ប្រទេសរុស្ស៊ីបានបញ្ជាក់នៅថ្ងៃពុធនេះថា ខ្លួនបានរារាំងការវាយប្រហារដោយរ៉ុក្កែតរបស់អ៊ុយក្រែនដែលសំដៅលើតំបន់ Belgorod រីឯអ៊ុយក្រែនវិញបានលើកឡើងថា រុស្ស៊ីបានវាយប្រហារកាលពីយប់មិញដោយប្រើដ្រូន ១៣ គ្រឿង។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានបាញ់ទម្លាក់រ៉ុក្កែតរបស់អ៊ុយក្រែន ១៨ គ្រាប់។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានបញ្ជាក់តាម Telegram ថា ផ្ទះនៅក្នុងភូមិជាច្រើនបានរងការខូចខាតមួយចំនួន និងថាមនុស្សយ៉ាងតិចម្នាក់បានរងរបួស។
តំបន់ Belgorod ដែលស្ថិតនៅតាមបណ្ដោយព្រំដែនរវាងប្រទេសរុស្ស៊ីនិងអ៊ុយក្រែន ជាញឹកញយគឺជាគោលដៅវាយប្រហាររបស់អ៊ុយក្រែន នៅពេលដែលអ៊ុយក្រែនមានបំណងតតាំងនឹងការឈ្លានពានដែលរុស្ស៊ីបានចាប់ផ្ដើមកាលពីជាងពីរឆ្នាំមកនេះ។
យោធាអ៊ុយក្រែនបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរុស្ស៊ី ១០ គ្រឿងក្នុងចំណោម ១៣ គ្រឿងនៅលើតំបន់ Kharkiv តំបន់ Sumy និងតំបន់រដ្ឋធានីកៀវ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រកាសកាលពីយប់ថ្ងៃអង្គារអំពីការផ្លាស់ប្ដូរក្រុមសន្តិសុខជាតិរបស់លោក។
លោក Zelenskyy បាននិយាយនៅសុន្ទរកថារបស់លោកកាលពីយប់ថ្ងៃអង្គារថា ប្រធានក្រុមប្រឹក្សាសន្តិសុខជាតិអ៊ុយក្រែនលោក Oleksiy Danilov ត្រូវបានជំនួសដោយលោក Oleksandr Lytvynenko ដែលជាអតីតប្រធានទីភ្នាក់ងារចារកម្មបរទេសរបស់អ៊ុយក្រែន។
លោក Zelenskyy បានហៅការផ្លាស់ប្ដូរនេះថាជាផ្នែកមួយនៃ «ការសើរើឡើងវិញប្រព័ន្ធអភិបាលកិច្ចរបស់រដ្ឋ»៕
ព័ត៌មានខ្លះសម្រាប់សេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន Reuters។