លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជា និងលោកនាយករដ្ឋមន្ត្រីរុស្ស៊ី Dmitry Medvedev បានពិភាក្សាទ្វេភាគីជាច្រើនរួមទាំងបញ្ហាប្រាក់បំណុល ដែលកម្ពុជាជំពាក់រុស្ស៊ីក្នុងសម័យសង្គ្រាមទសវត្សរ៍១៩៨០ដែរ។
កម្ពុជាបានជំពាក់បំណុលរុស្ស៊ីជាង១.៥០០លានដុល្លារដោយភាគច្រើន ដោយការទិញសម្ភារៈកាលពីអតីតកាល។ រហូតមកទល់ពេលនេះកម្ពុជាពុំទាន់មានលទ្ធភាពសងនៅឡើយទេ។
បើតាមការអះអាងជាសង្ខេបរបស់លោក អ៊ាង សុផល្លែត អ្នកនាំពាក្យនៃកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីទាំងពីរ លោកបានថ្លែងថា ការពិភាក្សាទាក់ទងនឹងរឿងបំណុលមានភាពវិជ្ជមានខ្លាំង។
«ពាក់ព័ន្ធនឹងបញ្ហាបំណុលក៏បានលើកឡើងផងដែរ ហើយភាគីទាំងពីរបានឯកភាពគ្នានឹងធ្វើការពិភាក្សា ធ្វើយ៉ាងណាឲ្យអាចទទួលយកបានទាំងសងខាង»។
ក្រុមមន្ត្រីកម្ពុជាបានស្នើសុំឲ្យរុស្ស៊ីលុបចោលបំណុល ដែលកម្ពុជាជំពាក់ទាំងអស់តែរុស្ស៊ីបានបដិសេធ។ មន្ត្រីកម្ពុជាក្រោយមកធ្លាប់បានអះអាងជាឯកតោភាគីថា រុស្ស៊ីបានព្រមលុបចោល៧០ភាគរយនៃបំណុលទាំងនោះ។
ក្រៅពីសម្តែងការអរគុណដល់រុស្ស៊ីដែលបានជួយឧបត្ថម្ភដល់កម្ពុជាក្រោយពេលរបប ខ្មែរក្រហមបានដួលរំលំមក នៅក្នុងកិច្ចប្រជុំដដែលនោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញដល់ភាគីរុស្ស៊ីបង្កើនពាណិជ្ជកម្មជាមួយកម្ពុជាផ្នែកទេសចរណ៍ ការហោះហើរត្រង់ វិនិយោគផ្សេងៗ ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា ហើយនឹងទិញអង្កររួមនឹងវាយនភ័ណ្ឌកម្ពុជាផងដែរ។
លោក អ៊ាង សុផល្លែត បានបន្ថែមទៀតថា៖
«ជាការឆ្លើយតបឯកឧត្តមនាយករដ្ឋមន្ត្រីរដ្ឋាភិបាលសហព័ន្ធរុស្ស៊ី បានគោរពជម្រាប ជូនសម្តេចថា ឯកឧត្តមសូមឯកភាពទាំងស្រុងលើអ្វីដែលជាការលើកឡើងរបស់សម្តេចអគ្គសេនាបតីតេជោ»។
លោកនាយករដ្ឋមន្ត្រីរុស្ស៊ីបានបញ្ចប់ទស្សនកិច្ចបីថ្ងៃរបស់លោកនៅក្នុងប្រទេសកម្ពុជានៅថ្ងៃអង្គារនេះក្រោយពីបានចូលរួមក្នុងពិធីចុះហត្ថលេខាជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លើកិច្ចព្រមព្រៀងមួយចំនួនរាប់ទាំងកិច្ចព្រមព្រៀងស្តីពីការផ្លាស់ប្តូរព័ត៌មានសម្អាតប្រាក់ និងហិរញ្ញប្បទានភេវកម្ម កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការរវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សរួបរួមរុស្ស៊ី កិច្ចព្រមព្រៀងផ្នែកវិស័យព័ត៌មានជាតិ និងវិស័យវិនិយោគទុនមួយចំនួន។
បើតាមការអះអាងរបស់លោក គង់ ភោគ ប្រធានវិទ្យាស្ថានកម្ពុជាសម្រាប់ការស្រាវជ្រាវផ្នែកយុទ្ធសាស្ត្រវិញ បានអះអាងថាយុទ្ធសាស្ត្រពង្រីកឥទ្ធិពលរបស់ខ្លួនជាមួយប្រទេសក្នុងតំបន់ហាក់ដូចជាថយខ្លាំងយូរហើយ ដោយមិនអាចប្រៀបធៀបនឹងមហាអំណាចផ្សេងៗទេ។ ការណ៍នោះគឺដោយសារតែបញ្ហាសេដ្ឋកិច្ច និងធនធានធ្លាក់ចុះ។ តែថ្មីៗប្រទេសរុស្ស៊ីហាក់ដូចជាខិតខំភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ រួមទាំងកម្ពុជាផងដែរ។
«និយាយទៅយើងឃើញថា ការកើនឡើងរបស់ប្រទេសរុស្ស៊ីមិនត្រឹមតែមកប្រទេស កម្ពុជាទេ តែមកប្រទេសផ្សេងទៀតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលវាស្របពេល ដែលមានសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ផង។ អញ្ចឹង រុស្ស៊ីក៏គាត់ចង់ទាញយក សារៈប្រយោជន៍នៃការពង្រីកទំនាក់ទំនងពាណិជ្ជកម្មសេដ្ឋកិច្ច និងវិនិយោគឲ្យបានស៊ីជម្រៅ ហើយនឹងទូលំទូលាយជាមួយនឹងបណ្តាប្រទេសអាស៊ានផ្សេងទៀត។ ដូច្នេះវា ពុំមែនជារឿងមួយដែលប្លែក ដែលថាតួនាទី និងវត្តមានរបស់រុស្ស៊ីឃើញមានការកើនឡើងនៅក្នុងតំបន់»។
លោកបានបន្តថា កត្តាសំខាន់មួយដែលរុស្ស៊ីភ្ជាប់ទំនាក់ទំនងឡើងវិញជាមួយកម្ពុជា និងក្នុងតំបន់នេះ គឺដោយសារតែរុស្ស៊ីទំនងជាប្រឹងប្រែងពង្រីកវិស័យពាណិជ្ជកម្មរវាងរុស្ស៊ី និងប្រទេសក្នុងតំបន់ ជាពិសេសវិនិយោគ និងសេដ្ឋកិច្ចក្នុងតំបន់អាស៊ាន ដែលត្រៀមធ្វើសមាហរណកម្មឲ្យទៅជាទីផ្សាររួមមួយនៅដំណាច់ឆ្នាំ២០១៥ខាងមុខនេះ៕