រុស្ស៊ី​ស្តី​បន្ទោស​ការ​ប្រើប្រាស់​ទូរសព្ទ​ចល័ត​របស់​កងទ័ព​ក្នុង​ការវាយ​ប្រហារ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី

កម្មករ​កំពុង​សម្អាត​កម្ទេចកម្ទី​បាក់បែក​បន្ទាប់​ពី​រ៉ុក្កែត​អ៊ុយក្រែន​បាន​វាយប្រហារ​ទៅ​លើ​ក្រុង Makiivka តំបន់ Donetsk ដែល​ត្រួតត្រា​ដោយ​រុស្ស៊ី ថ្ងៃទី ៣ ខែមករា ឆ្នាំ២០២៣។

ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​និយាយ​នៅ​ព្រឹក​ថ្ងៃពុធ​នេះ​ថា​ ការប្រើប្រាស់​ទូរសព្ទ​យ៉ាងច្រើន​របស់​ទាហាន​រុស្ស៊ី​បាន​នាំឱ្យ​មាន​ការវាយ​ប្រហារ​នៅ​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី​ដ៏​សាហាវ​របស់​ប្រទេស​អ៊ុយក្រែន​លើ​បន្ទាយ​យោធា​នៅក្នុង​ទីក្រុង​ដែល​គ្រប់គ្រង​ដោយ​ទីក្រុង​ម៉ូស្គូ​នៅ​ភាគ​ខាងកើត​អ៊ុយក្រែន។

ក្រសួង​បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា៖​ «វា​ច្បាស់​ហើយ​ថា​ហេតុផល​ចម្បង​ចំពោះ​អ្វី​ដែល​បាន​កើត​ឡើង​គឺ​ការបើក​ និង​ការ​ប្រើប្រាស់​ដ៏​ធំ​ ​ដែល​ផ្ទុយ​ទៅ​នឹង​ការហាមឃាត់​ សម្រាប់​ទាហាន​នៅ​ក្នុង​តំបន់​ដែល​អាវុធ​សត្រូវ​អាច​បាញ់ដល់»។

ក្រសួង​បាន​បន្ថែម​ថា៖ «កត្តា​នេះ​បាន​អនុញ្ញាត​ឱ្យ​សត្រូវ​តាមដាន​ និង​កំណត់​ទីតាំង​របស់​ទាហាន​សម្រាប់​ការវាយ​ប្រហារ​ដោយ​មីស៊ីល»។

អ៊ុយក្រែន​បាន​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នៅ ​ទីក្រុង​ Makiivka ​កាល​ពី​ថ្ងៃ​ចន្ទ។ កងកម្លាំង​រុស្ស៊ី​គ្រប់គ្រង​ទីក្រុង​នេះ​ ហើយ​បាន​ប្រែ​ក្លាយ​សាលារៀន​ទៅជា​កន្លែង​ដាក់​យោធា។

ឧត្តមសេនីយ៍ទោរុស្ស៊ី​ លោក ​Sergei Sevryukov​ បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​តាម​វីដេអូ​ដែល​ចេញផ្សាយ​ដោយ​ក្រសួង​កាលពី​ព្រឹក​ថ្ងៃពុធ​ថា​ចំនួន​អ្នកស្លាប់​បាន​កើនឡើង​ដល់​ ៨៩ ​នាក់​ ពី​ចំនួន​ ៦៣ ​នាក់​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃចន្ទ។ លោក​បាន​និយាយ​ថា​សាកសព​ជាច្រើន​ទៀត​ត្រូវ​បាន​រក​ឃើញ​នៅ​ក្រោម​គំនរ​បាក់បែក​នៃ​អគារ។ ​នេះ​បើ​តាម​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​AFPបាន​រាយការណ៍។

លោក​ថ្លែង​ថា​៖ «​គណៈកម្មការ​មួយ​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​ពី​កាលៈទេសៈ​ដែល​បាន​កើត​ឡើង»​។

អ្នកឆ្លើយឆ្លង​ព័ត៌មាន​សង្គ្រាម​រុស្ស៊ី​បាន​រាយការណ៍​ថា ​ទាហាន​នៅក្នុងបន្ទាយ​នៅ​ទីក្រុង​ Makiivka​ ភាគច្រើន​ជា​ទាហាន​ទើប​បាន​កេណ្ឌ​ថ្មី។ នេះ​បើ​យោង​តាម​ AFP។

ពួកគេ​បាន​បន្ថែម​ថា ​ទាហាន​បាន​ឈរ​ជើង​នៅក្នុង​អគារ​ដែល​មិនមាន​ការការពារ​ ដែល​ត្រូវ​បាន​បំផ្លាញ​ ដោយសារតែ​គ្រាប់​រំសេវ​ដែល​រក្សា​ទុក​ក្នុង​បរិវេណ​នោះ​បាន​ផ្ទុះ​នៅក្នុង​ការវាយប្រហារ​នោះ៕

ព័ត៌មាន​ខ្លះ​នៅ​ក្នុង​សេចក្ដីរាយការណ៍​នេះ​ត្រូវ​បាន​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press​ ទីភ្នាក់ងារ​ព័ត៌មាន Agence France-Presse and ​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។