រដ្ឋាភិបាលរុស្ស៊ីបានអំពាវនាវឲ្យប្រទេសអ៊ីស្រាអែល និងប្រទេសដទៃទៀតចៀសវាងវិធានការនានាដែលអាចបង្កើនភាពតានតឹងនៅក្នុងប្រទេសស៊ីរី បន្ទាប់ពីប្រទេសអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍ទៅលើកន្លែងផ្គត់ផ្គង់អាវុធមួយកន្លែង ដែលស្ថិតនៅក្បែរអាកាសយានដ្ឋានអន្តរជាតិ Damascus។
លោក Dmitry Peskov អ្នកនាំពាក្យរបស់វិមានក្រឹមឡាំងបានថ្លែងប្រាប់អ្នកកាសែតនៅក្នុងទីក្រុងមូស្គូថា «ប្រទេសទាំងអស់ត្រូវបញ្ឈប់រាល់សកម្មភាពទាំងអស់ដែលឈានទៅដល់ការបង្កើនភាពតានតឹងនៅក្នុងតំបន់ដែលហែកហួរទៅដោយជម្លោះរួចទៅហើយនេះ»។
លោក Peskov ក៏បាននិយាយថា អធិបតេយ្យភាពរបស់ប្រទេសស៊ីរីគួរតែត្រូវបានគោរព។
កន្លែងផ្គត់ផ្គង់អាវុធនេះត្រូវបានបើកដំណើរការដោយក្រុម Hezbollah លីបង់។ ក្រុមឧទ្ទាមស៊ីរី និងប្រភពស៊ើបការណ៍សម្ងាត់របស់តំបន់នេះ បាននិយាយថា ការវាយប្រហារនេះគឺសំដៅទៅលើអាវុធដែលបានដឹកជញ្ជូនពីអ៊ីរ៉ង់តាមរយៈយន្តហោះយោធា និងយន្តហោះពាណិជ្ជកម្ម។
ចាប់តាំងពីសង្គ្រាមនៅក្នុងប្រទេសស៊ីរីដែលបានចាប់ផ្តើមកាលពីខែមីនាឆ្នាំ២០១១ អ៊ីស្រាអែលបានបញ្ជាក់យ៉ាងច្បាស់ថា ខ្លួនមិនអនុញ្ញាតឲ្យដឹកជញ្ជូនអាវុធពីអ៊ីរ៉ង់ទៅឲ្យក្រុម Hezbollah ដែលប្រយុទ្ធនៅក្នុងប្រទេសស៊ីរីនោះទេ៕