លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin ថ្លែងថា រដ្ឋាភិបាលក្រុងមូស្គូនឹងមិនបណ្តេញអ្នកការទូតរបស់សរអា ដើម្បីជាការឆ្លើយតបចំពោះការដាក់ទណ្ណកម្មកាលពីថ្ងៃព្រហស្បតិ៍របស់លោកប្រធានាធិបតីសរអា បារ៉ាក់ អូបាម៉ា ចំពោះការជ្រៀតជ្រែករបស់បណ្តាទីភ្នាក់ងារស៊ើបការសម្ងាត់របស់រុស្ស៊ី ក្នុងការបោះឆ្នោតទូទាំងប្រទេសរបស់សរអា កាលពីខែវិច្ឆិកា។
«យើងនឹងមិនបង្កើតបញ្ហាសម្រាប់អ្នកការទូតអាមេរិកាំងទេ។ យើងនឹងមិនបណ្តេញអ្នកណាម្នាក់ទេ» នេះជាសម្តីដើមរបស់លោក Putin នៅក្នុងសេចក្តីថ្លែងការណ៏មួយរបស់រដ្ឋាភិបាលក្រុងក្រឹមឡាំង។ សេចក្តីថ្លែងការណ៏ដដែលនោះបន្តថា «ប្រទេសរុស្ស៊ីមានមូលហេតុដើម្បីឆ្លើយតបដោយអំពើល្អ។ ទោះជាយើងមានសិទ្ធិដើម្បីសងសឹកក៏ដោយ ក៏យើងនឹងមិនប្រើប្រាស់នយោបាយការទូត«ចង្ក្រានបាយ» ទេ ប៉ុន្តែយើងនឹងរៀបចំវិធានការណ៏បន្ថែមដើម្បីរៀបចំទំនាក់ទំនងរវាងរុស្ស៊ីនិងសរអាឡើងវិញ ផ្អែកទៅលើគោលនយោបាយរបស់រដ្ឋបាលលោក Trump។
មន្ត្រីក្រសួងការបរទេសសរអាម្នាក់ឆ្លើយតបថា «យើងបានឃើញការថ្លែងកត់សម្គាល់របស់លោកប្រធានាធិបតី Putin ហើយ។ យើងពុំមានអ្វីនិយាយបន្ថែមទេ»។
លោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergei Lavrov បានស្នើឲ្យមានវិធានការណ៏សងសឹកអាមេរិក ដោយការហាមមិនឲ្យបុគ្គលិកស្ថានទូតអាមេរិក ប្រើប្រាស់គេហដ្ឋានមួយខ្នង និងឃ្លាំងមួយកន្លែងនៅក្នុងទីក្រុងមូស្គូ៕