បក្ស​កាន់​អំណាច​នឹង​តែងតាំង​អតីត​មេឃុំ-ចៅ​សង្កាត់​របស់​ខ្លួន​ដែល​មិន​ឈរ​ឈ្មោះ ​ជា​ជំនួយ​ការ​និង​ទីប្រឹក្សា

រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ នៅក្នុង​ការដង្ហែក្បួន​ឃោសនា​ថ្ងៃ​​ចុងក្រោយ​​ ក្នុង​រាជធានី​ភ្នំពេញ​ ថ្ងៃទី២ ​ខែ​មិថុនា​ ឆ្នាំ​២០១៧។ (ហ៊ាន សុជាតា/VOA)

លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ​នា​​ថ្ងៃ​សុក្រ​នេះ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​តាម​ក្រសួង​មហាផ្ទៃ​ ​បន្ទាប់​ពី​ក្រសួង​នេះ​ប្រកាស​ថា​ មិន​មាន​ការ​តែង​តាំង​អតីត​មេឃុំ-ចៅ​សង្កាត់​ដែល​ធ្លាក់​ឆ្នោត​ ​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ ​ឬ​ជំនួយ​ការ​របស់​រដ្ឋាភិបាល។

បន្ទាប់ពី​សង្គម​ស៊ីវិល​ ​និង​គណបក្ស​ប្រឆាំង​រិះគន់​គម្រោង​តែងតាំង​អតីត​មេឃុំ-ចៅសង្កាត់​ដែល​ធ្លាក់​ឆ្នោត​របស់​គណបក្ស​កាន់​អំណាច​ ​ឲ្យ​ធ្វើ​ជា​ជំនួយការ​ ​ឬ​ជា​ទីប្រឹក្សា​របស់​រដ្ឋាភិបាល​ថា​ជា​ការ​ខ្ជះខ្ជាយ​ថវិកា​ជាតិ ក្រសួង​មហាផ្ទៃ​ ​បាន​ច្រាន​ចោល​ការ​លើក​ឡើង​នោះ​ ​ដោយ​បាន​អះអាង​ថា​ ​គម្រោង​នោះ​គឺជា​ការ​តែង​តាំង​មេឃុំ-ចៅ​សង្កាត់​ដែល​មិន​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​នៅ​ក្នុង​ការ​បោះឆ្នោត​ប៉ុណ្ណោះ។

គណបក្ស​កាន់​អំណាច ប្រកាស​ធ្វើ​តាម​ក្រសួង​មហាផ្ទៃ​ ​ដោយ​លុបចោល​គម្រោង​តែងតាំង​អតីត​មេឃុំ-ចៅ​សង្កាត់​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ចាញ់​ការ​បោះឆ្នោត​ឃុំ-សង្កាត់​កាល​ពី​ថ្ងៃ​អាទិត្យ​កន្លង​ទៅ​ឱ្យ​ធ្វើ​ជា​ទីប្រឹក្សា​ ​ឬ​ជំនួយការ​របស់​រដ្ឋាភិបាល។​ នេះ​បើ​តាម​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា។

លោក​ សុខ​ ឥសាន​ អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ថ្លែង​ប្រាប់​ VOA Khmer​ អំពីលទ្ធផល​នៃការ​បោះឆ្នោត​ឃុំ-សង្កាត់ អណត្តិទី៤​ នៅ​ទីស្នាក់ការ​គណបក្ស​ប្រជាជន​កម្ពុជា នៅរាជធានីភ្នំពេញ,​ ថ្ងៃទី០៥​ ខែមិថុនា​ ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ​/ VOA)

​លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​ប្រាប់​ ​VOA​ ​នាថ្ងៃ​សុក្រ​នេះ​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​ធ្វើ​តាម​ក្រសួង​មហាផ្ទៃ​ ​បន្ទាប់​ពី​ក្រសួង​នេះ​ប្រកាស​ថា​ មិន​មាន​ការ​តែង​តាំង​អតីត​មេឃុំ-ចៅ​សង្កាត់​ដែល​ធ្លាក់​ឆ្នោត​ ​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ ​ឬ​ជំនួយ​ការ​របស់​រដ្ឋាភិបាល។

​លោក​បន្ថែម​ថា​ ​គណបក្ស​ប្រជាជន​កម្ពុជា​នឹង​នៅ​តែ​រៀបចំ​ការងារ​សម្រាប់​មេឃុំ-ចៅ​សង្កាត់​របស់​ខ្លួន​ ​ដែល​មិន​ជាប់​ឆ្នោត​ទាំងនោះ​ ក្នុង​ក្របខ័ណ្ឌ​គណបក្ស។

«អា​ហ្នឹង​យើង​គោរព​ទៅ​តាម​គោលការណ៍​ដែល​មាន​ចែង​របស់​ក្រសួង​មហាផ្ទៃ​ហើយ​ ​ព្រោះ​ខ្ញុំ​មាន​មតិ​ ​ខ្ញុំ​មាន​មតិ​ជា​ឯកជន​ផ្ទាល់​ខ្លួន​របស់​ខ្ញុំ​ទេ ​ពីព្រោះ​ឥលូវ​បើ​មាន​គោលការណ៍​ ​ថា​តែងតាំង​ជា​ទីប្រឹក្សា​ជា​អី​តាម​ក្រសួង​ ​តាម​ថ្នាក់​ដឹកនាំ​ក្រសួង​អី​ ​ឥលូវ​បើ​អត់​មាន​ទេ​ ​អា​ហ្នឹង​វា​ច្បាស់​ជា​អត់​ហើយ។​ ​ក៏ប៉ុន្តែ​បើ​សិន​ណា​ជា​វា​អត់​មាន​ទេ​ ​អានេះ​ជា​គោល​នយោបាយ​របស់​គណបក្ស​វិញ។​ ការងារ​ធ្វើ​តាម​គណបក្ស​ ​ហើយ​ប្រាក់​ឧបត្ថម្ភ​ពី​គណបក្ស​ទៅ»។

​កាល​ពី​ដើម​សប្ដាហ៍​នេះ​ ​លោក​ ​សុខ ឥសាន​ ​អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​អះអាង​ប្រាប់​សារ​ព័ត៌មាន​ក្នុង​ស្រុក​មួយ​ចំនួន​ថា​ ​ការ​តែងតាំង​អតីត​មេឃុំ​ ​ចៅ​សង្កាត់​ ​ដែល​ធ្លាក់​ឆ្នោត​ ​ឲ្យ​ធ្វើ​ជា​ទីប្រឹក្សា​ ​ឬ​ជំនួយ​ការរដ្ឋាភិបាល​ ​អាច​នឹង​ធ្វើ​ឡើង​នៅ​ក្រោយ​ការ​ប្រកាស​លទ្ធផល​បោះឆ្នោតជា​ផ្លូវការ​ ​ក្នុង​ពេល​ខាង​មុខ​ ​ដោយ​លោក​បាន​អះអាង​ថា​ ​ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​ជួយ​ដល់​សមាជិក​គណបក្ស​ប្រជាជនកម្ពុជា។​

​ការ​លើក​ឡើង​របស់​អ្នក​នាំ​ពាក្យ​រូប​នេះ​ គឺ​ធ្វើ​ឡើង​ប៉ុន្មាន​ខែ​ក្រោយ​ពី​ការ​ចេញ​ផ្សាយ​លិខិត​មួយ​ច្បាប់​របស់​ឧបនាយក​រដ្ឋមន្ត្រី​ ​ម៉ែន សំអន​ ​ដោយ​មាន​យោង​តាម​ចំណារ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ​ហ៊ុន សែន​ ​ចុះ​ថ្ងៃ​ទី​១៦ ខែ​កុម្ភៈ។

លិខិត​ដដែល​បាន​បញ្ជា​ឲ្យ​ប្រធាន​ស្ថាប័ន​រដ្ឋ​ទាំងអស់​ ​ត្រូវ​ទទួល​យក​មេ​ឃុំ-ចៅ​សង្កាត់​ ​ជំទប់​ទី១​ ​ជំទប់​ទី២​ ​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​ ​សង្កាត់​ ​ដែល​មិន​បាន​ជាប់​ឈ្មោះ​នៅ​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​២០១៧​នេះ ​ធ្វើ​ជា​ជំនួយការ។

​ក្រោយ​ពី​រង​ការ​រិះគន់​យ៉ាង​ចាស់​ដៃ​នា​សប្ដាហ៍​នេះ​ពី​សំណាក់​ ​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ ​និង​គណ​បក្ស​ប្រឆាំង​ចំពោះ​គម្រោង​របស់​បក្ស​កាន់​អំណាច​ ​ថា​នឹង​ធ្វើ​ឱ្យ​ខ្ជះខ្ជាយ​ការ​ប្រើប្រាស់​ថវិកាជាតិ​ ​ក្រសួង​មហាផ្ទៃ​បាន​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ​បដិសេធ​គម្រោង​តែង​តាំង​មន្ត្រី​ឃុំ-សង្កាត់​មក​ពី​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាញ់​ការបោះឆ្នោត​ឃុំ-សង្កាត់។

ក្រសួង​មហាផ្ទៃ​បញ្ជាក់​ក្នុង​លិខិត​នោះ​ថា​ ​ការ​តែងតាំង​មុខ​តំណែង​ជា​ទីប្រឹក្សា​ឬ​ជំនួយ​ការ​នេះ​ធ្វើ​ឡើង​ចំពោះ​តែ​មេឃុំ-ចៅ​សង្កាត់​ ​និង​ជំទប់​ទី១​មួយ​ចំនួន ​ដែល​មិន​បាន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​អាណត្តិ​ទី៤​នេះ​តែប៉ុណ្ណោះ។

​ក្រសួង​មហាផ្ទៃ​ក៏​បញ្ជាក់​ថា​ ការ​សម្រេច​តែង​តាំង​នេះ​គឺជា​ការ​ប្រើប្រាស់​ធនធាន​មនុស្ស​ដែល​មាន​បទ​ពិសោធន៍​ ​និង​មាន​សមត្ថភាព​សម្រាប់​ជួយ​ការងារ​តាម​ក្រសួង​ស្ថាប័ន​ ​ដើម្បី​លើក​កម្ពស់​ប្រសិទ្ធភាព​ការងារ​នៅ​តាម​អង្គភាព​ ​និង​ថ្នាក់​មូលដ្ឋាន។

ក្រុម​មន្ត្រី​រៀបចំ​ការ​បោះឆ្នោត បាន​ប្រមូល និង​រាប់​សន្លឹក​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោតក្នុង​សាលា​បឋមសិក្សា​ស្លាកែត នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ២០១៧។ (អ៊ិត សូធឿត/VOA)

​លោក​ ​សន ជ័យ​ ​នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​គណនេយ្យ​ភាព​សង្គម​កម្ពុជា​ ​ប្រាប់​ ​VOA​ ​ថា​ ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​មហាផ្ទៃ​ ​បាន​ធ្វើ​ឲ្យ​មានការ​កាត់​បន្ថយ​ការ​រិះគន់។​ ​ទោះ​ជា​យ៉ាង​ណា​លោក​ថា ​ការ​សម្រេច​តែងតាំង​មេឃុំ​ ចៅសង្កាត់​ដែល​មិន​បាន​ឈរ​ឈ្មោះ​ជា​បេក្ខជន​មក​ពី​គណបក្ស​កាន់​អំណាច​ ​គឺជា​ភាព​លម្អៀង​សម្រាប់​គណបក្ស​ដទៃ​ទៀត។

លោក​បញ្ជាក់​ថា៖

«ការ​សម្រេច​បែបនេះ​មាន​លក្ខណៈ​លម្អៀង​ដែរ។​ ​ខ្ញុំ​ឧទាហរណ៍​ថា ចុះ​គណបក្ស​សម រង្ស៊ី​ ​គណបក្ស​សិទ្ធិមនុស្ស​ ​ដែល​គេ​មិន​បាន​ឈរ​ឈ្មោះ​ដែរ​ ថា​តើ​រដ្ឋាភិបាល​ត្រូវ​យក​អតីត​មន្ត្រី​ជា​ក្រុម​ប្រឹក្សា ឬ​ក៏​ជា​មេឃុំ​ចៅ​សង្កាត់​មកពី​គណបក្ស​ផ្សេង​ហ្នឹង​ ​ឲ្យ​ទទួល​បាន​នូវ​មុខ​តំណែង​ដូច​មុខ​តំណែង​អតីត​មន្ត្រី​របស់​ខ្លួន​ដែរ​ឬ​ទេ?​ ​អញ្ចឹង​នេះ​គឺជា​ចំណុច​មួយ​ដែល​មាន​ភាព​ខុសគ្នា​នៅ​ក្នុង​សង្គម​ប្រជាធិបតេយ្យ»។

​យ៉ាង​ណា​ក៏​ដោយ​ ​លោក​ ​ខៀវ សុភ័គ​ ​អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​ បាន​ថ្លែង​ការពារ​គណបក្ស​កាន់​អំណាច​ថា​ ​ការ​តែងតាំង​មេឃុំ-ចៅ​សង្កាត់​ ​និង​ជំទប់​ទី១​របស់​គណបក្ស​កាន់​អំណាច​ដែល​មិន​បាន​ឈរ​ឈ្មោះ​សម្រាប់​ការ​បោះឆ្នោត​ឃុំ​-សង្កាត់​អាណត្តិ​ទី៤​នេះ​ ​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ថវិកាជាតិ​នោះ​ទេ។

លោក​មាន​ប្រសាសន៍​ថា៖

«អ្វី​ដែល​បាន​គិតគូរ ​គឺ​របស់​គណបក្ស​ទេ​ជា​ជំនួយការ​របស់​ឯកឧត្ដម​រដ្ឋ​មន្ត្រី​អី​ផ្សេងៗ។​ ​គណបក្ស​ប្រជាជន​លោក​បាន​ត្រៀម​គិតគូរ​រួច​ស្រេច​មក​ហើយ​តាំង​ពី​មុន​បោះឆ្នោត​មក​ម្ល៉េះ​ហើយ​តាំងពី​មាន​បេក្ខជន​ឃុំ​-សង្កាត់​ទៅ​ឈរ​ឈ្មោះ​ហ្នឹង។​ ​ហើយ​ជា​ជំនួយការ​ ​ជំនួយ​អី​របស់​រដ្ឋមន្ត្រី​ ​គឺ​ថា​ឯកឧត្ដម​រដ្ឋមន្ត្រី​លោក​មាន​សិទ្ធិ​របស់​លោក​ ​លោក​មាន​ថវិកា​លោក​ប្រើប្រាស់​ផ្សេងៗ​ ​ដូច​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​ ​ឯកឧត្ដម​ ​សុខ ឥសាន​ ​គាត់​បាន​បញ្ជាក់​អញ្ចឹង។ អត់​មាន​ប៉ះពាល់​អី​ដល់​ថវិកា​ជាតិ​នោះ​ទេ»។

​តាម​របាយការណ៍​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ ​(គ.ជ.ប)​ ​ក្នុង​ការ​បោះឆ្នោត​នៅ​ឆ្នាំ​២០១៧​ ​ឃុំ​សង្កាត់​នៅ​ទូទាំង​ប្រទេស​មាន​ចំនួន​១៦៤៦​ ​និង​ចំនួន​សមាជិក​ក្រុម​ប្រឹក្សា​សរុប​ចំនួន​ជាង​មួយ​ម៉ឺន​នាក់។

ចំណែក​លទ្ធផល​បោះឆ្នោតឃុំ-សង្កាត់​បណ្ដោះ​អាសន្ន ក្នុង​ឆ្នាំ​២០១៧ ត្រូវ​បាន​គណបក្ស​នយោបាយ​ដែល​ទទួល​បាន​ការ​គាំទ្រ​ច្រើន​ ​ប្រកាស​មុន​ការ​ប្រកាស​របស់​ គ.ជ.ប ។ ក្នុង​នោះ​គណ​បក្ស​ប្រជាជន​កម្ពុជា​ប្រកាស​ថា​ ​ខ្លួន​ទទួល​បាន​សំឡេង​មេឃុំ​-ចៅសង្កាត់​ ​ចំនួន​១១៥៨។​ ចំណែក​គណបក្ស​សង្គ្រោះ​ជាតិ​ទទួល​បាន​សំឡេង​ជា​មេឃុំ-​ចៅសង្កាត់​ជិត​៥០០ នៅ​ទូទាំង​ប្រទេស៕