខណៈដែល​ប្រទេស​ស៊ែប៊ី​បាន​ថ្កោលទោស​សកម្មភាព​របស់​រុស្ស៊ី​ក្នុង​ប្រទេស​អ៊ុយក្រែន ស៊ែប៊ី​មិន​បាន​ចូលរួមជាមួយ​សហភាព​អឺរ៉ុប​នៅ​ក្នុង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រដ្ឋាភិបាល​ក្រុង​មូស្គូ ថ្វីបើ​ស៊ែប៊ី​ស្វះស្វែង​ចូល​ក្នុង​សហភាព​អឺរ៉ុប​ក៏ដោយ។

ប្រទេស​ទាំង២មាន​ទំនាក់​ទំនង​ជិតស្និទ្ធ​យូរ​អង្វែង​ហើយ​រដ្ឋាភិបាល​ក្រុង​ប៊ែលក្រាដ​កាលពី​ពេល​ថ្មីៗនេះ​បាន​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ថ្មី​ដែល​មាន​រយៈពេល៣ឆ្នាំ​ដើម្បី​ទទួល​ឧស្ម័ន​ធម្មជាតិ​របស់​រុស្ស៊ី៕