គណបក្សប្រជាជនកម្ពុជាបានប្រារព្ធពិធីរំឭកខួបទី៦៥ឆ្នាំរបស់ខ្លួន ដោយប្តេជ្ញាទប់ស្កាត់បដិវត្តន៍ពណ៌ ដែលគេដឹងថា បានផ្តួលរំលំមេដឹកនាំជាច្រើនដែលស្ថិតក្នុងអំណាចយូរឆ្នាំនៅក្នុងមជ្ឈឹមបូព៌ាប្រទេស នៅអាហ្វ្រិក និងនៅអឺរ៉ុបខាងកើត។
ប្លែកពីការប្រារព្ធពិធីខួបនៃការបង្កើតគណបក្សកាលពីពេលមុនៗ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នាឱកាសរំឭកខួបនៃការបង្កើតគណបក្សប្រជាជនកម្ពុជាលើកទី៦៥នៅព្រឹកថ្ងៃអង្គារនេះ បានប្រកាសជាច្រើនដងពីការបេ្តជា្ញរបស់លោកក្នុងការនាំមកឲ្យកម្ពុជានូវការផ្លាស់ប្តូរពិតប្រាកដ និងបានបេ្តជ្ញាទប់ស្កាត់មិនឲ្យមានការផ្ទុះឡើងនៃចលនាបដិវត្តន៍ពណ៌ ដែលគេដឹងថា មានការផ្តួលរំលំមេដឹកនាំនៅក្នុងប្រទេសតាមតំបន់មជ្ឈឹមបូព៌ា នៅអាហ្វ្រិក និងនៅអឺរ៉ុបខាងកើតជាដើម។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ធ្វើសេចក្ដីថ្លែងការណ៍អំពីកំណើតគណបក្សប្រជាជនកម្ពុជាកំឡុងពេលការរំឭឹកខួបទី៦៥នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជានៅទីស្នាក់ការកណ្ដាលគណបក្សនៅថ្ងៃទី២៨ ខែមិថុនាឆ្នាំ២០១៦ នារាជធានីភ្នំពេញ ដែលមានអ្នកចូលរួមច្រើនរយនាក់។ (ឡេង ឡែន/VOA)
ថ្លែងទៅកាន់អ្នកចូលរួមជាង២០០០នាក់ក្នុងពិធីរំឭកខួបនេះ ដែលរៀបចំឡើងនៅឯទីស្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាស្ថិតក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ លោក ហ៊ុន សែន ដែលបានស្ថិតនៅក្នុងអំណាចជាង៣០ឆ្នាំ បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់គណបក្សប្រជាជនកម្ពុជារបស់លោក ក្នុងការអភិវឌ្ឍប្រទេសកម្ពុជា ដែលធ្លាប់ហែកហួរដោយសង្រ្គាម និងជាទីមរណៈរបស់មនុស្សជាតិក្នុងទសវត្សរ៍១៩៧០ មកជាប្រទេសមានការរីកចម្រើន និងមានមុខមាត់ក្នុងឆាកអន្តរជាតិ។
«យើងត្រូវបន្តធ្វើឲ្យមានការផ្លាស់ប្តូរដោយពិតប្រាកដ ហើយមិនមែនជាការផ្លាស់ប្តូរដោយភូតកុហកនោះទេ»។
ដើម្បីរាំងខ្ទប់មិនឲ្យមានការបះបោរធ្វើបដិវត្តន៍បន្តទៀតនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា៖
«យើងប្រឆាំងដាច់ខាតនូវឧបាយកលគ្រប់ប្រភេទដែលចង់ផ្លាស់ប្តូរសង្គមតាមរយៈការបំផុសនូវបដិវត្តន៍ពណ៌ ឬតាមមធ្យោបាយពិសពុលផ្សេងៗទៀត ដែលនឹងនាំឲ្យប្រទេសជាតិបាត់បង់សន្តិភាព ស្ថិរភាព ឯកភាពជាតិ និងធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីម្តងទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលពុំបានបញ្ជាក់សកម្មភាព ឬអត្ថន័យច្បាស់ៗអំពីបដិវត្តន៍ពណ៌នោះ បានថ្លែងព្រមានបង្ក្រាបចលនាបដិវត្តន៍ពណ៌ នៅស្របពេលដែលប្រទេសកម្ពុជាកំពុងជួបវិបត្តិនយោបាយ ដោយហេតុថា មានការចាប់ឃុំខ្លួនសកម្មជន មន្ត្រី និងអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំងជាបន្តបន្ទាប់ រួមទាំងអ្នកស្លៀកខោអាវពណ៌ខ្មៅ ដែលប្រមូលផ្តុំគ្នាប្រឆាំងនឹងការចាប់ខ្លួនសកម្មជនសិទ្ធិមនុស្សផងដែរ។
យុវជន គង់ រ៉ៃយ៉ា (កណ្តាល) ត្រូវបាននាំខ្លួនមកកាន់តុលាការក្រុងភ្នំពេញ កាលពីថ្ងៃអង្គារ ទី១៥ ខែមីនា ឆ្នាំ២០១៦។ (Reuters/Samrang Pring)
បន្ថែមលើនោះទៀត និស្សិតម្នាក់ឈ្មោះ គង់ រ៉ៃយ៉ា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ហើយតុលាការបានសម្រេចឃុំខ្លួនដាក់ពន្ធនាគារកាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០១៥ ក្រោមការចោទប្រកាន់ពីបទញុះញង់ឲ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទិ៍ បន្ទាប់ពីនិស្សិតរូបនេះបានសរសេរលើទំព័រហ្វេសប៊ុករបស់ខ្លួនថា ខ្លួននឹងធ្វើបដិវត្តន៍ពណ៌។ យុវជនរូបនេះត្រូវបានតុលាការសម្រេចឲ្យជាប់ក្នុងពន្ធនាគាររយៈពេល១៨ខែ។
សកម្មភាពចាប់ខ្លួននោះបានកើតឡើង បន្ទាប់ពីក្រុមតំណាងរាស្ត្ររបស់គណបក្សសង្គ្រោះជាតិបានធ្វើការជីកកកាយសើររើរឿងព្រំដែនកម្ពុជា និងវៀតណាមឡើងវិញ កាលពីពាក់កណ្តាលឆ្នាំ២០១៥។ វិបត្តិនេះបានធ្វើឲ្យសហគមន៍អន្តរជាតិនានា ក្នុងនោះមានសហភាពអឺរ៉ុប សហរដ្ឋអាមេរិក និងអង្គការសហប្រជាជាតិ សម្តែងក្តីបារម្ភ និងស្នើឲ្យអ្នកនយោបាយនៃគណបក្សកាន់អំណាច និងគណបក្សប្រឆាំងបន្តវប្បធម៌សន្ទនា។
ប៉ុន្តែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ក្រុមអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជាថា កម្ពុជាមិនមានវិបត្តិនយោបាយទេ គឺមានតែវិបតិ្តបុគ្គលរបស់អ្នកនយោបាយមួយចំនួន និងបានផ្តាំផ្ញើក្រុមអង្គការសង្គមស៊ីវិល កុំឲ្យយកខ្លួនទៅភ្ជាប់ជាមួយនឹងវិបត្តិបុគ្គលទាំងនោះ។
លោកបន្តថា ការខិតខំប្រកូកប្រកាសរបស់មនុស្សខ្លះដែលថា កម្ពុជាកំពុងមានវិបត្តិ ឬកម្តៅនយោបាយនោះ គឺធ្វើឡើងក្នុងឧបាយកលទុច្ចរិត ប៉ុនប៉ងបំភាន់សាធារណមតិប៉ុណ្ណោះ។ លោកបានអះអាងផងដែរថា ប្រទេសកម្ពុជាគឺជាប្រទេសឈរលើគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ។
លោក មាស នី អ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម បានថ្លែងថា ការលើកឡើងដដែលៗរបស់រដ្ឋាភិបាល អំពីការផ្ទុះឡើងនៃបដិវត្តន៍ពណ៌គឺជាការព្រួយបារម្ភជ្រុលហួសហេតុរបស់រដ្ឋាភិបាលដែលក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះបានប្រើយុទ្ធសាស្ត្រឈ្នះចាញ់បំបាក់ក្រុមជំទាស់។ លោកបន្តថា គណបក្សប្រជាជនកម្ពុជាមិនប្រើនយោបាយឈ្នះឈ្នះទៀតនោះទេ។
«មួយរយៈចុងក្រោយនេះ គឺដូចជាប្រើនយោបាយដាក់គំនាប ដូចថា ទៅលើគណបក្សប្រឆាំងផង ហើយដាក់គំនាបទៅលើពលរដ្ឋ ដែលបានតវ៉ាដើម្បីយុត្តិធម៌ ការពារធនធានធម្មជាតិ ឬដីធ្លីហ្នឹងច្រើន។ តែពលរដ្ឋដែលតវ៉ាហ្នឹង ច្រើនតែទទួលរងនូវការលាបពណ៌ថា ពួកគាត់ហ្នឹង គឺជាអ្នកចូលដៃចូលជើងនៅក្នុងគណបក្សប្រឆាំងអីអញ្ចឹង។ ពួកហ្នឹងត្រូវទទួលនូវការបង្ក្រាប អីអញ្ចឹងផ្សេងៗ។ បាទ នេះគឺខ្ញុំប្រើពាក្យហៅថា នយោបាយឈ្នះចាញ់ម្តង លែងឈ្នះ ឈ្នះដូចមុន បាទ»។
ថ្វីបើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា កម្ពុជាកំពុងដើរក្នុងគន្លងប្រជាធិបតេយ្យ និងនីតិរដ្ឋក្តី លោក មាស នី បានពន្យល់ថា ប្រទេសកម្ពុជាពុំទាន់មានប្រជាធិបតេយ្យពេញលេញនោះឡើយ ខណៈដែលសភាខ្មែរបានធ្វើការអនុម័តច្បាប់ ដោយគ្មានការជជែកដេញដោល មានន័យថា មានតែតំណាងរាស្ត្រគណបក្សម្ខាងធ្វើច្បាប់ ឯម្ខាងទៀតខ្លាចរអាមិនហ៊ានចូលសភា។
នៅក្នុងការថ្លែងរបស់លោកនាថ្ងៃអង្គារនេះដែរ ក្រៅពីការថ្លែងអំពីនយោបាយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងអំពីវិស័យសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០១៦ ដែលលោកនិយាយថា នឹងអាចសម្រេចបានកំណើនក្នុងរង្វង់៧,១ភាគរយ។ កំណើននេះនឹងបានមកពីការរួមចំណែកនៃវិស័យសេវាកម្ម វិស័យឧស្សាហកម្មកាត់ដេរ និងសំណង់។ ទាក់ទិននឹងវិស័យការងារ លោកថ្លែងថា កម្ពុជាបានបង្កើតការងារថ្មីចំនួន២៧.៩២១កន្លែង ទាំងនៅក្នុងប្រទេស ទាំងទៅធ្វើការនៅក្រៅប្រទេស។
ក្រៅពីថ្លែងអំពីស្ថានភាពវិជ្ជមាននៃវិស័យសេដ្ឋកិច្ចរបស់កម្ពុជា លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមទៀតថា រដ្ឋាភិបាលនឹងធ្វើការរារាំងគ្រប់សកម្មភាពទាំងឡាយណា ដែលអាចនាំឲ្យប្រទេសកម្ពុជាបាត់បង់សន្តិភាព ស្ថិរភាព ឯកភាពជាតិ និងធ្លាក់ក្នុងគ្រោះមហន្តរាយជាថ្មីម្តងទៀត។
រូបឯកសារ៖ ស្ត្រីសហគមន៏បឹងកក់មួយក្រុមកាន់រូបថតមន្រ្តីសិទ្ធិមនុស្ស ដែលជាប់ពន្ធនាគារក្នុងយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ»នៅសហគមន៏បឹងកក់ រាជធានីភ្នំពេញ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភានេះ ដើម្បីទាមទារឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តីគ.ជ.បមួយរូប ដែលជាប់ពន្ធនាគារកាលពីដើមខែឧសភានេះ។ (ឡេង ឡែន/VOA)
លោកបានសង្កត់ធ្ងន់ថា សន្តិភាព ស្ថិរភាពនយោបាយ និងរាល់សមិទ្ធផលដែលកម្ពុជាមានមកដល់ពេលនេះ គឺបានមកពីការយកជីវិតធ្វើជាដើមទុន ពីពលកម្មដ៏ធំធេង និងមិនអាចកាត់ថ្លៃបានរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារី សមាជិក សមាជិកាគណបក្ស និងជនរួមជាតិកម្ពុជារាប់លាននាក់។
លោក សុន ឆ័យ ប្រធានក្រុមអ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានប្រាប់ VOA នៅរសៀលថ្ងៃអង្គារនេះថា គណបក្សជំទាស់ក៏ដូចជាមេដឹកនាំរបស់ខ្លួនពុំមានគោលនយោបាយ រៀបចំឲ្យមានការធ្វើបដិវត្តន៍ពណ៌សម្រាប់ការផ្លាស់ប្តូរមេដឹកនាំប្រទេសនោះទេ ហើយការផ្លាស់ប្តូរដែលគណបក្សជំទាស់ចង់បាននោះ គឺការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌។
«គណបក្សសង្គ្រោះជាតិគ្មាននយោបាយធ្វើបដិវត្តន៍ពណ៌អីទេ។ គណបក្សនេះគឺរំពឹងតែទៅលើការបោះឆ្នោតយុត្តិធម៌ និងត្រឹមត្រូវ ហើយយើងបានបញ្ជាក់នៅក្នុងនយោបាយរបស់យើងច្បាស់លាស់ណាស់ថា គណបក្សសង្គ្រោះជាតិគ្មានគោលនយោបាយទៅធ្វើបដិវត្តន៍ផ្តួលរំលំនរណាតាមរយៈកម្លាំងបាយទេ បាទ»។
លោកបន្ថែមថា ដោយសារតែគណបក្សរបស់លោកចង់បានការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌នេះហើយ ទើបអ្នកនយោបាយនៃគណបក្សសង្គ្រោះជាតិបានខិតខំឲ្យមានការកែទម្រង់ស្ថាប័នជាតិរៀបចំការបោះឆ្នោត។
គណបក្សប្រជាជនកម្ពុជាបានចាប់បដិសន្ធិនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ក្នុងនាមដើមឈ្មោះ «បក្សប្រជាជនបដិវត្តន៍ខ្មែរ»។ គណបក្សបានឆ្លងកាត់បណ្តាដំណាក់កាលធំៗ ជាប្រវត្តិសាស្ត្ររួមមាន ការតស៊ូប្រឆាំងរបបអាណានិគមន៍ ដើម្បីឯករាជ្យជាតិ សង្គ្រាមដែលបង្កឡើងដោយរបបសាធារណរដ្ឋខ្មែរ និងពួកបរទេសឈ្លានពានពីឆ្នាំ១៩៧០ដល់ឆ្នាំ១៩៧៥ ជាពិសេសការតស៊ូរំដោះកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជោគជ័យនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩៕