មនុស្សយ៉ាងតិចណាស់ក៏៣៥នាក់ដែរ បានស្លាប់ហើយ១៣៤នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារលើមជ្ឈមណ្ឌលសម្រាប់ថែរក្សាសន្តិភាពនិងសន្តិសុខអន្តរជាតិ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃអាទិត្យថា លោកបានធ្វើ«ការព្រមានយ៉ាងច្បាស់»ដល់ក្រុមមេដឹកនាំប្រទេសលោកខាងលិចអំពីលទ្ធភាពនៃការវាយប្រហារទៅលើទីតាំងយោធានោះជាទីកន្លែងដែលអង្គភាពអង្គការអូតង់ហ្វឹកហាត់ជាមួយកងទ័ពអ៊ុយក្រែន។
អ្នកត្រូវរបួសជាច្រើន បានត្រូវគេដឹកទៅកាន់មន្ទីរពេទ្យនៅក្នុងទីក្រុង Novoiavorisk ជាទី កន្លែងដែលអ្នករងរបួសខ្លះ បានត្រូវផ្ទេរទៅកាន់មន្ទីរពេទ្យធំៗនៅក្នុងតំបន់។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយកាលពីយប់ថ្ងៃអាទិត្យថា លោកបានប៉ុនប៉ងរៀបចំជំនួបមួយជាមួយលោក Putin ក៏ប៉ុន្តែ មិនបានទទួលជោគជ័យ ថ្វីបើគណៈប្រតិភូអ៊ុយក្រែននិងរុស្ស៊ី ពិភាក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើការរៀបចំរបៀងមនុស្សធម៌និងកិច្ចព្រមព្រៀងឈប់បាញ់គ្នាក៏ដោយ។
ក្នុងកិច្ចសម្ភាសន៍ជាមួយកម្មវិធីទូរទស្សន៍«Fox News Sunday»អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោកស្រី Wendy Sherman បាននិយាយថា សហរដ្ឋអាមេរិកកំពុង«ដាក់សម្ពាធយ៉ាងខ្លាំង»លើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យយល់ព្រមលើការឈប់បាញ់គ្នានៅក្នុងការឈ្លានពានជាង២សប្តាហ៍របស់ខ្លួនលើប្រទេសអ៊ុយក្រែន។
លោកស្រី Sherman បានមានប្រសាសន៍ថា៖ «ការដាក់សម្ពាធនេះ កំពុងចាប់ផ្តើមមានប្រសិទ្ធភាពខ្លះ។ យើងកំពុងឃើញសញ្ញាខ្លះនៃឆន្ទៈឲ្យមានការចរចាពិតប្រាកដនិងប្រកបដោយការយកចិត្តទុកដាក់ ក៏ប៉ុន្តែ ខ្ញុំត្រូវនិយាយថា ដូចដែលអ្នកយកព័ត៌មានរបស់លោក អ្នកបាននិយាយស្រាប់ រហូតមកទល់ពេលនេះ លោក Vladimir Putin ហាក់ដូចជាមានបំណងបំផ្លាញប្រទេសអ៊ុយក្រែន។ យើងចាំបាច់ជួយប្រជាពលរដ្ឋអ៊ុយក្រែនគ្រប់វិធីទាំងអស់ដែលយើងអាច។
វីដេអូរបស់ទីភ្នាក់ងារគ្រាអាសន្នរបស់អ៊ុយក្រែនដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញពីពួកអ្នកពន្លត់អគ្គីភ័យបានជួយសង្គ្រោះស្ត្រីវ័យចាស់ម្នាក់ពីអាគារ Apartmentមួយខ្នងដែលមានកម្ពស់៩ជាន់នៅក្នុងរដ្ឋធានីកៀវដែលរងការវាយប្រហារពីកាំភ្លើងត្បាល់របស់រុស្ស៊ី។
ទីប្រឹក្សាក្រសួងមហាផ្ទៃអ៊ុយក្រែនលោក Anton Garashchenko បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា មនុស្ស២នាក់បានត្រូវសម្លាប់និង៣នាក់បានចូលព្យាបាលនៅមន្ទីរពេទ្យ។
ក្នុងខណៈនោះដែរ ទីប្រឹក្សាសន្តិសុខជាតិសហរដ្ឋអាមេរិកលោក Jake Sullivan និងមន្ត្រីមកពីក្រុមប្រឹក្សាសន្តិសុខជាតិនិងក្រសួងការបរទេសអាមេរិក គ្រោងជួបនៅថ្ងៃចន្ទនៅក្នុងទីក្រុងរ៉ូមជាមួយលោក Yang Jiechi នាយកគណៈកម្មការកិច្ចការបរទេសរបស់គណបក្សកុម្មុយនីស្តចិន។
សេចក្តីរាយការណ៍របស់បណ្តាញព័ត៌មាន បានលេចចេញកាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលក្រុងមូស្គូ បានស្នើជំនួយយោធានិងសេដ្ឋកិច្ចពីប្រទេសចិនសម្រាប់សង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
មុននេះសេតវិមាន បានព្រមានចិនពី«ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើ ចិន ជួយរុស្ស៊ីបញ្ចៀសការដាក់ទណ្ឌកម្មសេដ្ឋកិច្ចនេះ៕