គណបក្សគ្រប់គ្រងប្រទេសរបស់នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន នៅថ្ងៃសុក្រនេះបានចាប់ផ្តើមមហាសន្និបាតបក្សដែលមានរយៈពេលបីថ្ងៃដោយមានមន្ត្រីជាន់ខ្ពស់ក្នុងស្ថាប័នប៉ូលិសនិងកងទ័ពកម្ពុជា។ នេះបើយោងតាមការផ្សព្វផ្សាយរបស់បណ្តាញព័ត៌មានក្នុងស្រុកដែលស្និទ្ធនឹងគណបក្សប្រជាជនកម្ពុជានិងអ្នកនាំពាក្យនៃគណបក្សកាន់អំណាច។
មហាសន្និបាតគណបក្សប្រជាជនកម្ពុជា ដែលកំពុងរៀបចំនៅមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រក្នុងរាជធានីភ្នំពេញ នឹងត្រូវបញ្ចប់ទៅនៅថ្ងៃអាទិត្យ ទី១៩ ខែមករា ឆ្នាំ២០១៨ ខាងមុខ។ មេដឹកនាំគណបក្សប្រជាជនកម្ពុជា រួមមានលោក ហ៊ុន សែននិងលោក ហេង សំរិន ប្រធានសភាជាតិខ្មែរបានចួលរួមនៅក្នុងមហាសន្និបាតបក្សនេះជាមួយនឹងក្រុមមន្ត្រីជាន់ខ្ពស់ផ្សេងទៀតជាច្រើនរូប រួមទាំងរដ្ឋមន្ត្រីនៅតាមក្រសួងនិមួយៗផងដែរ។
ទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះថា លោកបានចូលរួម «មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា» នៅកោះពេជ្រ។
យ៉ាងណាក៏ដោយទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន មិនបានបញ្ជាក់ឲ្យដឹងលម្អិតអំពីរបៀបវារៈនៃមហាសន្និបាតនោះទេ ដោយទំព័រហ្វេសប៊ុករបស់លោក បានឲ្យដឹងថា គ្រប់កិច្ចការទាំងក្នុងរដ្ឋាភិបាលនិងក្នុងគណបក្សគឺលោកនាយករដ្ឋមន្ត្រី តែងតែខិតខំរកដំណោះស្រាយល្អៗក្នុងការជួយដល់កូនក្មួយកម្មករកម្មការិនីឲ្យមានការងារធ្វើជាមួយនឹងអត្ថប្រយោជន៍និងល័ក្ខខ័ណ្ឌការងារល្អៗជាច្រើនដើម្បីជីវភាពរស់នៅរបស់កូនក្មួយកម្មករទាំងកំពុងធ្វើការនៅក្រៅប្រទេសនិងក្នុងប្រទេសកាន់តែមានជីវភាពធូរធារល្អប្រសើរ។
យោងតាមការផ្សព្វផ្សាយរបស់អង្គភាពព័ត៌មាន Freshnews ដែលស្និទ្ធនឹងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា បានរាយការណ៍ឲ្យដឹងថា មហាសន្និបាតបក្សនេះមានការចូលរួមពីថ្នាក់ដឹកនាំរដ្ឋាភិបាលនិងសមាជិក សមាជិកាជាង ២.០០០នាក់។
សេចក្តីរាយការណ៍របស់អង្គភាព Freshnews ដដែលបានសរសេរក្នុងន័យដើមថា៖
«ឆ្នាំ២០១៨ ជាឆ្នាំចុងក្រោយនៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា នីតិកាលទី៥នៃរដ្ឋសភា ហើយក៏ជាឆ្នាំដែលនឹងត្រូវរៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រអាណត្តិទី៦ផងដែរ ដូច្នេះមហាសន្និបាតរបស់គណបក្សប្រជាជនកម្ពុជារយៈពេល៣ថ្ងៃនេះ របៀបវារៈស្តីពីការរៀបចំខ្លួនឆ្ពោះទៅកាន់ការបោះឆ្នោត ត្រូវបានគេមើលឃើញជារបៀបវារៈដ៏សំខាន់ដែលនឹងត្រូវលើកយកមកពិភាក្សា»។
មហាសន្និបាតបក្សប្រជាជនកម្ពុជាដែលមានឈ្មោះដើមថា «បក្សប្រជាជនបដិវត្តន៍ខ្មែរ» បានធ្វើឡើងក្រោយមួយថ្ងៃនៃការចេញរបាយការណ៍របស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch (HRW) ដែលបានរិះគន់លើការបង្ក្រាបចុងក្រោយនានារបស់រដ្ឋាភិបាលលោក ហ៊ុន សែនទៅលើប្រព័ន្ធផ្សព្វផ្សាយគណបក្សប្រឆាំងនិងអ្នកការពារសិទ្ធិមនុស្ស។
យោងតាមរបាយការណ៍ពិភពលោកឆ្នាំ២០១៨ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សដែលមានកម្រាស់៦៤៣ទំព័រ បានលើកឡើងអំពីប្រទេសកម្ពុជា ដោយផ្តោតលើការបង្ក្រាបខាងនយោបាយយ៉ាងទូលំទូលាយនៅក្នុងឆ្នាំ ២០១៧ ដែលបានធ្វើឲ្យរលត់យ៉ាងមានប្រសិទ្ធភាពនៃប្រព័ន្ធប្រជាធិបតេយ្យដែលមិនមាំទាំរបស់ប្រទេស ដោយមិនខ្វល់ពីសិទ្ធិមូលដ្ឋានផ្សេងៗ។
របាយការណ៍នោះបានបញ្ជាក់ឲ្យដឹងថា រដ្ឋាភិបាលដែលត្រូវបានគ្របដណ្តប់ដោយគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជាងបីទសវត្សរ៍មក បានឃុំខ្លួនមេដឹកនាំគណបក្សប្រឆាំង ក្រោមបទចោទដែលមិនប្រាកដប្រជា រំលាយចោលគណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសនិងហាមឃាត់សមាជិកគណបក្សប្រឆាំងជាង ១០០នាក់ មិនឲ្យធ្វើសកម្មភាពនយោបាយ។ អាជ្ញាធរក៏បានបង្កើនការប្រើប្រាស់ខុសនូវប្រព័ន្ធច្បាប់ ដើម្បីកាត់ទោសក្រុមជំទាស់ខាងនយោបាយនិងសកម្មជនសិទ្ធិមនុស្ស ហើយបានបង្ខំប្រព័ន្ធផ្សព្វផ្សាយឯករាជ្យជាច្រើនឲ្យបិទទ្វារ។
របាយការណ៍ដដែលក៏បានឲ្យដឹងទៀតថា លោក ហ៊ុន សែន ដែលគ្រប់គ្រងកិច្ចការសន្តិសុខនិងតុលាការប្រទេសកម្ពុជា បានពង្រីកយុទ្ធនាការចាប់ខ្លួនគេឯងតាមតែអំពើចិត្តរបស់លោក និងការកាត់ទោសមិនពេញលេញតាមនីតិវិធីច្បាប់ប្រឆាំងនឹងសកម្មជន និងក្រុមជំទាស់ខាងនយោបាយ។ របាយការណ៍បានបន្តទៀតថា រយៈពេលពេញមួយឆ្នំា២០១៧នេះ អាជ្ញាធរបានគាបសង្កត់ការតវ៉ានិងដាក់បម្រាមលើការជួបជុំ និងការហែរក្បួន។ អង្គការក្រៅរដ្ឋាភិបាលជាច្រើនត្រូវបានគំរាមកំហែងជាមួយនឹងការបិទទ្វារ ឬត្រូវបានបិទ។ ហើយនៅដំណាច់ឆ្នាំ២០១៧ មានអ្នកទោសនយោបាយប្រមាណ២០នាក់ បន្តជាប់ក្នុងការឃុំឃាំង។
របាយការណ៍នោះបានសរសេរក្នុងន័យដើមថា៖
«សកម្មភាពរបស់លោក ហ៊ុន សែនប្រឆាំងនឹងក្រុមប្រឆាំងរបស់ប្រទេសកម្ពុជា ហាក់ដូចជាត្រូវបានធ្វើឡើងដោយការភ័យខ្លាចថា គណបក្សប្រជាជនកម្ពុជានឹងចាញ់ការបោះឆ្នោតជាតិដែលគ្រោងនឹងរៀបចំនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ ២០១៨។ គណបក្សប្រឆាំងបានទទួលបានការគាំទ្រយ៉ាងច្រើនតាមការបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ ២០១៣ និងការបោះឆ្នោតឃុំសង្កាត់ឆ្នាំ ២០១៧»។
លោក ប្រេដ អាដាមស៍ (Brad Adams) នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី ត្រូវបានដកស្រង់សម្តីក្នុងរបាយការណ៍ តាមន័យដើមថា៖
«កេរដំណែលនៃរដ្ឋាភិបាលប្រជាធិបតេយ្យចុងក្រោយនៅកម្ពុជា បានរសាត់បាត់ទៅនៅក្នុងឆ្នាំ ២០១៧»។
លោកបានថ្លែងបន្តថា៖
«លោក ហ៊ុន សែន បានបុកគ្រឹះការពារអំណាចរបស់លោកតាមរបៀបផ្តាច់ការរយៈពេល៣៣ឆ្នាំ ដោយមិនខ្វល់ពីសិទ្ធិមូលដ្ឋាននានារបស់ប្រជាជនកម្ពុជា»។
ក៏ប៉ុន្តែទំព័រហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី បានឲ្យដឹងបន្ថែមទៀតនៅថ្ងៃសុក្រនេះថា លោកនាយករដ្ឋមន្ត្រីហ៊ុន សែនគឺជា«មេដឹកនាំប្រកបដោយគតិបណ្ឌិត និងជាឪពុកដ៏ល្អប្រកបដោយព្រហ្មវិហារធម៌ឧត្តុង្គឧត្តមដែលតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះសុខទុក្ខពលរដ្ឋនិងសុខទុក្ខកូនក្មួយកម្មករគ្រប់ទីកន្លែងទូទាំងប្រទេសកម្ពុជា»។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងថា របាយការណ៍របស់អង្គការឃ្លំាមើលសិទ្ធិមនុស្សមិនបានស្តែងឲ្យឃើញពីទិដ្ឋភាពពិតនៃដំណើរការនយោបាយនៅកម្ពុជានោះឡើយ ហើយថា ការអធិប្បាយរបស់លោក ប្រេដ អាដាមស៍ ជារឿងភូតកុហក។
«ខ្ញុំយល់ថាលោក ប្រេដ អាដាមស៍ ហ្នឹង និយាយខុសការពិតទាំងស្រុង។ ការណ៍ដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយដោយតុលាការកំពូលនោះ ដោយសារមេដឹកនាំគណបក្សសង្គ្រោះជាតិ ក៏ដូចជាក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិ ប្រព្រឹត្តល្មើសច្បាប់ដោយខ្លួនឯងហើយដែលមានពិរុទ្ធភាព ធ្វើឲ្យតុលាការកំពូលមានហេតុផល ដើម្បីវិនិច្ឆ័យកាត់ទោសរំលាយ គណបក្សសង្គ្រោះជាតិ ដែលល្មើសច្បាប់ហ្នឹងឯង មិនមានអ្នកណាបង្កើតទោសឲ្យគាត់ទេ គឺគាត់បង្កើតទោសដោយខ្លួនឯង។ បើសិនណាគណបក្សសង្គ្រោះជាតិល្អត្រឹមត្រូវ គ្មានហេតុផលណា ដែលឲ្យតុលាការកំពូល រំលាយគាត់បានទេបាទ»។
ទោះបីជាលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទទួលការទិតៀនជាច្រើនពីអង្គការឃ្លាំមើលសិទ្ធិមនុស្សចំពោះការវាយបង្ក្រាបមិនរួញរាដៃរបស់លោកលើក្រុមអ្នកនយោបាយប្រឆាំង និងប្រព័ន្ធផ្សព្វផ្សាយ អ្នកនាំពាក្យគណបក្សគ្រប់គ្រងប្រទេស អះអាងថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នឹងនៅបន្តជាបេក្ខភាពសម្រាប់តំណែងជានាយករដ្ឋមន្ត្រីដដែល។
លោក សុខ ឥសាន មានប្រសាសន៍ថា៖
«មហាសន្និបាត តាំងពីលើកមុនៗមកម្ល៉េះ គឺថា នៅតែគាំទ្រ បេក្ខភាពសម្តេចតេជាហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៦ហ្នឹង ហើយនិងបន្តទៅអាណតិ្តក្រោយៗទៀតបាទ»។
អ្នកនាំពាក្យរូបនេះបានបញ្ជាក់ឲ្យដឹងទៀតថា របៀបវារៈសំខាន់ៗសម្រាប់មហាសន្និបាតរយៈពេល៣ថ្ងៃ រួមមាន ទីមួយឆ្លងរបាយការណ៍នយោបាយ ត្រួតពិនិត្យអំពីសភាពការណ៍ការងារក្នុងរយៈពេលកន្លងទៅ ទីពីរដាក់ទិសដៅភារៈកិច្ចនយោបាយឆ្ពោះទៅពេលខាងមុខ ដោយផ្តោតជាសំខាន់លើការយកជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទីបួន ហើយនិងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០១៨។
តែទោះជាយ៉ាងណាក្តី លោក ប្រេដ អាដាមស៍បានថ្លែងក្នុងរបាយការណ៍របស់លោក ដោយបានលើកឡើងពីតួនាទីរបស់ប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ក្នុងការស្តារឡើងវិញកិច្ចសន្យាសម្រាប់ការអនុវត្តលទិ្ធប្រជាធិបតេយ្យដែលត្រូវបានធ្វើឡើងកាលពីឆ្នាំ ១៩៩១។
ក្រៅពីការបង្រ្កាបជាបន្តបន្ទាប់ទៅលើក្រុមអ្នកនយោបាយប្រឆាំង រដ្ឋាភិបាលកម្ពុជារបស់លោក ហ៊ុន សែន ក៏បានធ្វើយុទ្ធនាការបិទការផ្សាយបន្តព័ត៌មានរបស់សំឡេងសហរដ្ឋអាមេរិក VOA និងវិទ្យុអាស៊ីសេរី ដែលបានបង្ខំចិត្តបិទការិយាល័យរបស់ខ្លួន ដោយបានផ្តល់ហេតុផលថា រដ្ឋាភិបាលមិនមានចេតនា ផ្តល់សេរីភាពដល់ខ្លួនក្នុងការធ្វើប្រតិបតិ្តការងាររបស់ខ្លួនដោយគ្មានការយាយីពីអាជ្ញាធរ។
ជាការឆ្លើយតបទៅនឹងការបង្ក្រាបនេះ សហគមន៍អន្តរជាតិ រួមមានសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានខ្នះខ្នែងដាក់ការគាបសង្កត់ខាងនយោបាយ សេដ្ឋកិច្ច និងការទូតដើម្បីជំរុញឲ្យរដ្ឋាភិបាលលោក ហ៊ុន សែន បកក្រោយមកស្តារដំណើរការប្រជាធិបតេយ្យឡើងវិញ។ រដ្ឋាភិបាលស៊ុយអែត ក៏បានប្រកាសកាត់ផ្តាច់ជំនួយសម្រាប់កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិនិងមិនបង្កើតកិច្ចព្រមព្រៀងសហប្រតិបត្តិការអភិវឌ្ឍន៍នានារវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលលើកលែងតែវិស័យអប់រំនិងការស្រាវជ្រាវ។
ក៏ប៉ុន្តែលោក ហ៊ុន សែន ដែលជាអតីតកម្មាភិបាលខ្មែរក្រហមមួយរូប ត្រូវគេសង្កេតឃើញថា មិនបានបង្ហាញសញ្ញាបន្ទន់ជំហររបស់លោកនោះឡើយ ហើយលោកថែមទាំងគំរាមចាត់វិធានការការទូតប្រឆាំងសហរដ្ឋអាមេរិក និងបានស្នើសហរដ្ឋអាមេរិកឲ្យបញ្ឈប់រាល់ជំនួយមកពលរដ្ឋកម្ពុជាថែមទៀតផង។ លោកក៏បានបបួលបណ្ដារដ្ឋបរទេសឱ្យដាក់ទណ្ឌកម្មលើរាល់មន្ត្រីខ្មែរណាដែលមានប្រាក់នៅក្រៅប្រទេសនិងបានលើកទឹកចិត្តដល់អតីតមន្ត្រីបក្សជំទាស់ឱ្យបង្កើតគណបក្សថ្មីមួយទៀត ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនេះ៕