កងទ័ពជើងទឹករុស្ស៊ី បានបាញ់គ្រាប់មីស៊ីលដែលលឿនជាងសំឡេង (Hypersonic) ប្រឆាំងនាវា នៅក្នុងការបាញ់សាកល្បងទៅលើគោលដៅត្រាប់ នៅក្នុងសមុទ្រជប៉ុន។ នេះបើតាមការឱ្យដឹងរបស់ក្រសួងការពារជាតិរុស្ស៊ីនៅថ្ងៃអង្គារនេះ ហើយដែលត្រូវបានចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
«នៅក្នុងសមុទ្រជប៉ុន នាវាចម្បាំងដែលបំពាក់គ្រាប់មីស៊ីលនៃកងនាវាប៉ាស៊ីហ្វិករបស់រុស្ស៊ី បានបាញ់គ្រាប់មីស៊ីល cruise Moskit ទៅលើទីតាំងត្រាប់របស់សត្រូវក្នុងសមុទ្រ»។ នេះបើតាមសេចក្តីថ្លែងការណ៍ដដែលរបស់ក្រសួងការពារជាតិរុស្ស៊ី ដែលបានផ្សព្វផ្សាយលើបណ្តាញតេឡេក្រាម។
សេចក្តីថ្លែងការណ៍នេះបន្ថែមទៀតថា «គ្រាប់មីស៊ីល cruise Moskit ២ គ្រាប់បានបាញ់ចំគោលដៅសត្រូវ ដែលត្រូវបានរៀបចំស្ថិតក្នុងចម្ងាយប្រមាណ១០០គីឡូម៉ែត្រ ដោយជោគជ័យ»។
រដ្ឋមន្រ្តីការបរទេសជប៉ុន លោក Yoshimasa Hayashi និយាយថា រដ្ឋាភិបាលក្រុងតូក្យូមានការប្រុងប្រយ័ត្នលើប្រតិបត្តិការយោធារបស់ក្រុងមូស្គូ ដោយលោកបន្ថែមថា ការបាញ់សាកល្បងនៃគ្រាប់មីស៊ីលរបស់រុស្ស៊ីនោះ មិនបណ្តាលឱ្យមានការខូចខាតអ្វីឡើយ។
រដ្ឋមន្ត្រីការបរទេសជប៉ុនរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា «ខណៈពេលដែលការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្តកើតមានឡើងនោះ កងកម្លាំងរុស្ស៊ីក៏មានសកម្មភាពខ្លាំងជាងមុនផងដែរ នៅតំបន់ផ្នែកខាងកើតបំផុតរបស់ខ្លួន ដែលក្នុងនោះក៏រួមមានតំបន់ជិតៗប្រទេសជប៉ុនផងដែរ។
ការបាញ់សាកល្បងមីស៊ីលលឿនជាងសំឡេងរបស់រុស្ស៊ីនេះ កើតឡើងមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយពីយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ២គ្រឿងរបស់រុស្ស៊ី ដែលមានសមត្ថភាពអាចផ្ទុកអាវុធនុយក្លែអ៊ែរបានហោះលើសមុទ្រជប៉ុនជាង៧ម៉ោង ក្នុងអ្វីដែលរដ្ឋាភិបាលក្រុងមូស្គូនិយាយថា គឺជាជើងយន្តហោះ «ត្រៀមផែនការមួយ»៕