យោធារុស្ស៊ីបាននិយាយនៅថ្ងៃអង្គារថា កងកម្លាំងការពារដែនអាកាសរបស់ខ្លួនបានបំផ្លាញដ្រូនរបស់អ៊ុយក្រែន១៣គ្រឿង ខណៈពេលដែលក្រុមមន្ត្រីអ៊ុយក្រែននៅតាមបណ្តោយព្រំដែនជាមួយរុស្ស៊ី បានរាយការណ៍អំពីការខូចខាតពីការបាញ់ផ្លោងរបស់រុស្ស៊ី។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថាដ្រូន៩គ្រឿង ត្រូវបានបំផ្លាញ នៅលើតំបន់ Rostov ដែល ក្រុមមន្ត្រីបាននិយាយថា គ្មានការស្លាប់ឬរបួស ដោយសារការវាយប្រហាររបស់អ៊ុយក្រែនទេ។
រុស្ស៊ីក៏បានរាយការណ៍អំពីការបាញ់ស្ទាក់ដ្រូនអ៊ុយក្រែននៅលើតំបន់ Belgorod តំបន់ Kursk និង Voronezh ក៏ដូចជានៅលើសមុទ្រខ្មៅ ក្បែរតំបន់ Crimea ដែលរុស្ស៊ីកាន់កាប់។
នៅតំបន់ Kursk អភិបាលតំបន់លោកAlexey Smirnov បាននិយាយថា ការវាយប្រហារតាមអាកាសមួយបាននាំឱ្យមានអគ្គិភ័យនៅរោងចក្រមួយ ដែលផលិតគ្រឿងអេឡិកត្រូនិក នៅទីក្រុង Korenevo ។ លោក Smirnov បាននិយាយនៅក្នុងបណ្តាញសង្គម Telegram ថា គ្មានបុគ្គលិករោងចក្រណារងរបួសទេ។
អភិបាលតំបន់ Belgorod លោក Vyacheslav Gladkov បានថ្លែងកាលពីថ្ងៃអង្គារ លើប្រព័ន្ធ Telegram ថា ការវាយប្រហាររបស់អ៊ុយក្រែន បានធ្វើឱ្យខូចខាតអគារមួយចំនួន នៅក្នុងភូមិមួយចំនួន ហើយបានធ្វើឱ្យមនុស្សយ៉ាងតិច៨នាក់រងរបួស។
យោធាអ៊ុយក្រែនបាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានបំផ្លាញដ្រូនវាយប្រហារ២គ្រឿង និងដ្រូនស៊ើបការណ៍៨គ្រឿង៕