ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រព័ន្ធការពារដែនអាកាសរបស់រុស្ស៊ីបានបាញ់ទម្លាក់ដ្រូន ៣១ គ្រឿងនិងមីស៊ីល ១៦ គ្រាប់ដែលអ៊ុយក្រែនបានបាញ់នៅក្នុងការវាយប្រហារកាលពីយប់ថ្ងៃអាទិត្យ។
ក្រសួងនេះបានបន្ថែមថា ដ្រូន ៧ គ្រឿងនិងមីស៊ីលបញ្ជា ៤ គ្រាប់ត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់គ្រីមា (Crimea) ដែលគ្រប់គ្រងដោយរុស្ស៊ី ដ្រូន ៨ គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Kursk ហើយដ្រូន ៤ គ្រឿងត្រូវបានបាញ់ទម្លាក់នៅក្នុងតំបន់ Lipetsk។
ការវាយប្រហាររបស់អ៊ុយក្រែនគឺផ្ដោតលើតំបន់ Belgorod នៃប្រទេសរុស្ស៊ីដែលជាប់នឹងព្រំដែនអ៊ុយក្រែន។ ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់ថា ខ្លួនបានបាញ់កម្ទេចដ្រូន ១២ គ្រឿងនិងមីស៊ីលបញ្ជា ១២ គ្រាប់នៅពីលើតំបន់ Belgorod។
ការវាយប្រហារនៅក្នុងតំបន់ Belgorod នេះបានធ្វើឡើងក្នុងពេលមួយថ្ងៃក្រោយមកបន្ទាប់ពីការវាយប្រហារដោយមីស៊ីលរបស់អ៊ុយក្រែនបានធ្វើឱ្យមនុស្សយ៉ាងតិច ១៥ នាក់ស្លាប់និងជាង ៣០ នាក់រងរបួស។ នេះបើតាមការបញ្ជាក់របស់អភិបាលតំបន់ Belgorod នៅថ្ងៃចន្ទនេះ។
មនុស្សជាង ៤.០០០ នាក់បានចាកចេញពីតំបន់ជុំវិញតំបន់ទីក្រុង Kharkiv នៅភាគឦសានប្រទេសអ៊ុយក្រែនតាំងពីថ្ងៃសុក្រសប្ដាហ៍មុនមក នៅពេលដែលរុស្ស៊ីបានបើកការវាយប្រហារតបតវិញដ៏ភ្ញាក់ផ្អើល។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលតំបន់ Kharkiv លោក Oleg Syniehubov។
កងទ័ពរុស្ស៊ីបានប្រើកាំភ្លើងធំនិងកាំភ្លើងត្បាល់សម្រុកចូលទីប្រជុំជននិងភូមិនានានៅក្នុងតំបន់នោះ។
កងទ័ពអ៊ុយក្រែនយ៉ាងតិចមួយកងបានដកថយចេញពីតំបន Kharkiv នៅពេលដែលកងទ័ពរុស្ស៊ីដណ្ដើមកាន់កាប់តំបន់នានានៅក្នុង «តំបន់ប្រផេះ» ដែលជាតំបន់ប្រឈមនឹងហានិភ័យសង្គ្រាមនៅតាមបណ្ដោយព្រំដែនរុស្ស៊ី។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា ការប្រយុទ្ធគ្នាបានកើតឡើងនៅតាមផ្នែកនានានៅព្រំដែនក្នុងតំបន់ Kharkiv ដែលនៅទីនោះមនុស្សរាប់ពាន់នាក់បានភៀសខ្លួនដោយបង្ខំបន្ទាប់ពីរុស្ស៊ីបានវាយប្រហារ។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសៅរ៍សប្ដាហ៍មុនថា ទាហានរបស់ខ្លួនបានដណ្ដើមកាន់កាប់ភូមិចំនួន ៥ របស់អ៊ុយក្រែននៅជាប់ព្រំដែននៃតំបន់ Belgorod របស់រុស្ស៊ី។
ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានដោះដូរតំណែងរបស់រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergei Shoigu នៅក្នុងការរុះរើគណៈរដ្ឋមន្ត្រីដែលបានធ្វើឡើងនៅពេលដែលលោកបានចាប់ផ្ដើមអាណត្តិទី ៥ របស់លោកជាប្រធានាធិបតី។
លោក Putin បានចុះហត្ថលេខាលើក្រឹត្យមួយកាលពីថ្ងៃអាទិត្យដោយតែងតាំងលោក Shoigu ជាលេខាក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៊ី។ នេះបើតាមការបញ្ជាក់របស់រដ្ឋាភិបាលរុស្ស៊ី។
ការតែងតាំងនេះត្រូវបានប្រកាសភ្លាមៗបន្ទាប់ពីលោក Putin បានស្នើឱ្យលោក Andrei Belousov ធ្វើជារដ្ឋមន្ត្រីការពារជាតិរុស្ស៊ីជំនួសតំណែងរបស់លោក Shoigu៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារសារព័ត៌មាន AP ទីភ្នាក់ងារសារព័ត៌មាន AFP និងទីភ្នាក់ងារសារព័ត៌មាន Reuters។