ប្រទេសរុស្ស៊ីបានស្នើសុំប្រទេសចិនឲ្យផ្តល់ជំនួយផ្នែកយោធានិងសេដ្ឋកិច្ចក្នុងការធ្វើសង្រ្គាមនៅក្នុងប្រទេសអ៊ុយក្រែន។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយក្នុងសហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញគឺប៉ុន្មានម៉ោង ក្រោយពីសេតវិមាន បានព្រមានរដ្ឋាភិបាលក្រុងប៉េកាំងថា នឹងអាចប្រឈមផលវិបាកធ្ងន់ធ្ងរ ប្រសិនបើ ចិនជួយរុស្ស៊ីប្រឆាំងនឹងការដាក់ទណ្ឌកម្មទាំងនោះ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។
ក្រុមមន្ត្រីអាមេរិក បានប្រាប់បណ្តាញព័ត៌មានថា រុស្ស៊ីបានស្នើសុំឧបករណ៍យោធានិងការគាំទ្រពីសម្ពន្ធមិត្តដ៏សំខាន់របស់ខ្លួនគឺប្រទេសចិន។
រដ្ឋាភិបាលក្រុងមូស្គូ ក៏បានស្នើសុំរដ្ឋាភិបាលក្រុងប៉េកាំងនូវជំនួយសេដ្ឋកិច្ចដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចជាច្រើនផងដែរ។ នេះបើតាមកាសែត The New York Times ដែលបានដកស្រង់សម្តីពីមន្ត្រីដែលមិនប្រាប់ឈ្មោះ។
មន្ត្រីទាំងនោះ បានបដិសេធមិនពន្យល់លម្អិតថា តើហេតុអ្វីបានជារុស្ស៊ីស្នើសុំជំនួយពីចិនហើយថាតើចិនបានយល់ព្រមតាមការស្នើសុំរបស់រុស្ស៊ីនោះដែរឬទេ។ នេះបើតាមសេចក្តីរាយការណ៍នោះ។
អ្នកនាំពាក្យស្ថានទូតចិនក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានប្រាប់សារព័ត៌មានថា «ខ្ញុំមិនដែលឮរឿងនឹងទេ» នៅពេលសាកសួរអំពីការស្នើសុំរបស់រុស្ស៊ីនោះ។
សេចក្តីរាយការណ៍នោះ កើតមានឡើងតែប៉ុន្មានម៉ោងប៉ុណ្ណោះ ក្រោយសេតវិមាន ប្រកាសថា គណៈប្រតិភូជាន់ខ្ពស់អាមេរិក នឹងជួបជាមួយមន្ត្រីជាន់ខ្ពស់ចិននៅក្នុងទីក្រុងរ៉ូមនៃប្រទេសអ៊ីតាលីនៅថ្ងៃចន្ទនេះ។
ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan និងប្រមុខការទូតនៃបក្សកុម្មុយនីស្តចិន លោក Yang Jiechi «នឹងពិភាក្សាពីកិច្ចខំប្រឹងប្រែងបន្តរៀបចំការប្រកួតប្រជែងរវាងប្រទេសយើងទាំងពីរនិងពិភាក្សាពីផលប៉ះពាល់នៃសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនក្នុងក្របខណ្ឌសន្តិសុខក្នុងតំបន់និងសាកលលោក»។ នេះបើតាមអ្នកនាំពាក្យនៃក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី Emily Horneដែលបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យម្សិលមិញ។
រដ្ឋាភិបាលក្រុងប៉េកាំង បាននិយាយកាលពីសប្តាហ៍មុនថា មិត្តភាពរបស់ខ្លួនជាមួយរុស្ស៊ីនៅតែរឹងមំា បើទោះបីជាមានការថ្កោលទោសពីអន្តរជាតិប្រឆាំងនឹងរុស្ស៊ីក្តី ហើយបានបង្ហាញនូវការបើកចំហដើម្បីធ្វើជាអាជ្ញាកណ្តាលដើម្បីជួយបញ្ចប់សង្គ្រាមក្នុងប្រទេសអ៊ុយក្រែនផងដែរ៕