រុស្ស៊ី​​​បាន​បាញ់​ទម្លាក់​ដ្រូន

រូបថត​ផ្សាយ​តាម​បណ្តាញ​ Telegram របស់​អភិបាល​តំបន់​ក្រុង​មូស្គូ កាល​ពី​ថ្ងៃ​ទី​២១ ខែ​មិថុនា ឆ្នាំ​២០២៣ បង្ហាញ​បុគ្គលិក​ផ្នែក​សង្គ្រោះ​បន្ទាន់​ម្នាក់​ឈរ​នៅ​ជិត​កន្លែង​ដែល​ដ្រូន​ធ្លាក់​នៅ​តំបន់​ Kalininets ជាយក្រុង​មូស្គូ។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាននិយាយនៅ​ថ្ងៃ​ពុធ​នេះ​ថា កងការពារ​ដែន​អាកាស​ខ្លួនបាន​បាញ់​ទម្លាក់​ដ្រូន​បី​គ្រឿងក្នុង​តំបន់​ក្រុង​មូស្គូ។

រុស្ស៊ី​បាន​ថ្លែង​ថា ​ដ្រូន​ទាំងនេះ​ជា​ផ្នែកមួយ​នៃ​ការ​វាយប្រហារ​តាម​អាកាស​របស់​អ៊ុយក្រែន​ ហើយ​ថា​ដ្រូន​ពីរក្នុង​បណ្តាដ្រូន​ទាំង​នេះ​ត្រូវ​បានស្ទាក់​នៅ​ពេល​វា​ហោះជិត​ដល់​ឃ្លាំងសម្ភារៈ​យោធា។ ​

អ៊ុយក្រែន​មិន​សូវ​ធ្វើ​អត្ថាធិប្បាយ​អំពី​ការវាយប្រហារ​ខាង​ក្នុង​ប្រទេស​រុស្ស៊ី​ទេ។

កងយោធា​អ៊ុយក្រែន​បាន​និយាយថា ​ពួក​គេ​បាន​បាញ់​ទម្លាក់ដ្រូន៦​គ្រឿង​ធុន Shahed ផលិត​នៅ​ប្រទេស​អ៊ីរ៉ង់នៅ​លើ​តំបន់ Khmelnytskyi​ នាប៉ែកខាងលិច​ប្រទេស​អ៊ុយក្រែន។

រុស្ស៊ី​បានធ្វើការ​វាយប្រហារដោយ​ដ្រូន​ជា​ញឹកញាប់ជា​ផ្នែក​មួយ​នៃ​ការ​វាយប្រហារតាម​អាកាសរបស់​ខ្លួន​តាំង​ពី​បាន​ចូល​លុកលុយ​អ៊ុយក្រែន​កាលពី​ខែកុម្ភៈ​ឆ្នាំ២០២២​មក។
អ៊ុយក្រែន​បាន​ថ្លែង​ថា ​ខ្លួន​បានបាញ់​ទម្លាក់ដ្រូន​៣២​គ្រឿងក្នុង​បណ្តាដ្រូន​៣៥គ្រឿងនៅ​ក្នុង​ការ​វាយ​ប្រហារមួយ​ដោយ​រុស្ស៊ី​កាល​ពី​ថ្ងៃ​អង្គារ៕

ព័ត៌មាន​ខ្លះ​សម្រាប់​សេចក្តី​រាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​សារព័ត៌មាន​ AP, AFP និង​ Reuters