រុស្ស៊ី​កោះ​ហៅ​មន្ត្រី​កម្ពុជា​ប្រជុំ​រឿង​បំណុល

យន្តហោះ​រុស្ស៊ី​ហោះ​ពី​លើ​រដ្ឋធានី​មូស្គូ។

ប្រទេស​រុស្ស៊ី​បាន​អញ្ជើញ​រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​កម្ពុជា​លោក​អូន ព័ន្ធ​មុន្នី​រត្ន័ ​និង​លោក​ហោ ណាំហុង​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឲ្យ​ពិភាក្សា​ដោះ​ស្រាយបំណុល​ដែលក្រុង​ភ្នំពេញ​ជំពាក់​ប្រទេស​រុស្ស៊ី​ជាច្រើន​ទសវត្សរ៍​មកហើយ។

ការ​កោះ​ហៅ​ឲ្យ​ប្រទេស​កម្ពុជា​ដោះ​ស្រាយ​បំណុល​នេះ​ធ្វើ​ឡើង​ក្នុង​ជំនួប​រវាង​ឯកអគ្គរដ្ឋទូត​ថ្មី​របស់​ប្រទេសរុស្ស៊ីលោក​ ឌីម៊ីទ្រី ឆ្វេតកូវ (Dmitry Tsvetkov) ជាមួយ​លោក​ហោ ណាំហុង ​នៅ​ថ្ងៃ​ច័ន្ទ​នេះ។

លោក​ កុយ គួង ​អនុរដ្ឋ​លេខា​ធិការ​និង​ជា​អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​បាន​ប្រាប់​អ្នក​កាសែត​ក្រោយ​ពី​ជំនួប​នោះ​ថាប្រទេស​រុស្ស៊ី​បាន​អញ្ជើញ​លោក​អូន ព័ន្ធ​មុន្នី​រត្ន័ និង​លោក​ហោ ណាំហុង​ ឲ្យ​ធ្វើ​ទស្សនកិច្ច​នៅ​ប្រទេស​រុស្ស៊ី ​ដើម្បី​ដោះ​ស្រាយ​គ្នា​អំពី​បញ្ហា​បំណុល​នេះ។​ ដំណើរ​ទស្សនកិច្ច​ដែល​មិន​ទាន់​ត្រូវ​កំណត់​ពេល​វេលា​ជាក់​លាក់​នៅ​ឡើយ។

«ឯកឧត្តម​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ក៏​ត្រូវ​បាន​ប្រទេស​រុស្ស៊ី​ អញ្ជើញ​ឲ្យ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​ទៅ​កាន់​ប្រទេស​រុស្ស៊ីដែរ​ដើម្បី​ពិភាក្សា​អំពី​បញ្ហា​នេះ។​ គឺ​ធ្វើ​យ៉ាងណា​ដោះ​ស្រាយ​ក្នុង​ស្មារតី​មិត្តភាព​និង​ជា​ប្រយោជន៍​នៃ​ប្រទេស​យើង​ទាំងពីរ»។

ប្រទេស​កម្ពុជា​ជំពាក់​បំណុល​អតីត​សហភាព​សូវៀត​ប្រមាណ​ជា​១.៥០០​លាន​ដុល្លារ អាមេរិក​ចាប់ពី​ទសវត្សរ៍​១៩៨០​រហូត​ដល់​ទសវត្សរ៍​១៩៩០។​ បំណុល​ទាំង​នោះ​គឺ​ជា​ជំនួយ​ផ្នែក​សម្ភារៈ​នានា​ដូច​ជា​សម្ភារៈ​កសិកម្ម​ គ្រឿង​យន្ត ​និង​គ្រឿង​សព្វាវុធ ​ជា ដើម។

​រដ្ឋសភា​កម្ពុជា​និង​លោក​ប្រមុខ​ការទូត​ខ្មែរ​ហោ ណាំហុង ​ធ្លាប់​បាន​ចរចា​ឲ្យ​ប្រទេស​រុស្ស៊ី​លុប​ចោល​បំណុល​ទាំង​នេះ។ ក៏ប៉ុន្តែ​មិន​បាន​សម្រេច​នោះ​ទេ។

លោក​ជាម យៀប​ ប្រធាន​គណៈ​កម្មការ​សេដ្ឋកិច្ច​ ហិរញ្ញវត្ថុ ​ធនាគារ​និង​សវនកម្ម​របស់​រដ្ឋ​សភាឲ្យ​ដឹង​ថាប្រធាន​សភា​រុស្ស៊ី​ ធ្លាប់​បាន​សន្យា​ថាប្រទេស​រុស្ស៊ី​នឹង​អនុវត្តន៍​តាម​គោល​ការណ៍ ​Club de Paris។​ គោលការណ៍​នេះ​ដែល​នឹង​អនុញ្ញាត​ឲ្យ​ប្រទេស រុស្ស៊ី​កាត់​បន្ថយ​លុយ​បំណុល​ដល់​ប្រទេស​នានា​រហូត​ដល់​៧០​ភាគរយ​នៃ​បំណុល​សរុប។

«ឥឡូវ​នេះ​គេ​ប្រាប់​ថា​ប្រហែលជា​រដ្ឋា​ភិបាល​ប្រទេស​រុស្ស៊ី​ទំនង​ជា​នឹង​ទាក់​ទង​ផ្ទាល់​ជាមួយ​រាជ​រដ្ឋា​ភិបាល​កម្ពុជា​ដើម្បី​ពិនិត្យ​សារ​ឡើងវិញ​នូវ​អ្វី​ដែល​យើង​ត្រូវ​អនុម័ត​យក​សង​គេ​ប្រហែលជា​ចំនួន​៣០​ភាគរយ​នោះ។»

បើ​ផ្អែក​តាមការ​អះអាង​របស់​លោក​ជាម យៀប ​សំណង​នោះ​ទំនង​ជាមិន​មែនជា​សាច់​ប្រាក់​នោះ​ទេ។​ប៉ុន្តែ​គឺជា​ថ្នូរ​ជាមួយ​នឹង​ផលិត​ផល​កសិកម្ម​ ឬ​ឧស្សាហ​កម្ម​សម្រាប់​នាំ​ទៅ​កាន់​ប្រទេសរុស្ស៊ី។

តាម​របាយ​ការណ៍​ថ្មី​ៗរបស់​ស្ថាប័ន​ហិរញ្ញវត្ថុ​ធំៗ​ដូចជា​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​និង​ធនា​គារ​អភិវឌ្ឍន៍​អាស៊ី(ADB) ​កម្ពុជា​ជំពាក់​បំណុល​បរទេស​រហូត​មក​ដល់​ឆ្នាំ​២០១៣​មាន​ចំនួន​សរុប​ពី​៣,៨​ទៅ​៤,៨​ពាន់​លាន​ដុល្លារ​អាមេរិក។

សូម​បញ្ជាក់​ថា​ប្រទេស​ចិន​ធ្លាប់​បាន​លុប​ចោល​បំណុល​ចំនួន​៣០០​លាន​ដុល្លារ​អាមេរិក​ក្នុង​ចំណោម​បំណុល​សរុប​ចំនួន​៥​ពាន់​លាន​ដុល្លារ​ដែល​កម្ពុជា​ជំពាក់​ប្រទេស​ចិន។​ ហើយ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ក៏​ធ្លាប់​បាន​លុប​បំណុល​ដែល​កម្ពុជា​ជំពាក់​ចំនួន​៨២​លាន​ដុល្លារ​អាមេរិក​ផងដែរ៕