​រុស្សី​កាន់មរណៈ​ទុក្ខ​បន្ទាប់​ពី​យន្តហោះ​បាន​ធ្លាក់​និង​​ស៊ើប​អង្កេត​រក​មូល​ហេតុ​​

បុគ្គលិក​នៃ​ក្រសួង​សង្គ្រោះ​បន្ទាន់​រៀបចំចេញទូក​​ទៅ​ជួយ​សង្រ្គោះនៅ​ខាងក្រៅ​ក្រុង Sochi ប្រទេស​រុស្ស៊ីកាល​ពី​ថ្ងៃទី​២៦ ធ្នូ​ ២០១៦។

នៅថ្ងៃ​ចន្ទ​នេះ​ ពួក​មន្ត្រី​រុស្សីបានប្រកាស​អំពី​ការ​កាន់មរណទុក្ខ​ជាតិមួយ​ថ្ងៃ​ហើយ​បាន​និយាយ​ថា​ពួកគេ​កំពុង​ស៊ើបអង្កេត​អំពី​មូល​ហេតុ​ទាំង​អស់ដោយមានរួម​បញ្ចូល​ការ​វាយ​ប្រហារ​ភេរវកម្មផង ដែល​បាន​បណ្តាល​ឱ្យ​មាន​ការ​ធ្លាក់​យន្ត​ហោះ​យោធា​ដឹក​អ្នក​ដំណើរ​រុស្សី​មួយ​គ្រឿង​ដែល​នាំ​ឱ្យ​មនុស្ស​ទាំងអស់៩២នាក់​ក្នុង​នោះ​ស្លាប់ទាំង​អស់គ្នា។

កាលពីព្រឹក​ថ្ងៃ​ចន្ទ​ លោក Maxim Sokolov រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​រុស្សី​បាន​និយាយ​ថា​ការធ្លាក់​យន្តហោះ​នេះ​កាលពី​ថ្ងៃអាទិត្យទំនងជា​បណ្តាលមក​ពី​កំហុស​របស់​អ្នកបើកបរឬ​ដោយ​បញ្ហា​បច្ចេកទេស។​ ទោះ​ណា​ជាពួក​មន្ត្រី​បាន​និយាយ​ថា​ភេរវកម្មប្រហែលមិន​មែន​ជា​បុព្វហេតុ​នៃ​គ្រោះថ្នាក់​នេះ​ក៏ដោយ​ ក៏​គណៈកម្មាធិការ​ស៊ើបអង្កេត​ពិសេស​មួយនៃ​ប្រទេស​រុស្សី​បាន​បើក​ការ​ស៊ើប​អង្កេត​អំពី​ឧក្រិដ្ឋកម្ម​អំពី​ការ​ធ្លាក់​យន្តហោះ​នេះហើយ។​ លោក​រដ្ឋមន្ត្រី​ក្រសួង​ដឹក​ជញ្ជូន​រុស្សី​បាន​និយាយ​ប្រាប់​ពួក​អ្នកកាសែត​នៅ​ក្នុង​ក្រុង​ Sochi នា​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​រុស្សី​ថា «វិសាលគមទាំង​មូល​និង​លទ្ធភាពនៃ​បុព្វហេតុ​សឹង​តែ​ទាំង​អស់...កំពុង​ត្រូវ​ស៊ើបអង្កេត ក៏​ប៉ុន្តែ​ជាការឆាប់រហ័ស​ពេក​ក្នុង​ការ​និយាយ​ថា​ការណ៍​នេះ​ «ជា​ភេរវកម្ម» នោះ។​ យន្តហោះ​នេះបាន​ធ្លាក់​ក្នុង​សមុទ្រខ្មៅ​ពីរ​នាទីក្រោយ​ពី​បានហោះ​ចេញ​ពី​ចំណត​យន្តហោះក្រុង Sochi នៅពេល​មាន​អាកាស​ធាតុ​ល្អបណ្តាល​ឱ្យពួកយានិក៨នាក់និង​អ្នកដំណើរ៨៤​នាក់ស្លាប់

ទាំង​អស់គ្នា ដោយមាន​រួមបញ្ចូល​ទាំង​សមាជិករាប់សិបនាក់នៃ​ក្រុម​អ្នកចម្រៀង​រួម​ដ៏​ល្បីល្បាញ​ឈ្មោះ Alexandrov Ensemble ដែល​គេ​ស្គាល់នៅ​ទូទាំង​ពិភព​លោក​ថា​ក្រុម​អ្នកចម្រៀង​រួមនៃ​កងទ័ព​ក្រហម៕​