គណបក្ស​ជាប់ឆ្នោត​ទាំងពីរ​នៅ​កម្ពុជា​មិន​ចុះ​សម្រុង​គ្នា​លើក​វិសោធន​កម្ម​ច្បាប់​បោះឆ្នោត

លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ និយាយ​ទៅ​កាន់​​ លោក​ សម រង្ស៊ី ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​អំឡុង​ពេល​សម្រាក​​ពី​កិច្ចប្រជុំ​មួយ​នៅ​ក្នុង​​មន្ទីរ​រដ្ឋសភា​ជាតិ​នៅ​ក្នុង​រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​វិច្ឆិកា ឆ្នាំ​២០១៤។

ការ​រៀប​ចំ​ធ្វើ​វិសោធន​កម្ម​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រថ្មី​រវាង​គណបក្ស​ប្រជាជន​កម្ពុជា​និង​គណបក្ស​សង្គ្រោះជាតិ​បាន​ឈាន​ដល់​ចំណុចខ្វែង​គំនិត​គ្នា​សារ​ជាថ្មី​នៅ​ត្រង់​ជំពូក​ទី​៧ ក្នុង​ចំណោម​១២​ជំពួក​ និងមាន​៦៦​មាត្រា។​

ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មី​នេះ ​គណបក្ស​ទាំង​ពីរ​រំពឹង​ថា ​នឹង​ធានា​ដល់​ការ​បោះ​ឆ្នោត​លើក​ក្រោយឲ្យប្រព្រឹត្ត​ទៅ​ដោយ​សេរី​ និង​យុត្តិធម៌ ព្រម​ទាំង​អាច​ទទួល​យក​បានពី​គ្រប់​ភាគី​ទាំង​អស់។​

លោក​គួយ ប៊ុនរឿន​ ប្រធាន​ក្រុម​ចរចា​ខាង​គណបក្ស​សង្គ្រោះជាតិ​ មាន​ប្រសាសន៍​ថា​ ការ​ជជែក​គ្នា​លើ​ច្បាប់​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ថ្មី​ ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​បាន​ឈាន​ដល់​ចំណុច​ទី​៧​ហើយ​ ក៏​ប៉ុន្តែ​មាន​ការ​ខ្វែង​គំនិត​គ្នា​ខ្លះៗ​នៅ​ត្រង់​ជំពូក​នេះ។

លោក​មាន​ប្រសាសន៍​ថា ​មាន​៣​ចំណុចដែល​គណបក្ស​ទាំង​ពីរ​មិន​ចុះ​សម្រុង​គ្នា​គឺ៖

- ទី​១​ ពេល​វេលា​សម្រាប់​ថ្ងៃ​ឃោសនា​បោះ​ឆ្នោត​ គណបក្ស​ប្រជាជន​ត្រូវ​ការ​ពេល​វេលា​ចំនួន​១៤​ថ្ងៃ​ តែ​សម្រាប់​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​បាន​រយៈ​ពេល​៣០​ថ្ងៃ។​

- ទី​២​ ការ​ហែរក្បួន​ គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវ​ការ​រយៈ​ពេល​ពី​រ​ថ្ងៃ​គឺ​សម្រាប់​ថ្ងៃ​បើក​ និង​ថ្ងៃ​បិទ​យុទ្ធនាការ​តែ​ប៉ុណ្ណោះ​ តែ​គណបក្ស​សង្គ្រោះ​ជាតិ​ចង់​ឲ្យគ្រប់​គណបក្ស​នយោបាយ​ទាំង​អស់​ធ្វើ​ថ្ងៃ​ណា​ក៏បាន​ ដូច​ការ​អនុវត្ត​ទៅ​លើ​ការ​ឃោសនា​បោះ​ឆ្នោត​កន្លង​ទៅ​ដែរ។​

- ចំណែក​ចំណុច​ទី​៣​ សុំ​ឲ្យមន្ត្រី​តុលាការ​ កង​យោធពល​ខេមរ​ភូមិន្ទ​ និង​កង​នគរបាល​ជាតិ​ ទោះ​បី​ធ្វើ​យុទ្ធនាការ​នៅ​ក្នុង​ម៉ោង​ធ្វើ​ការ​ក្តី​ ក្រៅ​ម៉ោង​ធ្វើ​ការ​ក្តី​គឺ​មិន​ត្រូវ​អនុញ្ញាត​ឲ្យធ្វើ​ទេ ​ពី​ព្រោះ​វាផ្ទុយ​នឹង​ច្បាប់​ស្តីពី​គណបក្ស​នយោបាយ។​

លោក​និយាយ​ថា៖​ «ត្រូវ​តែ​ចែង​ឲ្យច្បាប់​ ឲ្យស្រប​គ្នា​ មិន​អនុញ្ញាត​ឲ្យមន្ត្រី​តុលាការ ​ឬ ​កងកម្លាំងប្រដាប់​អាវុធ​ទាំង​អស់​ហ្នឹង​មក​ចូល​រួម​ឃោសនា​ដូច​ពី​មុន​ទៀត​ទេ»។​

ការ​ឃោសនា​បោះ​ឆ្នោត​កន្លង​មក​ត្រូវ​បាន​អង្គការក្រៅ​រដ្ឋាភិបាល​ដែល​ឃ្លាំ​មើល​ដំណើរ​ការ​បោះ​ឆ្នោត​បាន​រក​ឃើញ​ថា​ មាន​មន្ត្រី​តុលាការ​ កង​កម្លាំងប្រដាប់​អាវុធ​ និង​មន្ត្រី​នគរបាល​បាន​ចូល​រួម​ឃោសនា​ឲ្យគណបក្ស​ប្រជាជន​កម្ពុជា​ដោយ​យក​ម៉ោង​ធ្វើ​ការ ​និង​ប្រើ​ប្រាស់​រថយន្ត​របស់​រដ្ឋ​ក៏​មាន។​

មាត្រាទី​១៥​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ​បាន​ហាម​ឃាត់​មន្ត្រី​តុលាការ​ កង​កម្លាំងប្រដាប់​អាវុធ​ និង​មន្ត្រី​នគរបាល​មិន​ឲ្យ​ធ្វើរាល់​សកម្មភាព​ណា​មួយ​ដែល​គាំទ្រ​គណបក្ស​នយោបាយ ​ឬ​ប្រឆាំង​គណបក្ស​នយោបាយ​ណា​មួយ​ ក៏​ប៉ុន្តែ​ពួក​គេ​មាន​សិទ្ធិ​ចូល​ជា​សមាជិក​គណបក្ស​នយោបាយ​បាន​ តែមិន​អនុញ្ញាត​ឲ្យធ្វើ​សកម្មភាព​នោះទេ។​

បើ​ទោះបី​មាន​ការ​ខ្វែង​គំនិត​គ្នា​លើ​ចំណុចខ្លះៗ​ក៏​ដោយ​ ក៏​ក្រុម​ការងារ​មក​ពី​ គណបក្ស​ប្រជាជន​កម្ពុជា​ និង​គណបក្ស​សង្គ្រោះ​ជាតិ​បាន​កំណត់​ពេល​ជួប​គ្នា​ពីរ​ដង​ក្នុង​មួយ​សប្តាហ៍​គឺ​រៀង​រាល់​ថ្ងៃ​ច័ន្ទ​និង​ថ្ងៃ​សុក្រ​ដើម្បី​បន្ត​ជជែក​គ្នា​លើចំណុចសេស​សល់​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​បោះ​ឆ្នោត​ថ្មី​នេះ។​

លោក​កួយ ប៊ុនរឿន​មាន​ប្រសាសន៍​ថា​ ក្នុង​ករណី​ដែល​ក្រុម​ការងារ​នៃ​គណបក្ស​ទាំង​ពីរ​មិន​អាច​សម្រេច​បាន​ នោះគេនឹង​ទុកឲ្យថ្នាក់​ដឹក​នាំ​កំពូល​ជា​អ្នក​សម្រេច៕