ពួកមន្ត្រីរុស្ស៊ីកាលពីថ្ងៃពុធបានប្រកាសពីការជម្លៀសពលរដ្ឋជាង២ម៉ឺននាក់នៅពេលដែលកងទ័ពអ៊ុយក្រែនបានបន្តជំរុញចូលក្នុងតំបន់ Kursk។
អភិបាលតំបន់ស្តីទីលោក Alexei Smirnov បាននិយាយនៅលើសារតាមតេឡេក្រាមថាប៉ូលិសនិងពួកអាជ្ញាធរផ្សេងទៀតនឹងសម្របសម្រួលគ្នាដើម្បីជម្លៀសពលរដ្ឋនៅក្នុងស្រុកGlushkov ដែលមានព្រំដែនជាមួយអ៊ុយក្រែន។
រុស្ស៊ីបានជម្លៀសពលរដ្ឋជិត២សែននាក់ចាប់តាំងពីអ៊ុយក្រែនបានចាប់ផ្តើមការវាយប្រហារឆ្លងកាត់ព្រំដែនរបស់ខ្លួនកាលពីថ្ងៃទី៦ ខែសីហាមក។
នាយឧត្តមសេនីយ៍មេបញ្ជាការយោធាអ៊ុយក្រែនលោក Oleksandr Syrskyi បាននិយាយថាទាហានរុស្ស៊ីជាង១រយនាក់បានត្រូវចាប់ធ្វើជាឈ្លើយសឹក ហើយលោកប្រធានាធិបតី Volodymyr Zelenskyy បាននិយាយថាពួកឈ្លើយសឹកទាំងនោះនៅទីបំផុតនឹងត្រូវដោះដូរជាមួយពួកឈ្លើយសឹកអ៊ុយក្រែន។
លោក Zelenskyyបាននិយាយនៅក្នុងសារនៅពេលយប់របស់លោកកាលពីថ្ងៃពុធថា«ការរុលទៅមុខរបស់យើងនៅក្នុងតំបន់ Kursk កំពុងដំណើរការល្អនៅថ្ងៃនេះ យើងកំពុងឈោងទៅដល់គោលដៅយុទ្ធសាស្ត្រ»។
ព័ត៌មានខ្លះនៃសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន AP, AFPនិង Reuters