ក្រុមមន្ត្រីរុស្ស៊ីនិយាយនៅថ្ងៃអង្គារនេះថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនជាច្រើនគ្រឿង ដែលវាយប្រហារសំដៅលើរដ្ឋធានីមូស្គូ ប្រទេសរុស្ស៊ី ដោយបំណែកដ្រូនដែលត្រូវបាញ់ទម្លាក់មួយគ្រឿង បានធ្លាក់ចំអគារខ្ពស់មួយខ្នងក្នុងរដ្ឋធានីនេះ។
អភិបាលរដ្ឋធានីមូស្គូ លោក Sergei Sobyanin បាននិយាយលើតេឡេក្រាមថា អគារនោះជាអគារដដែលដែលធ្លាប់រងការវាយប្រហារដោយដ្រូនរបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យកន្លងទៅផងដែរ។
គេមិនឃើញមានសេចក្តីរាយការណ៍ពីអ្នករបួស ដោយការវាយប្រហារនៅថ្ងៃអង្គារនេះទេ។
យន្តហោះដ្រូនរបស់អ៊ុយក្រែន បានធ្វើការវាយប្រហារជាច្រើនលើក លើតំបន់រដ្ឋធានីរបស់ប្រទេសរុស្ស៊ីនៅក្នុងខែកក្កដាកន្លងទៅនេះ ដែលជាការបង្ហាញពីស្ថានភាពងាយរងគ្រោះរបស់រដ្ឋធានីមូស្គូ ខណៈពេលដែលសង្គ្រាមរុស្ស៊ីក្នុងប្រទេសអ៊ុយក្រែន កំពុងឈានចូលដល់ខែទី១៨របស់ខ្លួនហើយ។
ការវាយប្រហារតាមដ្រូនរបស់អ៊ុយក្រែន ដែលរួមទាំងការវាយប្រហារនៅថ្ងៃអង្គារនេះផងដែរ មានរួមសំដៅទៅលើតំបន់ពាណិជ្ជកម្ម Moskva-Citi ដែលស្ថិតនៅចម្ងាយជាច្រើនគីឡូម៉ែត្រពីវិមានក្រឹមឡាំង ដែលធ្វើឱ្យមានការភ័យរន្ធត់ពីក្រុមបុគ្គលិកនិងនិយោជកនៅទីនោះ ដែលមានអារម្មណ៍គិតថា សង្គ្រាមបានចូលមកដល់មជ្ឈមណ្ឌលដ៏សំខាន់របស់រុស្ស៊ីហើយនៅពេលនេះ។
ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំមួយរបស់រុស្ស៊ីឈ្មោះ Yandex ដែលមានការិយាល័យជាច្រើនកន្លែងនៅជុំវិញរដ្ឋធានីមូស្គូ និងតំបន់ពាណិជ្ជកម្ម Moskva-Citi បានប្រាប់បុគ្គលិករបស់ខ្លួនឱ្យចចេញពីកន្លែងធ្វើការនៅពេលយប់ ដែលការវាយប្រហារលើរដ្ឋធានីមូស្គូច្រើនតែកើតមានឡើងនៅពេលនោះ។
ព័ត៌មានទាក់ទង៖ រុស្ស៊ីថា អ៊ុយក្រែនប្រើដ្រូនវាយប្រហារលើទីក្រុងមូស្គូនិងតំបន់ Crimeaសហរដ្ឋអាមេរិកមិនលើកទឹកចិត្តឬគាំទ្រឱ្យមានការវាយប្រហារទៅលើទឹកដីខាងក្នុងប្រទេសរុស្ស៊ីនោះឡើយ។ នេះបើតាមការលើកឡើងរបស់អ្នកសម្របសម្រួលក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន ដែលបានប្រាប់ទូរទស្សន៍ CNN កាលពីថ្ងៃចន្ទម្សិលមិញ៕
ព័ត៌មានមួយចំនួនសម្រាប់សេចក្តីរាយការណ៍នេះដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន The Associated Press, Agence France-Presse និង Reuters។