អ្នក​នាំពាក្យ​បក្ស​កាន់​អំណាច៖​ ការ​ផ្តល់​ប្រាក់​ដល់​ប្រជាជន​មុន​ការ​បោះ​ឆ្នោត​មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ឡើយ

រូបឯកសារ៖ ទិដ្ឋភាពសកម្មជននិងអ្នកគាំទ្រចូលរួមក្នុងការដង្ហែក្បួនឃោសនាបោះឆ្នោតធំរបស់គណបក្សប្រជាជនថ្ងៃចុងក្រោយកាលពីព្រឹកថ្ងៃទី០២ ខែមិថុនា ២០១៧ ក្នុងរាជធានីភ្នំពេញ។ (ខាន់ សុគុំមនោ/វីអូអេ)

អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​បាន​ថ្លែង​ការពារ​ថា​ការ​ផ្តល់​ប្រាក់​ដល់​ប្រជាជន នៅ​មុន​ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នា​ខែ​ក្រោយ គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​គណបក្ស​កាន់​អំណាច ហើយ​មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​ឡើយ។

លោក​ សុខ ​ឥសាន ​ អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​ការ​ផ្តល់​លុយ​ឱ្យ​ប្រជាជន​ដែល​លោក​ថា​ ជា​សមាជិក​របស់​គណបក្ស​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ​គឺ​មិន​ខុស​ច្បាប់ ​និង​មិន​មែន​ជា​ការ​ទិញ​ទឹក​ចិត្ត​នោះ​ទេ។​

លោក​ថ្លែង​ថា៖ ​«​គណ​បក្ស​ប្រជាជន​ចែក​សមាជិក​របស់​ខ្លួន​ អាហ្នឹង​ជា​រឿង​ផ្ទៃ​ក្នុង​គ្រួសារ​របស់​គណបក្ស​ប្រជាជន​ អត់​មាន​ទិញ​ទឹក​ចិត្ត​ ឬ​សមាជិក​បក្ស​ផ្សេង​ទេ។ ​ បើ​ចែក​សមាជិក​បក្ស​ផ្សេង​បាន​អាច​និយាយ​ថា​ ពាក្យ​ថា​ទិញ​ទឹក​ចិត្ត​ ឬ​មួយ​គេ​ហៅ​ថា​ទិញ​សន្លឹក​ឆ្នោត»។​

គណបក្ស​ប្រជាជន​កម្ពុជា​បាន​បង្កើត​សៀវភៅ​គ្រួសារ​គណបក្ស​ ដែល​មាន​រូប​រាង​ដូច​សៀវភៅ​គ្រួសារ។ ​ ប្រជា​ពលរដ្ឋ​នៅ​តាម​ឃុំ​សង្កាត់​បាន​ចុះ​ឈ្មោះ​ទៅ​តាម​ការ​ស្នើ​សុំ​របស់​អាជ្ញាធរ​ឃុំ​សង្កាត់​ ដែល​ដឹកនាំ​ដោយ​មន្រ្តី​នយោបាយ​របស់​គណបក្ស​ប្រជាជន​កម្ពុជា។​

រូបឯកសារ៖ លោក​ សុខ ឥសាន​ អ្នក​នាំ​ពាក្យគណបក្សប្រជាជនកម្ពុជា​ ផ្តល់​បទ​សម្ភាសន៍​ជាមួយ​ VOA​ នៅ​ឯទីស្នាក់ការគណបក្ស ​ក្នុង​រាជធានី​ភ្នំពេញ​ កាល​ពី​ថ្ងៃ​ទី​១២​ ខែ​តុលា​ ឆ្នាំ​២០១៦​។ ​(ហ៊ាន​ សុជាតា​/វីអូអេ)

បើ​តាម​លោក​ សុខ ឥសាន​ គណបក្ស​ប្រជាជន​កម្ពុជា​មាន​សមាជិក​ដែល​ចុះ​ឈ្មោះ​ចំនួន​៦​លាន​នាក់។​ លោក​បញ្ជាក់​ថា ​ថវិកា​ដែល​គណ​បក្ស​កាន់​អំណាច​យក​ទៅ​ចែក​សមាជិក​បក្ស​តាម​មូលដ្ឋាន​នោះ​ជា​ប្រាក់​របស់​គណ​បក្ស។​

លោក​បញ្ជាក់​ថា៖​ «ធនធាន​របស់​គណ​បក្ស! ​គេ​ប្រើ​ធនធាន​របស់​គណបក្ស​ ថវិកា​របស់​គណបក្ស​ ហើយ​គណបក្ស​រក​បាន​ថវិកា​ទៅ​តាម​មធ្យោបាយ​ស្រប​ច្បាប់​ដែល​មាន​ចែង​នៅ​ក្នុង​ច្បាប់​ មិន​ធ្វើ​អ្វី​ដែល​ប៉ះ​ពាល់​គោល​ការណ៍​ដែល​រំលោភ​ច្បាប់​ទេ»។​

នៅ​មុន​ការ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ខិត​ជិត​មក​ដល់​ ​មន្រ្តី​គណ​បក្ស​ប្រជាជន​កម្ពុជា​បាន​ចាប់​ផ្តើម​ផ្តល់​ប្រាក់​ដល់​ប្រជា​ពលរដ្ឋ ​ដោយ​ផ្តល់​អំណោយ​ជា​លុយ​ក្នុង​ស្រោម​សំបុត្រ ​យ៉ាង​តិច​២​ម៉ឺន​រៀល​ក្នុង​ម្នាក់ៗ​ឱ្យ​សមាជិក​បក្ស​តាម​មូលដ្ឋាន។

អ្នក​នាំពាក្យ​គណ​បក្ស​ភ្លើង​ទៀន​ លោក ​ថាច់ ​សេដ្ឋា​ចាត់​ទុក​ថា​ នេះ​ជា​«យុទ្ធសាស្ត្រ​ដើរ​ទិញ​ទឹក​ចិត្ត»​ប្រជា​ពលរដ្ឋ​ នៅ​មុន​ការ​បោះឆ្នោត​ ដែល​បញ្ហា​នេះ ​លោក​យល់​ថា​ មិនគួរ​ឱ្យ​មាន​កើត​មាន​ទេ។​

លោក​ប្រាប់​វីអូអេ៖​ «វា​មាន​ស្ទើរ​ទូទាំង​ប្រទេស។​ ហើយ​ ឥឡូវ​នេះ​ដល់​រដូវ​កាល​គេ​ចែក​អំណោយ​ហ្នឹង​ហើយ។​ គណ​បក្ស​ដែល​ចែក​អំណោយ​ ក្រៅ​ពី​គោល​នយោបាយ​ធ្វើ​អំពើ​ល្អ ​ គាត់​មិន​ចេះ​ធ្វើ​អ្វី​ក្រៅ​ពី​អំណោយ ​[និង]​សំឡុត​ហ្នឹង​ទេ។​ អស់​ពី​សំឡុត​ផង​ អី​ផង ​ហ្នឹង ​លួង​ចិត្ត​ប្រជា​ពលរដ្ឋ​ ដើម្បី​បាន​អំណាច​បន្ត​ទៀត​ហ្នឹង​គឺ​គាត់​មានតែ​ចែក​អំណោយ​ប៉ុណ្ណឹង​ឯង។​ ហើយ​អំណោយ​លុយ​កាក់​ហ្នឹង ​ប្រជា​ពលរដ្ឋ​លោក​ដឹង​ច្បាស់​ណាស់​ សុទ្ធតែ​បាន​មក​ពី​អំពើ​ពុក​រលួយ​ លួច​ប្លន់​ដី​ធ្លី​ប្រជា​ពលរដ្ឋ​ កាប់​បំផ្លាញ​ព្រៃឈើ​ លុប​បឹង​ លុប​ទន្លេ​ទាំង​អស់​ហ្នឹង»។​

លោក ​ថាច់ ​សេដ្ឋា​បន្ថែម​ថា​ គណបក្ស​គួរ​តែ​យក​គោល​នយោបាយ​មក​ប្រកួត​ប្រជែង​ ជាជាង​ការ​ប្រើប្រាស់​ថវិកា​ផ្តល់​ដល់​ម្ចាស់​ឆ្នោត។​

លោក​បន្ត​ថា៖ ​«ដើម្បី​ឱ្យ​ស្មើ​គ្នា​មិន​ត្រូវ​ឱ្យ​ធ្វើ​បែប​នេះ​ទេ។​ វា​ជា​ការ​ទិញ​ទឹក​ចិត្ត​ហើយ។ ​ វាមិនមែន​ជា​រឿង​ចែក​អំណោយ​អ្វី​ធម្មតា​ទេ ​ពី​ព្រោះ​៥​ឆ្នាំ ​គិត​ទៅ​បោះ​ឆ្នោត​ឃុំ​សង្កាត់​ម្តង។ ​ ពេល​បោះ​ឆ្នោត​បាន​យក​មក​ចែក​ ហើយ​ចុះ​ប៉ុន្មាន​ខែ​ [និង]​៤​ឆ្នាំ​ទៀត​ ម៉េច​មិន​ចែក? អ៊ីចឹង​ហើយ​ដើម្បី​ស្មើ​ភាព​គ្នា​ ត្រូវ​តែ​បញ្ឈប់​រាល់​សកម្ម​ភាព​ទាំង​អស់​នោះ​ទៅ ​បើ​សិន​ណា​គណ​បក្ស​កាន់​អំណាច​ហ្នឹង​ គាត់​ធ្វើ​ល្អ​ សូម​ឱ្យ​ប្រកួត​ប្រជែង​លើ​គោល​នយោបាយ​វិញ»។​

ទោះ​ជាយ៉ាងណា​ លោក​ សុខ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​កាន់​អំណាច​លើក​ឡើង​ថា​ ថវិកា​ចែក​ទៅ​ប្រជា​ពលរដ្ឋ​ ជា​ថវិកា​ស្រប​ច្បាប់​ មិន​ពាក់​ព័ន្ធ​នឹង​អំពើ​ពុក​រលួយ​ណា​មួយ​ឡើយ។​

អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន​លោក​ ឡឹក សុធារ​ ថ្លែង​ថា​ វា​ជា​រឿង​មួយ​មិន​គួរ​កើត​ឡើង​ ប្រសិន​បើ​មាន​សកម្ម​ភាព​ចែក​អំណោយ ​ឬ​ប្រាក់​ពិត​មែន ​ក្នុង​ដំណាក់​កាល​ជិត​បោះ​ឆ្នោត​ឃុំ​សង្កាត់។​

លោក​ថា៖ ​«វា​គឺ​ជា​រូប​ភាព​មិន​ល្អ​ ហើយ​វា​ជះ​ឥទ្ធិពល​ដល់​ការ​បោះឆ្នោត​ ទៅ​ដល់​ដំណើរ​ការ​នៃ​ការ​បោះ​ឆ្នោត​ ភាព​យុត្តិធម៌​ និង​ភាព​ត្រឹមត្រូវ​ និង​តម្លា​ភាព​ ហើយ​ដែល​ស្ថាប័ន ​គ.ជ.ប.​ ជា​អ្នក​ត្រួត​ពិនិត្យ​ទៅ​លើ​រឿង​នេះ។​ បើ​ការ​ចែក​នេះ​មិន​ស្ថិត​ក្នុង​អំឡុង​ការ​ឃោសនា​ក៏​ដោយ​ ប៉ុន្តែ​គឺ​ពិត​ណាស់ ​ការ​ចែក​ក្នុង​រូប​ភាព​បែប​នេះ​គឺ​ធ្វើ​ដើម្បី​ចេតនា​ទិញ​ទឹកចិត្ត​ ដើម្បី​ទិញ​សន្លឹក​ឆ្នោត​ដល់​អ្នក​គាំទ្រ​របស់​ខ្លួន»។​

លោក​បន្ថែម​ថា​ ប្រជា​ពលរដ្ឋ​អាច​ពិចារណា​ដោយ​ខ្លួន​ឯង​បាន​ ថា​ យក​អំណោយ​នៅ​ពេល​នេះ ​ឬ​ជ្រើស​រើស​មេឃុំ​ល្អ​ក្នុង​ការ​បម្រើ​សេវា​សាធារណៈ​ដល់​ខ្លួន​នៅ​ពេល​មាន​តម្រូវ​ការ។​

អគ្គ​លេខា​ធិការ​រង​នៃ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ (គ.ជ.ប.) ​លោក​ សោម សូរីដា ​ប្រាប់​វីអូអេ​ថា​ សកម្ម​ភាព​ផ្តល់​អំណោយ​របស់​គណ​បក្ស​ណា​ក៏​ដោយ​ ដែល​ធ្វើ​មុន​ថ្ងៃ​ទី​២១​ ខែ​ឧសភា​ ឬ​មុន​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ដំបូង​ គឺ​មិន​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ស្ថាប័ន​គ.ជ.ប.​ ហើយ​ក៏​មិន​ខុស​នីតិវិធី​ច្បាប់​បោះ​ឆ្នោត​ឡើយ។​ លោក​បញ្ជាក់​ថា​ ស្ថាប័ន​រៀបចំ​ការ​បោះឆ្នោត ​គ.ជ.ប.​ គ្រប់​គ្រង​សកម្ម​ភាព​គណ​បក្ស​នយោបាយ​ទាំង​អស់​ក្នុង​រយៈ​ពេល​១៤​ថ្ងៃ​ប៉ុណ្ណោះ ​ដែល​នៅ​ក្នុង​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត។​

លោក​ថា៖ ​«សកម្ម​ភាព​ឃោសនា​ ឬ​ក៏​សកម្មភាព​របស់​គណបក្ស​មុន​ដំណើរការ​១៤​ថ្ងៃ​នៃ​យុទ្ធនាការ​នៃ​ការ​បោះ​ឆ្នោត​ មិន​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ទេ»។​

លោក ​កន សាវាង្ស ​ អ្នក​សម្រប​សម្រួល​ផ្នែក​អង្កេត​ និង​តស៊ូ​មតិ​នៃ​អង្គការ​ខុមហ្វ្រែល​ដែល​ឃ្លាំ​មើល​កិច្ចការ​បោះឆ្នោត​ បាន​ថ្លែង​ថា​ សកម្ម​ភាព​របស់​គណបក្ស​ទាំង​អស់​ ក្នុង​ការ​ផ្តល់​អំណោយ​ ឬ​លុយ​នៅ​មុន​ការ​បោះ​ឆ្នោត​នេះ ​មិន​គួរ​ឱ្យ​កើត​មាន​ទេ ​ទោះ​បី​ជា​ប្រជា​ពលរដ្ឋ​ជា​អ្នក​សម្រេច​ចិត្ត​ក្នុង​ការ​គូស​សន្លឹក​ឆ្នោត​ក៏​ដោយ​ ព្រោះ​វា​ជា​ទម្លាប់​មួយ​មិន​ល្អ​ទេ ​ដែល​ជា​ការ​ចូលរួម​លើក​ទឹកចិត្ត​ពលរដ្ឋ​ឱ្យ​ធ្វើ​អ្វី​មួយ​ដើម្បី​ខ្លួន។​

លោក​បញ្ជាក់​ថា៖ ​«បើ​សិន​ជា​ដំណើរ​នៃ​ការ​ចែក​នេះ ​ដោយ​សន្យា​ក្នុង​ការ​ឱ្យ​ធ្វើ​អ្វី​មួយ ​ឧបមា​ថា ​ ការ​ជូន​ថវិកា​ដើម្បី​ឱ្យ​លោក ​លោក​ស្រី​បោះ​ឆ្នោត​ ឬ​ឱ្យ​អី​អ៊ីចឹង ​ជា​ការ​សន្យា​មួយ​ដែល​ដូរ​ជាមួយ​សំណង​ ហើយ​ករណី​នេះ​ ច្បាស់​ណាស់​ជា​ករណី​ទិញ​ទឹកចិត្ត​ នូវ​គណបក្ស​នយោបាយ ​ឬ​ប្រជា​ពលរដ្ឋ​ ទោះ​បី​ថា​ នៅ​ក្នុង​សកម្ម​ភាព​គណបក្ស​ខ្លួន​ក៏​ដោយ​ ពីព្រោះ​ធម្មតា​ មិន​មាន​ចំណុច​ណា​មួយ​បែងចែក​ឱ្យ​បាន​ច្បាស់លាស់​ថា​ អ្នក​នោះ​ជា​សមាជិក​ ឬ​យ៉ាង​ណា។​ អាហ្នឹង​មិន​ទាន់​ច្បាស់​លាស់​ក្នុង​ការ​ដែល​កំណត់​ហ្នឹង​ទេ»។​

គួរ​បញ្ជាក់​ថា​ ការ​បោះ​ឆ្នោត​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី៥​ ខែ​មិថុនា​ខាង​មុខ ​ដោយ​ត្រូវ​ជ្រើស​រើស​ក្រុម​ប្រឹក្សា​សរុប​ទាំង​អស់​ជាង​១១.០០០​នាក់ ​នៅ​ក្នុង​ឃុំ​សង្កាត់​សរុប​ចំនួន​១.៦៥២​ ដែល​មាន​គណ​បក្ស​ចូល​រួម​ប្រកួត​ប្រជែង​ចំនួន​១៧​គណបក្ស៕