ក្រសួងការពារជាតិរុស្សីបាននិយាយថាយន្តហោះរបស់ខ្លួនកាន់ច្រើនបានចាកចេញពីប្រទេសស៊ីរី នៅថ្ងៃពុធនេះជាផ្នែកមួយនៃការដកទ័ពរបស់ខ្លួនចេញពីប្រទេសនោះខណៈអង្គការសហប្រជាជាតិ បានរៀបចំកិច្ចចរចាសន្តិភាពដោយប្រយោលក្នុងទីក្រុងហ្សឺណែវ ជាមួយភាគីជម្លោះនៅប្រទេសស៊ីរី។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry គ្រោងនឹងធ្វើដំណើរទៅកាន់ទីក្រុងមូស្គូនៅសប្តាហ៍ក្រោយដើម្បីពិភាក្សាជាមួយលោកប្រធានាធិបតីរុស្សី Vladimir Putin អំពីការដកទ័ពចេញពីប្រទេសស៊ីរីនិងការជំរុញថ្មីៗទៀតឲ្យមានសន្តិភាពនៅក្នុងប្រទេសដែលខ្ទេចខ្ទីដោយសារសង្គ្រាមនោះ។
លោក ឃែរី បានមានប្រសាសន៍ថា លោកនឹងពិភាក្សាជាមួយទាំងលោក ពូទីន និងរដ្ឋមន្ត្រីការបរទេសរុស្សីលោក Sergei Lavrov អំពីរបៀបបន្តដំណើរទៅមុខទៀតដើម្បីនាំមកនូវដំណោះស្រាយនយោបាយមួយ ចំពោះជម្លោះដែលមានរយៈពេល៥ឆ្នាំនេះ។
លោក ឃែរី បានថ្លែងកាលពីថ្ងៃអង្គារថា «នេះគឺជាពេលវេលាមួយដែលត្រូវចាប់យក មិនត្រូវឲ្យខាតបង់ទេ»។ លោកបន្តថា «នៅខណៈពេលនេះទីបំផុតយើងមានសមត្ថភាពដើម្បីចាត់វិធានការ ឆ្ពោះទៅបញ្ចប់សង្គ្រាមនិងការបង្ហូរឈាម»។
ការវាយប្រយុទ្ធគ្នានៅស៊ីរី បានថមថយចុះយ៉ាងខ្លាំង ដោយសារមានការបន្ថយភាពប្រទូសរ៉ាយដាក់គ្នានៅក្នុងរយៈពេលប្រមាណ៣សប្តាហ៍មកនេះ ។
ប៉ុន្តែ លោកឃែរី បានព្រមានថាសន្តិភាពយូរអង្វែង នឹងមិនអាចរកបានទេ ប្រសិនបើ ប្រធានាធិបតីស៊ីរី លោក Bashar al-Assad នៅកាន់អំណាចនោះ។
កងទ័ពរុស្សីមុនគេបានចាកចេញពីប្រទេសស៊ីរីបានវិលទៅដល់ប្រទេសរបស់ពួកគេវិញហើយកាលពីថ្ងៃអង្គារ ដោយមានហ្វូងមនុស្សម្នាអបអរសាទរ។
លោក ពូទីន បានធ្វើការប្រកាសដ៏គួរឲ្យភ្ញាក់ផ្អើលនេះកាលពីថ្ងៃច័ន្ទថា កងកម្លាំងរុស្សីមួយចំនួននឹងចាកចេញពីប្រទេសស៊ីរីនៅពេលនេះ ដោយសារពួកគេបានបំពេញបេសកកម្មរបស់ខ្លួនចប់សព្វគ្រប់ហើយនៅប្រទេសស៊ីរីនោះ៕