រុស្ស៊ី​សងសឹក​នឹង​ការ​កម្រិត​តម្លៃ​ប្រេង​ខ្លួន​ដោយ​ហាមប្រាម​ការ​លក់

ពលរដ្ឋពីរនាក់ដើរកាត់អការដែលរងការវាយប្រហារដោយមីស៊ីល ខណៈរុស្ស៊ីបន្តវាយប្រហារលើអ៊ុយក្រែន នៅទីក្រុង Bakhmut ប្រទេសអ៊ុយក្រែន កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២២។

ប្រធានាធិបតី​រុស្ស៊ី លោក Vladimir Putin បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារថា ប្រទេស​លោកហាមប្រាមការ​ដឹកជញ្ជូន​ប្រេងទៅ​លក់​ឱ្យប្រទេស​ទាំង​ឡាយ​ណាដែលយល់​ព្រម​តាមការ​កម្រិត​តម្លៃប្រេង​ត្រូវ​ដាក់​កំហិត​ដោយ​ពួក​ប្រទេស​លោក​ខាងលិច ​ដែលបានចូល​ជា​ធរមាននៅ​ដើម​ខែនេះ។

បើ​តាម​ក្រឹត្យ​ប្រធានាធិបតី​មួយត្រូវបោះពុម្ព​ផ្សាយតាម​គេហទំព័ររដ្ឋាភិបាល​និង​វិមាន​ក្រឹមឡាំង​ថា៖ «ការផ្គត់ផ្គង់​ប្រេងនិង​ផលិតកម្ម​ប្រេង​រុស្ស៊ីឱ្យនីតិ​បុគ្គលបរទេស​និង​ពួក​បុគ្គល​ត្រូវ​ហាមប្រាម ​ប្រសិន​បើ​កុងត្រា​នៃការផ្គង់ផ្គង់ទាំង​នេះត្រូវប្រើជា​ការ​កម្រិត​តម្លៃ​ដោយ​ផ្ទាល់ឬ​មិន​ដោយ​ផ្ទាល់‍»។

ទីភ្នាក់ងារ​សារព័ត៌មាន Reuters បាន​រាយការណ៍​ថា ក្រឹត្យ​នេះ​ជា​ការ​ឆ្លើយ​តបដោយ​ផ្ទាល់​ដល់​«សកម្មភាព​អមិត្តនិង​ផ្ទុយ​នឹងច្បាប់​អន្តរជាតិដោយ​សហរដ្ឋ​អាមេរិកនិង​ពួក​រដ្ឋ​បរទេស​ព្រមទាំងអង្គការ​អន្តរជាតិដែល​ចូលរួម​ជាមួយ​ប្រទេសទាំងនេះ‍»។

Reuters ​បានរាយការណ៍​ថា​ ការកម្រិត​តម្លៃ​ប្រេងត្រូវ​បាន​យល់ព្រមនៅ​ដើម​ឆ្នាំ​នេះ​ដោយ​ក្រុម​ប្រទេស​ជាតិ​ ៧ ដែល​មានរួម​ប្រទេសកាណាដា បារាំង​ អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន​ ​ចក្រភព​អង់គ្លេស​ សហរដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។ ​ការកម្រិតតម្លៃ​ប្រេង​នេះនឹង​ត្រូវ​ពង្រឹង​ដោយ​ក្រុម​ប្រទេស G-7 ​សហភាព​អឺរ៉ុប​និង​ប្រទេស​អូស្ត្រាលី។

ប៉ុន្តែយ៉ាង​ណា​ក៏​ដោយ ក៏​រុស្ស៊ី​បាននិយាយ​ថា​ ​ការ​កម្រិត​តម្លៃ​ប្រេង​នេះ​នឹងមិន​ផល​ប៉ះពាល់​ដល់យុទ្ធនាការ​យោធា​របស់​ខ្លួន​ក្នុង​ប្រទេសអ៊ុយក្រែន​ទេ ហើយ​បាន​សម្តែង​ការ​ទុកចិត្ត​ថាខ្លួននឹង​រក​អ្នកទិញ​ថ្មីៗ​សម្រាប់​ផលិតកម្ម​ប្រេង​របស់​ខ្លួន។

ប្រទេសរុស្ស៊ីដែល​ជាប្រទេសលក់ប្រេង​ធំ​ទី​ពីរបន្ទាប់​ពី​ប្រទេស​អារ៉ាប៊ីសាអូឌីត​ បាន​ថ្លែង​ថា ​ការ​ហាមប្រាម​នេះចូល​ជា​ធរមានពី​ថ្ងៃ​ទី​១​ខែកុម្ភៈ​ដល់​ថ្ងៃ​ទី១ ខែ​កក្កដា៕