រុស្ស៊ី​បដិសេធ​ការរិះគន់របស់​អាមេរិក​ចំពោះ​ឧប្បត្តិហេតុ​នៅ​សមុទ្រ​បាល់ទិច

នៅ​ក្នុង​រូបភាព​ផ្តល់​ដោយ​កង​នាវា​សរអា បង្ហាញ​ពី​​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​របស់​រុស្ស៊ី​បាន​ហោះ​ជិត​នាវា​ចម្បាំង​អាមេរិកាំង​ឈ្មោះ​ USS Donald Cook នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​ក្នុង​សមុទ្រ​បាល់ទិច កាល​ពី​ថ្ងៃ​ទី​១២​ ខែ​មេសា ឆ្នាំ​២០១៦។​

កង​យោធា​នៃ​ប្រទេស​រុស្ស៊ី​បាន​បដិសេធ​អំពី​យន្តហោះ​មួយ​គ្រឿង​នៃ​កង​យន្តហោះ​ប្រតិកម្ម​របស់​ខ្លួន​ ថា​មិន​បាន​ហោះ​យ៉ាង​គឃ្លើន​នៅ​ក្នុង​ឧប្បត្តិហេតុ​មួយ​ជាមួយ​យន្តហោះ​ឈ្លប​យក​ការណ៍​មួយ​នៃ​កងទ័ព​អាកាស​ស.រ.អា.​ ដែល​បាន​ហោះ​ពី​លើ​សមុទ្រ​បាល់ទិច​ (Baltic) ទេ។

កង​យោធា​ស.រ.អា.​បាន​និយាយ​ថា​ យន្តហោះ​ប្រតិកម្ម​រុស្ស៊ី​ធុន​ SU-27 បាន​ហោះ​តាម​«របៀប​មួយ​គ្មាន​សុវត្ថិភាព​និង​គ្មានវិជ្ជាជីវៈ»​នៅ​ចម្ងាយ​១៥​ម៉ែត្រ​ពី​យន្តហោះ​ស.រ.អា.មួយ​គ្រឿង​ធុន​ RC-135 កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។​

លោក Igor Konashenkov អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការពារប្រទេស​រុស្ស៊ី​បាន​និយាយ​ថា​ ប្រទេស​រុស្ស៊ី​ត្រូវ​តែ​ប្រញាប់​ប្រញាល់​បញ្ជូន​យន្តហោះ​មួយ​គ្រឿង​ នៅ​ក្រោយពេល​ដឹង​ថា​ ទី​ដៅ​ក្នុងអាកាស​គ្មាន​អត្តសញ្ញាណ​មួយ​បាន​ហោះ​យ៉ាង​លឿន​ទៅ​កាន់​ព្រំដែន​ខ្លួន។​

អ្នកនាំ​ពាក្យ​រុស្ស៊ី​រូប​នេះ​បាន​និយាយ​ថា​ នៅ​ពេល​ដែល​យន្តហោះ​អាមេរិកាំង​នោះ​បាន​ឃើញ​យន្តហោះ​ប្រតិកម្ម​រុស្ស៊ី​ យន្តហោះ​ឈ្លប​យក​ការណ៍​នោះ​បាន​ប្តូរ​ផ្លូវ​ហោះ​ដោយ​ហោះ​ចេញ​ឆ្ងាយ​ពី​ព្រំដែន។​

សេចក្តី​ថ្លែង​ការណ៍​មួយ​របស់​ទី​បញ្ជាការ​ធំ​របស់​ស.រ.អា.​ក្នុង​ទ្វី​បអឺរ៉ុប​បាន​និយាយ​កាល​ពី​ថ្ងៃ​សៅរ៍​ថា​ ឧប្បត្តិហេតុ​នេះ​បាន​កើត​មាន​ឡើង​នៅ​ក្នុង​ដែន​អាកាស​អន្តរជាតិ​ ហើយ​ថា​យន្តហោះ​អាមេរិកាំង​នោះ​មិន​បាន​ហោះ​ចូល​ក្នុង​ដែន​អាកាស​រុស្ស៊ី​ទេ។​

កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ​ ​កង​យន្តហោះ​ប្រតិកម្ម​ប្រយុទ្ធ​របស់​រុស្ស៊ី​បាន​ហោះ​ជិត​នាវា​ចម្បាំង​អាមេរិកាំង​ឈ្មោះ​ USS Donald Cook នៅ​ក្នុង​ដែន​សមុទ្រ​អន្តរជាតិ​ក្នុង​សមុទ្រ​បាល់ទិច​។​

ពួក​នាវិក​នៃ​នាវា​ចម្បាំង​អាមេរិកាំង​នោះ​បាន​ស្រឡាំង​កាំង​ដោយ​បាន​ឃើញកង​យន្តហោះ​រុស្ស៊ី​ធុន​ SU-24 គ្មាន​អាវុធ​ហោះ​នៅ​ចម្ងាយ​តែ​៩ម៉ែត្រ​ពី​នាវា​ពិឃាត​នោះ​ ដែល​បាន​នាំ​ឱ្យ​មាន​ស្នាម​ទឹក​រលក​នៅ​ក្នុង​ផ្ទៃ​សមុទ្រ​តាម​គន្លង​ដែល​យន្តហោះ​ទាំង​នោះ​ហោះ​ពី​លើ។​

ក្រសួង​ការពារ​ប្រទេស​រុស្ស៊ី​បាន​បដិសេធ​ថា​ សកម្មភាព​នេះ​មិន​មែន​ជា​ការ​បង្ក​រឿង​ទេ​ ដោយ​បាន​និយាយ​ថា​យន្តហោះ​ទាំង​នោះ​បាន​ធ្វើការ​ពិសោធន៍​ខាង​ហោះ​ហើរ​ ហើយ​គ្រាន់​តែ​បាន​ពិនិត្យ​មើល​នាវា​ចម្បាំង​ Donald Cook នៅ​មុន​វា​ហោះ​ចេញ​ពី​ទី​នោះ​«ដោយ​ប្រព្រឹត្ត​តាម​វិធានការ​សុវត្ថិភាព​ទាំង​អស់»៕​